27 C
Phnom Penh

សកម្មជន​រិះគន់​ថា​ការ​ផ្តល់​តួនាទី​ដល់​ក្រុម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​គ្មាន​តម្លៃ​សម្រាប់​ជាតិ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​នយោបាយ​ខ្លះ​និយាយ​ថា ការ​ផ្តល់​តួនាទី​ទៅ​ដល់​ក្រុម​អតីត​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​មិនមែន​ចូល​ប្រឡូក​ក្នុង​ទីលាន​នយោបាយ​ដើម្បី​រក​ផលប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ គឺ​ពួកគេ​កំពុង​ស្វែងរក​ផល​ប្រយោជន៍​ឱ្យ​ខ្លួនឯង​តែប៉ុណ្ណោះ។

លោក ហ៊ុន កុសល ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ការ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​រឿង​របស់​បុគ្គល​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​នឹង​មិន​ប៉ះពាល់​អ្វី​ដល់​ស្មារតី​តស៊ូ និង​ភក្តី​ភាព​របស់​ប្រជាជន​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់ប្ដូរ​នោះ​ទេ។ ផ្ទុយទៅវិញ ទង្វើ​បែប​នេះ​គ្រាន់តែ​ជា​ការ​បង្ក​នូវ​ភាព​អាម៉ាស់​ដល់​ខ្លួនឯង​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​ការ​ថ្កោលទោស​ជុំ​ទិស​ពី​ពលរដ្ឋ​ប៉ុណ្ណោះ។

លោក ហ៊ុន កុសល លើកឡើង​ថា បញ្ហា​ធំ​បំផុត​សម្រាប់​កម្ពុជា គឺ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​របស់​ពលរដ្ឋ ដែល​ត្រូវ​បាន​ជន​ផ្ដាច់ការ​គាប​សង្កត់​មិន​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ដូច្នេះ បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ពុំ​គួរ​ចូលរួម​បង្កើត​ភាព​អយុត្តិធម៌​ជាមួយ​ពួកគេ ដើម្បី​ធ្វើ​រឿង​ក្លែង​បន្លំ​បោកប្រាស់​ពលរដ្ឋ​ដែល​ស្មោះត្រង់​នឹង​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ចំនួន ៦​រូប រួម​មាន​លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន និង​លោក តាន់ ទីន ជាដើម ជា​ទីប្រឹក្សា​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​មាន​ឋានៈ​ស្មើ​នឹង​អនុរដ្ឋលេខាធិការ​ខ្លះ និង​មាន​ឋានៈ​ស្មើ​អគ្គនាយក​ខ្លះ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​អ្នក​ទាំងនោះ​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​កាលពី​ពេល​កន្លងទៅ។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា លោក ខឺយ ស៊ីនឿន លោក កង គឹមហាក់ និង​មន្ត្រី​ជាន់ខ្ពស់ ៦​នាក់​ផ្សេង​ទៀត បាន​ចេញ​លិខិត​ប្រកាស​រំលាយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដោយ​មិន​បាន​ឆ្លងកាត់​សមាជ​របស់​គណបក្ស​នោះ​ឡើយ។

ក្នុង​លិខិត​ដដែល​នោះ បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ប្រទេស​ដ៏​ត្រឹមត្រូវ​របស់​បក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ដូច្នេះ​ក្រុម​របស់​លោក​ពុំ​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​នៅ​ធ្វើ​ជា​អ្នក​ប្រឆាំង​ទៀត​ឡើយ។ ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​ប្រកាស​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ របស់​បក្ស​កាន់​អំណាច​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អតីត​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា ធ្លាប់​បាន​អះអាង​ថា លោក​នឹង​ដឹកនាំ​គណបក្ស​នេះ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​ដឹកនាំ​តាម​របៀប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ខុស​ពី​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន។

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០២០ ក្រោម​ការ​ផ្ដួចផ្ដើម​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក ជីវ កត្តា លោក ខឺយ ស៊ីនឿន និង​លោក កង គឹមហាក់ ជាដើម បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ប្រកាស​រំលាយ​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស