27 C
Phnom Penh

ក្រុម​អ្នក​រិះគន់​ថា​កម្មវិធី​ប្រឡង​បវរកញ្ញា​មាន​រូប​ល្បែង​ស៊ីសង​កំពុង​លើក​ទឹកចិត្ត​ឲ្យ​មាន​អំពើ​អបាយមុខ​នៅ​ក្នុង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មវិធី​ប្រឡង​បវរកញ្ញា ឬ Miss Grand Cambodia ២០២២ បាន​បង្ហាញ​សកម្មភាព​ដើរ​បង្ហាញ​សន្លឹក​បៀរ និង​គ្រាប់​អាប៉ោង​របស់​បវរកញ្ញា​ខ្មែរ​ពីរ​រូប​ក្នុង​ឈុត​សម្លៀកបំពាក់​បុគ្គលិក​បម្រើការ​នៅ​ក្នុង​បនល្បែង​កាស៊ីណូ ត្រូវ​រង​នូវ​ការ​រិះគន់​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លើ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា Miss Grand Cambodia បាន​បង្ហោះ​វីដេអូ​កម្មវិធី​ប្រកួត​ប្រជែង​ដែល​មាន​បេក្ខនារី ៣៥​រូប​មកពី​បណ្តា​ខេត្ត ក្រុង និង​សហគមន៍​ជនជាតិ​ខ្មែរ​នៅ​បរទេស កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ នេះ ដោយ​បង្ហាញ​ពី​ឈុត​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ តំបន់ សិល្បៈ សាសនា រឿងព្រេង​និទាន ប្រលោមលោក បទ​ចម្រៀង ជំនឿ រុក្ខជាតិ ក៏ដូចជា​តំបន់​ទេសចរណ៍​ផ្សេងៗ​ផង​ដែរ។

កម្មវិធី​នេះ​មិន​ត្រឹមតែ​បង្ហាញ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ទេ ប៉ុន្តែ​បវរកញ្ញា​ដែល​មកពី​ក្រុង​ប៉ោយប៉ែត បាន​លើក​បង្ហាញ​ពី​សន្លឹក​បៀរ និង​បវរកញ្ញា​ដែល​មកពី​ក្រុង​បាវិត បាន​លើក​បង្ហាញ​ពី​គ្រាប់​អាប៉ោង ដែល​ស្ថិត​ក្នុង​ឈុត​សម្លៀកបំពាក់​ឈុត​ជា​នារី​បុគ្គលិក​បម្រើការ​នៅ​ក្នុង​បនល្បែង​កាស៊ីណូ។

ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​បវរកញ្ញា​ពីរ​រូប​បាន​លើក​បង្ហាញ​ពី​សន្លឹក​បៀរ និង​លើក​បង្ហាញ​ពី​គ្រាប់​អាប៉ោង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សម្លៀកបំពាក់​បវរកញ្ញា​ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៥ សីហា នេះ ដោយ​លើក​ជា​សំណួរ​ថា តើ​អច្ឆរិយ​បេតិកភណ្ឌ​ជាតិ​ប្រាសាទ​អង្គរ​ខ្មែរ​បាន​ក្លាយ​ជា​ជម្រក​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​អបាយមុខ​ហើយ​មែន​ទេ​សព្វថ្ងៃ​នេះ? លោក​បន្ថែម​ថា ល្បែង​បៀរ អាប៉ោង ដែល​ជា​អំពើ​អបាយមុខ ត្រូវ​គេ​ហាមប្រាម​នៅ​តាម​ស្រុក​ភូមិ​ទាំងអស់ ព្រោះ​វា​ជា​ល្បែង​ស៊ីសង​ខុស​ច្បាប់ ដូច្នេះ​មិន​គួរ​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បែប​នេះ​ទេ។

លោក​លើកឡើង​ថា ល្បែង​ស៊ីសង​មិន​ដែល​ផ្តល់​ក្តី​សុខ​ឲ្យ​ជាតិ​ខ្មែរ​នោះ​ឡើយ។ ល្បែង​ទាំងនេះ​ជា​ល្បែង​ខុស​ច្បាប់ ហើយ​ក៏​ជា​ប្រភព​នាំ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ចាប់​ជំរិត លួច​ប្លន់ និង​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម បង្កើត​ក្រុម​បងធំ​ដូច​ក្រុង​កំពង់សោម ជាដើម។

លោក​បន្ត​ថា ការ​បង្ហាញ​រូបភាព​បែប​នេះ​ទាក់ទាញ​បាន​តែ​ភ្ញៀវ​បរទេស​ដែល​រកស៊ី​ខុស​ច្បាប់​ប៉ុណ្ណោះ ដែល​ពួកគេ​នឹង​ចូល​ទៅ​ប្រទេស​កម្ពុជា ខណៈ​ភ្ញៀវ​បរទេស​ដែល​ប្រកប​មុខរបរ​សុចរិត​ត្រឹមត្រូវ​ស្រប​ច្បាប់ នឹង​មិន​ហ៊ាន​ចូល​ទៅ​រកស៊ី​នៅ​ស្រុក​ខ្មែរ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មិន​ខ្វះ​ទេ​កេរដំណែល​របស់​ខ្មែរ​ដែល​អាច​យក​មក​បង្ហាញ ដើម្បី​លើក​តម្កើង​មុខមាត់​ប្រទេស​ជាតិ ដូចជា​ការ​បង្ហាញ​ពី​សម្លៀកបំពាក់​ខ្មែរ​ក្នុង​សម័យកាល​អង្គរ របាំ​ព្រះរាជទ្រព្យ តំបន់​ទេសចរណ៍ ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ និង​ឧបករណ៍​ភ្លេង​ខ្មែរ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក និង Youtube របស់ Miss Grand Cambodia ក្រៅ​ពី​ផ្សព្វផ្សាយ​ការ​បង្ហាញ​រូបភាព​ល្បែង​ស៊ីសង​នេះ មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​លើ​រូបភាព​បវរកញ្ញា​ទាំង​ពីរ ដោយ​ការ​រិះគន់​ធ្ងន់ៗ​ថា គឺជា​ការ​ជាន់​ពន្លិច​វប្បធម៌​ជាតិ និង​ជា​ការ​សាបព្រោះ​អំពើ​ល្បែង​ស៊ីសង​នៅ​ក្នុង​សង្គម​ខ្មែរ​ប៉ុណ្ណោះ។

ចំណែក​អ្នក​ខ្លះ​ទៀត​សម្ដែង​នូវ​ការ​ហួសចិត្ត​ថា មិន​គួរ​ដាក់​ផ្ទាំង​ប្រាសាទ​អង្គរ​នៅ​ពីក្រោយ​វត្តមាន​បវរកញ្ញា​ដែល​បង្ហាញ​និមិត្ត​សញ្ញា​ល្បែង​ស៊ីសង​បែប​នេះ​ទេ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​ជាន់​ឈ្លី​និមិត្តសញ្ញា​របស់​ជាតិ​ខ្មែរ​ទៅវិញ ដែល​ធ្វើ​ឱ្យ​បរទេស​គិត​ថា កម្ពុជា​ជា​ប្រទេស​ដែល​ជា​ប្រភព​ល្បែង​ស៊ីសង​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស