បណ្ដាញសហគមន៍ព្រៃឡង់ខកចិត្តចំពោះសមត្ថកិច្ចជំនាញដែលមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែបើកដៃឲ្យក្រុមជនល្មើសចូលកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី អះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូននៅតែបន្តកើតមានទាំងយប់ទាំងថ្ងៃ។ លោកបន្តថា លោកហាក់គ្មានជំនឿទៅលើសមត្ថកិច្ចជំនាញរបស់ក្រសួងបរិស្ថាននោះទេ ពីព្រោះអាជ្ញាធរទាំងអស់នោះអាចទទួលបានផលប្រយោជន៍ពីជនល្មើស។
លោក ខេម សុឃី អំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឡង់ដែលជាព្រៃរបស់យើងទាំងអស់គ្នា ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងបានស្គាល់។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ចំនួន ២១នាក់ បានចុះល្បាតកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។ ពួកគេបានប្រទះកម្មករ និងមេការរបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ហៅក្រុមហ៊ុន ៩៧ សរុបចំនួន ២០នាក់ និងគោយន្តចំនួន ១០គ្រឿង បន្តចូលទៅអារ និងដឹកជញ្ជូនឈើក្នុងតំបន់ដែនអភិរក្សព្រៃឡង់នៅចំណុចប្រសព្វគ្នាបីខេត្ត មានខេត្តកំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ ដោយសេរីមិនញញើតមន្ត្រីបរិស្ថាននោះឡើយ។
ក្នុងរយៈពេលប្រាំថ្ងៃនេះ ពួកគេរកឃើញគោយន្តដឹកឈើដែលអារជាក្ដារជាង ១៥០ម៉ែត្រគូប និងឈើតាប់ចំនួន ៤២ដុំជាប្រភេទឈើសុក្រំ និងឈ្លីក ប្រវែងចាប់ពី ២ម៉ែត្រ ៥តឹកទៅ ៦ម៉ែត្រ ដែលមានមុខកាត់ចន្លោះពី ២ម៉ែត្រ ៥តឹកទៅ ៣ម៉ែត្រ ៥តឹក សរុបប្រមាណជាង ១០ម៉ែត្រគូប។ ពួកគេក៏បានរកឃើញក្រុមជនសង្ស័យចូលទៅសម្ងំអារឈើក្នុងតំបន់ព្រៃឡង់ចំនួន ៥កន្លែង និងរកឃើញគល់ឈើចំនួន ៦០គល់ (ថ្មី) ប្រភេទដើមឈើទាល (ដើមជ័រទឹក) ពពេល ផ្ដៀក គគីរ ជាដើម ដែលមានមុខកាត់ចន្លោះពី ៤តឹកទៅ ១ម៉ែត្រ ដែលក្រុមជនល្មើសចូលទៅលួចកាត់ត្រង់ចំណុចអូរអាចម៍ដែក ជាំប្រទាល នៅក្នុងតំបន់ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រឃុំរៀបរយ ស្រុករវៀង និងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ផ្អែកតាមការសាកសួរក្រុមជនល្មើសដែលស៊ីឈ្នួលទាំងនោះ មានមួយចំនួនមកពីខេត្តកំពត មួយចំនួនមកពីខេត្តសៀមរាប និងមួយចំនួនទៀតអ្នកនៅខេត្តព្រះវិហារ តែម្ដង។
ក្រុមកម្មករដែលចូលទៅអារឈើក្នុងតំបន់ព្រៃឡង់ទាំងនោះមានមេការក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ទី១ ឈ្មោះ ជៀម ធីន ទី២ ឈ្មោះ ទុយ ស៊ីសុភុន និងទី៣ ឈ្មោះ សោម ហ៊ាង។ ពួកគេបានប្រើប្រាស់ម៉ូតូ និងវិទ្យុទាក់ទងដើម្បីរត់ការ មើល និងសម្រួលផ្លូវដល់ការដឹកឈើជាបណ្ដាក់ៗចេញពីតំបន់ព្រៃឡង់ ចូលទៅក្នុងដេប៉ូធំរបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ហៅក្រុមហ៊ុន ៩៧ ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

ទាក់ទិននឹងករណីនេះ សកម្មជនព្រៃឈើ លោក ហេង ស្រស់ បានលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចទាំងអស់នៅជុំវិញតំបន់ព្រៃឡង់សុទ្ធតែជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងទទួលបានសំណូកពីជនល្មើសទាំងអស់នោះ។ ដូច្នេះ ទើបគ្មានការបង្ក្រាប និងដាក់ទោសពៃរ៍ពួកអ្នកកាប់បំផ្លាញព្រៃឈើ។
លោកអះអាងថា អ្នកកាប់ឈើ និងដឹកជញ្ជូនឈើទាំងនោះ តែងតែនិយាយទាំងទឹកមុខញញឹមថា ពួកគេមិនខ្លាចឡើយមន្ត្រីបរិស្ថាន ព្រោះពួកគេបានបង់លុយរួចអស់ហើយ មុនចូលមកកាប់នៅក្នុងតំបន់ព្រៃឡង់នេះ។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ បុរសខ្លាំងលោក ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតារ ស្ថិតក្នុងខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ប៉ុន្តែដែនជម្រកសត្វព្រៃនេះកំពុងរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិអភិវឌ្ឍលើដីសម្បទានពីរដ្ឋាភិបាលកម្ពុជា នៅក្បែរតំបន់អភិរក្សទាំងនោះសព្វថ្ងៃនេះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា អះអាងថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ ប៉ុន្តែបទល្មើសខ្នាតតូចនៅតែបន្តកើតមានដដែល។ ដូច្នេះ មន្ត្រីពាក់ព័ន្ធត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានដាច់ខាតក្នុងខេត្តនេះ។

ទោះជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលព្រៃឈើពិភពលោក (Amnesty International) បានចេញរបាយការណ៍របស់ខ្លួនកាលពីអំឡុងឆ្នាំ២០២១ ស្ដីពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាថា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់របស់ខ្លួនសព្វថ្ងៃនេះ គឺបង្កឡើងដោយក្រុមហ៊ុនមួយចំនួនដែលរកស៊ីកាប់ឈើខុសច្បាប់សព្វថ្ងៃនេះ មានដូចជាក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និងក្រុមហ៊ុន Thy Ngan Development ជាដើម។
ទិន្នន័យមួយដែលបានបង្ហាញពីផ្កាយរណបដែលចេញផ្សាយដោយអង្គការនិន្នាការព្រៃឈើ (Forest Trends) កាលពីឆ្នាំ២០២១ បានលាតត្រដាងថា ដែនជម្រកសត្វព្រៃព្រៃឡង់មានការកាប់ឈើដ៏អាក្រក់បំផុតក្នុងចំណោមតំបន់ការពារផ្សេងទៀត ដោយបានបាត់បង់គម្របព្រៃឈើជិត ១ម៉ឺនហិកតារ (៩១១៩ហិកតារ) ក្នុងឆ្នាំ២០២០ ដែលកើនឡើងប្រមាណជា ២១% បើធៀបនឹងឆ្នាំ២០១៩។
របាយការណ៍របស់អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដែលបានស្រាវជ្រាវអំពីព្រៃឡង់នៅប្រទេសកម្ពុជា បានចេញផ្សាយនៅដើមឆ្នាំ២០២០ បានឱ្យដឹងថា ព្រៃឡង់នៅកម្ពុជានៅតែបន្តបាត់បង់គួរឱ្យព្រួយបារម្ភ ហើយការកាប់បំផ្លាញមានការកើនឡើងជាង ៧០% ក្នុងឆ្នាំ២០១៩ បើធៀបនឹងឆ្នាំមុនៗ។
របាយការណ៍នេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់ប្រមាណ ៤៧.៤០០ហិកតារ៕