37 C
Phnom Penh

អាជ្ញាធរ​ដោះលែង​អ្នកកាសែត​វីអូឌី​និង​យុវជន​ខ្មែរ​ថាវរៈ​ក្រោយពី​ឃាត់​ខ្លួន​ពេល​ចុះ​ទៅ​បរិវេណ​ភ្នំ​តាម៉ៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សារព័ត៌មាន វីអូឌី (VOD) ៥​នាក់ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​តាកែវ ដោះលែង​វិញ​ក្រោយពី​អាជ្ញាធរ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​ធ្វើការ​សាកសួរ ខណៈ​ពួកគេ​ចុះ​ថត​រូប​នៅ​បរិវេណ​ភ្នំ​តាម៉ៅ និង​ចុះ​ទៅ​ប្រមូល​ស្នាម​មេដៃ​គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ។

អ្នក​សារព័ត៌មាន​វីអូឌី ចំនួន ៥​នាក់​ដែល​ចុះ​ទៅ​យក​ព័ត៌មាន និង​ថត​រូប​សកម្មភាព​ដាំ​ដើមឈើ​លើ​ទីតាំង​ដី​ភ្នំ​តាម៉ៅ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​សាកសួរ។ ចំណែក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់​ទៀត ក្នុង​នោះ​រួម​មាន​លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី កញ្ញា ឆែម ស្រីគា និង​លោក សុគន្ធ តុលា ក៏​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​សាកសួរ​ដែរ បន្ទាប់ពី​ពួកគេ​ចុះ​ទៅ​ប្រមូល​ស្នាម​មេដៃ និង​គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ នៅ​វេលា​ម៉ោង ២​រសៀល​ថ្ងៃទី​១៦ ខែ​សីហា។

ការ​ប្រមូល​ស្នាម​មេដៃ​នេះ ដើម្បី​ស្នើ​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ លោក ញិប ស្រ៊ន បកស្រាយ​អំពី​ព័ត៌មាន​ដែល​ថា​មាន​សកម្មភាព​ខួង​រណ្តៅ​ជម្រៅ​ជ្រៅ បោះ​បង្គោល​នៅ​ជុំវិញ​តំបន់​ភ្នំ​តាម៉ៅ ដោយ​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ដាំ​កូនឈើ និង​មិន​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​ក្នុង​បរិវេណ​នៃ​តំបន់​នោះ។

អ្នក​សារព័ត៌មាន​វីអូឌី ៥​នាក់ និង​យុវជន​ខ្មែរ​ថាវរៈ ៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ផង​ដែរ ប៉ុន្តែ​ក្រោយពី​សាកសួរ​រួច ពួកគេ​ទាំង ៩​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ​នៅ​ថ្ងៃ​ដដែល។

អ្នក​អត្ថាធិប្បាយ​តាម​ហ្វេសប៊ុក​មួយ​រូប​ដែល​គាំទ្រ​គ្រួសារ​ត្រកូល​ហ៊ុន ឈ្មោះ ផែង វណ្ណៈ បាន​ហៅ​អ្នក​សារព័ត៌មាន​វីអូឌី​ដែល​ចុះ​ធ្វើ​រឿង​ភ្នំ​តាម៉ៅ ថា​ជា​ពួក​ក្បត់​ជាតិ​ដែល​បម្រើ​នយោបាយ​បរទេស ប្រមាថ​ប្រទេស​ជាតិ​ខ្លួនឯង។ លោក​បន្ត​ថា រាជរដ្ឋាភិបាល​មាន​ផែនការ​ដាំ​ដើមឈើ​ឡើងវិញ ប៉ុន្តែ​ពួក​ស៊ី​ពែ​ភ្នំ​តាម៉ៅ ជាពិសេស​ពួក​ស៊ីឈ្នួល​បរទេស​ប្រមាថ​ប្រទេស​ជាតិ​ខ្លួនឯង​ចុះ​ទៅ​បង្កើត​ព័ត៌មាន​វាយប្រហារ​មក​លើ​ប្រទេស​កម្ពុជា​ដដែល​ជា​ដដែល។ លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​លត់​ដំ​ខ្លះ​ទៅ​ចំពោះ​ពួក​វីអូឌី​នេះ ដោយ​លោក​ចោទប្រកាន់​ថា​អ្នក​ធ្វើការ​នៅ​វីអូឌី​សុទ្ធតែ​ពួក​ក្បត់​ជាតិ ដែល​បម្រើ​នយោបាយ​បរទេស​ប្រមាថ​ប្រទេស​ជាតិ​ខ្លួនឯង។

កាលពី​ថ្ងៃទី​០៧ ខែ​សីហា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លុប​ចោល​ទាំងអស់​ចំពោះ​សកម្មភាព​ឈូស​ឆាយ និង​បញ្ជា​ឱ្យ​ដាំ​ដើមឈើ​ឡើងវិញ។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ ក្រោយពី​មាន​ប្រតិកម្ម​ពី​សកម្មជន និង​ពលរដ្ឋ​ខ្លាំង​ជុំវិញ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​ដី​ព្រៃភ្នំ​តាម៉ៅ។

ផ្ទៃដី​ព្រៃ​ភ្នំ​តាម៉ៅ ទំហំ​ជិត ៦០០​ហិកតារ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​ឈូស​ឆាយ និង​កាប់​បំផ្លាញ​កាលពី​ចុង​ខែ​កក្កដា ក្រោយពី​លោក ហ៊ុន សែន ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​លោក ឡេង ណាវ៉ាត្រា និង​លោក ឃុន សៀ ដើម្បី​ធ្វើការ​អភិវឌ្ឍ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស