38 C
Phnom Penh

លោក ស ខេង ថា​កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ខណៈ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា កម្ពុជា​ប្ដេជ្ញា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​បន្ត​ទៀត ខណៈ​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន។

លោក ស ខេង អះអាង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ប្រតិបត្តិការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ គឺ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។

លោក ស ខេង អះអាង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ ក៏​ជា​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​នូវ​អាវុធ​មហា​ប្រល័យ​ផង​ដែរ ហើយ​កិច្ចការ​ទាំងនេះ គឺ​ត្រូវ​ធ្វើ​ការ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​ទទួល​បាន​លទ្ធផល​ជា​បន្តបន្ទាប់ ទោះបីជា​ជួប​បញ្ហា​មួយ​ចំនួន​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​អាមេរិក បាន​ទម្លាក់​កម្ពុជា​មក​កម្រិត​៣ ក្រោយពី​កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​រហូត​មក។

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​២ (Tier 2 Watch List) ទៅ​កម្រិត​៣ ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​នូវ​ទណ្ឌកម្ម​ផង​ដែរ ហើយ​ការ​ទម្លាក់​កម្ពុជា​មក​កម្រិត​៣ នេះ គឺ​ធ្វើឡើង​ក្រោម​ហេតុផល​ថា កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ បាន​អះអាង​កាលពី​ថ្ងៃទី​៩ សីហា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ជាពិសេស​លើ​ស្ត្រី និង​កុមារ ដើម្បី​ការពារ​ជោគវាសនា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក៏ដូចជា​ជនបរទេស​ដែល​រស់នៅ​កម្ពុជា មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដោយ​អំពើ​ទាសភាព​សម័យ​ថ្មី​នេះ​ឡើយ។

សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា អ្នកកាសែត​ស៊ើបអង្កេត​របស់​អូស្ត្រាលី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប គឺ​អ្នកស្រី Mary Ann Jolley បាន​បង្ហាញ​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត​ដ៏​ធំ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ទៅ​នឹង​ប្រទេស​អូស្ត្រាលី ហើយ​បុគ្គល​ដែល​ត្រូវ​បាន​គេ​ជួញដូរ​នោះ​មាន​ចំនួន​រាប់​ពាន់​នាក់ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បោកប្រាស់​ទៅ​តាម​គោលដៅ​នានា​ជុំវិញ​ពិភពលោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ជុំវិញ​អំពើ​ជួញដូរ​មនុស្ស​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​ជា​វីដេអូ​រយៈពេល​ជាង ៤០​នាទី ដែល​មាន​ចំណងជើង​ថា «Forced to Scam: Cambodia’s Cyber Slaves»«ទាសករ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា» ដោយ​ក្នុង​វីដេអូ​នោះ​បាន​រៀបរាប់​យ៉ាង​ច្រើន​ពី​ការ​ស៊ើបអង្កេត​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទាសភាព​ដោយ​ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា និង​បណ្ដាញ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជា​ប្រព័ន្ធ។

សារព័ត៌មាន Aljazeera អះអាង​ថា ក្នុង​អំពើ​ទាំងនោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​អ្នកជំនួញ​ជនជាតិ​ចិន​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ឈ្មោះ តុង លីឆឹង (Dong Lecheng) ដែល​បាន​ភ្ជាប់​ខ្លួន​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា ដូចជា​លោក ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី អ្នកស្រី ម៉ែន សំអន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង និង​បុគ្គល​មាន​តួនាទី​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស