31 C
Phnom Penh

អ្នក​រាយការណ៍​ពិសេស UN លើកឡើង​អំពី​សំណុំរឿង​របស់​លោក កឹម សុខា ដែល​អូស​បន្លាយ​ដោយ​តុលាការ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បាន​លើកឡើង​អំពី​សំណុំរឿង​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​កន្លងមក​នេះ។

មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ សីហា នេះ​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន បាន​មក​ជួប​លោក​ដល់​គេហដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​ព្រឹក​ក្នុង​ថ្ងៃ​ដដែល​នោះ។

លោក កឹម សុខា បញ្ជាក់​ថា ក្នុង​ជំនួប​ជាមួយ​លោក វីទិត ម៉ុនតាប៊ន លោក​បាន​ពិភាក្សា​យ៉ាង​ច្រើន​អំពី​ដំណើរការ​នៃ​សវនាការ​របស់​លោក​ដែល​តុលាការ​កម្ពុជា អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក។

កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ លោក វីទិត ម៉ុនតាប៊ន បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​ខ្លួន​នៅ​កម្ពុជា ក្នុង​នោះ​លោក​ក៏​បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​រង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពី​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ពេលនេះ។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​ហើយ តុលាការ​កម្ពុជា​បាន​អូស​បន្លាយ​សំណុំរឿង​របស់​លោក ខណៈ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ គឺជា​សវនាការ​លើក​ទី​៥២ ហើយ ប៉ុន្តែ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅតែ​មិន​ទាន់​ប្រកាស​ពី​ពេលវេលា​ជាក់លាក់​ដើម្បី​បញ្ចប់​សំណុំរឿង​នេះ​នៅឡើយ​ទេ។

ក្រៅពី​អូស​បន្លាយ​សវនាការ​គ្មាន​ដែន​កំណត់​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ តុលាការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​បាន​ចេញ​បម្រាម​មួយ​ចំនួន ដើម្បី​ហាមឃាត់​លោក កឹម សុខា ថែម​ទៀត រួម​មាន​ហាម​ចាកចេញ​ពី​ប្រទេស​កម្ពុជា ត្រូវ​រង់ចាំ​ការ​កោះហៅ​របស់​តុលាការ​គ្រប់​ពេល និង​ហាម​មិន​ឱ្យ​និយាយ ឬ​ធ្វើ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ផង​ដែរ។

បើ​ទោះបីជា​បែប​នេះ​ក្តី ចាប់ពី​ដើម​ខែ​សីហា ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មក សហគមន៍​អន្តរជាតិ​ដែល​ជា​មិត្ត​របស់​កម្ពុជា បាន​នាំគ្នា​មក​ជួប​លោក កឹម សុខា ជា​បន្តបន្ទាប់ ដូចជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី Penny Wong ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក KANO Takehiro អនុប្រធាន​សហភាព​អឺរ៉ុប លោក Josep Borrell Fontelles និង​មន្ត្រី​ទូត​នៃ​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន​ទៀត។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ដែល​តំណាង​ឱ្យ​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់ សុទ្ធតែ​នាំគ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​ឱ្យ​លោក​អាច​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ឡើងវិញ ជាពិសេស​គឺ​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ក្នុង​នោះ កម្ពុជា​នឹង​ទទួល​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ផង​ដែរ​តាមរយៈ​នៃ​ការ​បើក​លំហ​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ។

កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​សម្ដែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ក្តី​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​មាន​ហេតុផល​នយោបាយ ហើយ​នៅតែ​គ្មាន​ដំណោះស្រាយ​រហូត​ដល់​ពេលនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស