32.5 C
Phnom Penh

USAID ប្រកាស​ការ​គាំទ្រ​ថ្មី​មួយ​ដល់​វិស័យ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្រកាស​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ដើម្បី​គាំទ្រ​ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​ការ​ស៊ើបអង្កេត និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ខែ​សីហា នេះ​ឲ្យ​ដឹង​ថា គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ​នឹង​គ្រប់គ្រង​ដោយ​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ (International Justice Mission – IJM) គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា (Cambodia Counter Trafficking in Persons – CTIP) របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដែល​អនុវត្ត​ដោយ​អង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International)។

គម្រោង CTIP សហការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការពារ​ប្រជាជន​កម្ពុជា​ពី​អំពើ​ជួញដូរ​មនុស្ស។

លោក Benjamin Wohlauer ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា៖ «សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​អង្គការ IJM នឹង​ជួយ​សម្រាល​ការ​ឈឺចាប់​របស់​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស និង​យក​ជនល្មើស​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់»

លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​មាន​មោទកភាព​ក្នុង​ការ​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ហើយ​ថា​អង្គការ​ទាំង​ពីរ​នឹង​បំពេញ​បន្ថែម​លើ​គម្រោង​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​សេវា និង​ការ​ការពារ​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​មាន​ភាព​ប្រសើរ​ឡើង។

ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Benjamin Wohlauer បន្ត​ថា សហរដ្ឋ​អាមេរិក​នឹង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឃ្លាំមើល​សូចនាករ​នៃ​អំពើ​ជួញដូរ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​ពលករ​ឯកជន ក៏ដូចជា​កាត់ទោស​ឧក្រិដ្ឋជន ការពារ​ជនរងគ្រោះ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។

ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​បី ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម។

ការ​ទម្លាក់​កម្ពុជា​មក​កម្រិត​៣ នេះ ធ្វើឡើង​ក្រោម​ហេតុផល កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។

ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា កន្លងទៅ​សហរដ្ឋ​អាមេរិក​បាន​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស។ ចំណាត់ថ្នាក់​ដ៏​អាក្រក់​នេះ​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស។

របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ខែ​កក្កដា បាន​សង្ខេប​អំពី​ប្រតិបត្តិការ​ឆបោក​ដោយ​រៀបរាប់​លម្អិត​អំពី​ការ​រំលោភ​សិទ្ធិ​ការងារ និង​បញ្ហា​ជួញដូរ​មនុស្ស ដែល​កំពុង​កើតមាន​ឡើង​នៅ​កម្ពុជា ដូចជា​ការងារ​ដើម្បី​ដោះ​បំណុល​នៅ​ឡឥដ្ឋ ការ​ជួញដូរ​កូនស្រី​ដែល​កំពុង​មាន​ការ​កើនឡើង​នៅ​បរទេស និង​ការ​រំលោភ​បំពាន​ពលរដ្ឋ​ចំណាកស្រុក​ផង​ដែរ។

របាយការណ៍​នេះ​ក៏​បាន​លាតត្រដាង​ដែរ​ថា មាន​មន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា បាន​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក និង​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ការ​កាត់ទោស​ដោយ​អាជ្ញាធរ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ខុស​ច្បាប់ ខណៈ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏​បាន​ចោទប្រកាន់​នគរបាល និង​មន្ត្រី​ផ្សេង​ទៀត ថា​បាន​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត ដោយ​បង្ខំ​ឱ្យ​ប្រជាជន​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជនបរទេស​រាប់​រយ​នាក់​ធ្វើការ​នៅ​ក្នុង​វិស័យ​សេវា​បម្រើ​អតិថិជន​នៅ​ក្រុង​ព្រះសីហនុ និង​ទីតាំង​ផ្សេងៗ​ទៀត​ដែរ។

សហរដ្ឋ​អាមេរិក​ក៏​អំពាវនាវ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា ត្រូវ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត និង​ប្រឆាំង​មន្ត្រី​ដែល​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក​នេះ រួម​ទាំង​ឧក្រិដ្ឋកម្ម​ជួញដូរ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ។

កាលពី​ខែ​មេសា ឆ្នាំ​២០២២ សមត្ថកិច្ច​ថៃ បាន​សហការ​ជាមួយ​កម្ពុជា ដើម្បី​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ ជាង ៣​ពាន់​នាក់​ចេញពី​ប្រតិបត្តិការ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ជនជាតិ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ចិន ជាដើម ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ជា​បន្តបន្ទាប់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស