31.8 C
Phnom Penh

កម្ពុជា​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន​ខណៈ​មូលដ្ឋាន​ទ័ព​រាម​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​អំពី​វត្តមាន​ទ័ព​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កងទ័ព​កម្ពុជា និង​កងទ័ព​ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​ជាង​មុន​នា​ពេល​ខាង​មុខ​នេះ ហើយ​កម្ពុជា​នឹង​នៅតែ​បន្ត​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ទៅ​មុខ​ជានិច្ច ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​លើ​កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ ថា សម្រាប់​បញ្ហា​មូលដ្ឋាន​សមុទ្រ​រាម មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​លើកឡើង និង​បាន​ចោទប្រកាន់​កម្ពុជា​ថា​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ចិន​ប្រើប្រាស់​ជា​រឿយៗ​នោះ ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​កិច្ចការ​របស់​ខ្លួន​ទៅ​មុខ​ជានិច្ច។

លោក ទៀ បាញ់ អះអាង​ថា ដើម្បី​រៀបចំ​ខឿន​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន កម្ពុជា​ត្រូវតែ​ធ្វើ និង​ត្រូវតែ​បំពេញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ ហើយ​ការ​រិះគន់ ការ​វាយប្រហារ និង​ការ​វិភាគ​នានា​ថា​កម្ពុជា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចិន គឺជា​ការ​លើកឡើង​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​នោះ​ឡើយ​លើ​បញ្ហា​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ភារកិច្ច​របស់​កម្ពុជា​ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន គឺ​នឹង​ធ្វើ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ បំពេញ​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​បំពេញ មិន​ថា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​មិត្ត​ណា​មួយ​នោះ​ទេ ហើយ​កម្ពុជា​ក៏​មិន​បាន​ផ្គើន​ទៅ​កាន់​អ្នក​ណា ឬ​ក៏​ធ្វើ​ឱ្យ​អ្នក​ណា​អាក់អន់​ស្រពន់​ចិត្ត​នោះ​ដែរ។

កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក ទៀ បាញ់ និង​គណៈប្រតិភូ​នៃ​ក្រសួង​ការពារ​ជាតិ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កុម្មុយនីស្ត​ចិន ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​អំពី​ការ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​ជាមួយ​អនុប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​នៃ​ប្រទេស​ចិន គឺ​លោក ស្ស៊ី ឈីលាំង។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង​លើ​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ទៀ បាញ់ នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​ចំនួន​ពីរ គឺ​កិច្ច​សហប្រតិបត្តិការ​យោធា និង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​យោធា​ក្នុង​ការ​ពង្រឹង​សមាសភាព លើក​កម្ពស់​ស្មារតី​របស់​កងទ័ព ទាំង​យុទ្ធសាស្ត្រ​ទន់ និង​យុទ្ធសាស្ត្រ​រឹង ដែល​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​យោធា​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ សីហា នេះ​ថា លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ បាញ់ ទៅ​កាន់​ប្រទេស​ចិន បង្ហាញ​ថា នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អព្យាក្រឹត​ដូច​ការ​អះអាង​របស់​មេ​ដឹកនាំ​បក្ស​កាន់​អំណាច ដែល​បាន​អះអាង​ចំពោះ​សហរដ្ឋ​អាមេរិក​នា​ពេល​កន្លងមក​នោះ​ឡើយ។

លោក គឹម សុខ លើកឡើង​ថា ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កងទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​កងទ័ព​ចិន​ឱ្យ​កាន់តែ​ធំ​នៅ​ពេលនេះ គឺជា​សញ្ញា​រុញ​ឱ្យ​បស្ចិម​ប្រទេស​ត្រូវតែ​មាន​វិធានការ​លើ​អំណាច​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​កាន់តែ​ធ្ងន់​បន្ថែម​ទៀត គ្រាន់តែ​ថា​ធំ​កម្រិត​ណា គឺ​ត្រូវ​រង់ចាំ​មើល​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​ជាក់ស្តែង​នៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ បស្ចិម​ប្រទេស​កាន់តែ​លែង​ទុកចិត្ត​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ទៀត​ហើយ ដោយសារតែ​ពួកគេ​អាច​មិន​ត្រឹមតែ​លួច​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កងទ័ព​របស់​បក្ស​ប្រជាជន​កម្ពុជា​ជាមួយ​កងទ័ព​បក្ស​កុម្មុយនីស្ត​ចិន​នោះ​ទេ ថែម​ទាំង​រក្សា​ភាព​សម្ងាត់​ដ៏​ស៊ីជម្រៅ​ជាមួយ​កងទ័ព​វៀតណាម​ថែម​ទៀត។

លោក​បន្ត​ថា កងទ័ព​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រួតត្រា​ផ្តាច់​មុខ​ដោយ​គ្រួសារ ហ៊ុន ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ពិសេស​ជាមួយ​មេ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងឡាំង ផង​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា នៅ​ពេលនេះ លោក ហ៊ុន សែន ក៏​កំពុង​ព្យាយាម​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ដទៃ​ទៀត​ដែរ ដូចជា​ប្រទេស​គុយបា ជាដើម ដែល​គាត់​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ពេល​ខាង​មុខ​នេះ ក្នុង​គោលបំណង​ដើម្បី​សិក្សា​ពី​វិធី​គ្រប់គ្រង​អំណាច​តាម​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។

កាលពី​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ពេញ​ទំហឹង​ឱ្យ​ធ្វើ​ជា​អ្នក​បន្ត​វេន​របស់​កម្ពុជា ដោយ​ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​វេន​ដែល​មាន​ភាព​ចាស់ទុំ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស