28 C
Phnom Penh

ជំនន់​ទឹកភ្លៀង​វាយលុក​ប៉ាគីស្ថាន ស្លាប់​មនុស្ស​ជាង​១​ពាន់​នាក់ រុញ​ឱ្យ​ប្រទេស​នេះ​សុំ​ជំនួយ​ជាបន្ទាន់​ពី IMF

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ពិភពលោក​មិនទាន់​ដោះ​ខ្លួន​បាន​ផង​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូវីដ-១៩ ដែល​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ចិន ឥឡូវ​នេះ ពិភពលោក​ជួប​គ្រោះអាសន្ន​មួយ​ទៀត គឺ​ភាព​រាំងស្ងួត ការ​ឡើង​កម្ដៅ​ផែនដី និង​គ្រោះ​ទឹកជំនន់។

បណ្ដា​ប្រទេស​នៅ​អឺរ៉ុប បាន​ជួប​ប្រទះ​នូវ​ភាព​រាំងស្ងួត​ដ៏​អាក្រក់។ តំបន់​ភាគ​និរតី​នៃ​ប្រទេស​ចិន ដែល​បាន​ទទួល​រង​នូវ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក្នុង​ខែ​សីហា នេះ តែ​ឥឡូវ​តំបន់​នោះ​ប្រកាស​អាសន្ន​ព្រោះ​តែ​រងគ្រោះ​ទឹកជំនន់​ចំ​ពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែ​សីហា ថា ខណៈ​នេះ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​តំបន់​ដែល​ជា​មជ្ឈមណ្ឌល​ផលិត​កប្បាស​ដ៏​សំខាន់​របស់​ប្រទេស​ចិន គឺ​ទីក្រុង Chongqing និង​តំបន់​ខេត្ត Sichuan ដែល​កន្លងមក​ទើប​តែ​ទទួល​រង​អាកាសធាតុ​ក្តៅ​ខ្លាំង។ ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ។

បើ​តាម​ការ​ព្យាករ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។ រដ្ឋាភិបាល​ចាប់ផ្តើម​ចំណាត់ការ​ដើម្បី​ទប់ស្កាត់​គ្រោះ​ទឹកជំនន់​នៅ​តំបន់​ពីរ​នេះ។ តែ​យ៉ាងណា ពុំ​មាន​ការ​បញ្ជាក់​ពី​ការ​បាត់បង់​ជីវិត​មនុស្ស​នៅឡើយ​នោះ​ទេ។

ទោះជា​បែបនេះ​ក្តី ពិភពលោក​ក៏​កំពុងតែ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ជំនន់​ទឹកភ្លៀង​វាយលុក​ខ្លាំងក្លា​នៅ​ប្រទេស​ប៉ាគីស្ថាន ដែល​ទឹកភ្លៀង​ធ្លាក់​ពី​លើ​ភ្នំ ហើយ​ទឹក​ស្ទឹង​ទន្លេ​ឡើង​ហួស​ការ​ប្រកាស​អាសន្ន។ គ្រោះ​ទឹកជំនន់​នេះ​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​ប្រទេស​ប៉ាគីស្ថាន ដែល​ប៉ះពាល់​មនុស្ស​ជាង ៣០​លាន​នាក់ និង​បាន​សម្លាប់​មនុស្ស​ជាង ១​ពាន់​នាក់​ហើយ​នៅ​ពេល​នេះ។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ឧតុនិយម ទឹកជំនន់​នៅ​តាម​ដង​ទន្លេ​នឹង​ជន់​ឡើង​បន្ថែម​ទៀត​ជាមួយ​ចរន្ត​ទឹក​ហូរ​កួច​ត្របាញ់ ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​នៅ​តំបន់​ភ្នំ។

ទឹកទន្លេ Indus ដែល​ហូរ​កាត់​ប្រទេស​ប៉ាគីស្ថាន ពី​ជើង​ទៅ​ត្បូង បាន​ជន់​ឡើង​ខ្លាំង​ជាច្រើន​ថ្ងៃ​មក​ហើយ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក ព្រមទាំង​ការ​រលាយ​ទឹកកក​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ ដោយសារតែ​សីតុណ្ហភាព​ក្តៅ​ខ្លាំង។ ក្រុង Sukkur ស្ថិត​ក្នុង​ខេត្ត Sindh នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ប៉ាគីស្ថាន គឺជា​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​គ្រោះ​ទឹកជំនន់​នេះ។ ខណៈ​កម្លាំង​ទឹក​ហូរ​យ៉ាង​គំហុក អាជ្ញាធរ​បាន​បើក​ទ្វារ​ទំនប់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ទំនប់​បាក់​ស្រុត។

អាជ្ញាធរ​ខេត្ត Sindh និយាយ​ថា ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត ទឹកទន្លេ​នឹង​ឡើង​កម្ពស់​បន្ថែម​ទៀត ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះសម្បែង​ភូមិឋាន​របស់​ពលរដ្ឋ​ជាច្រើន​លាន​នាក់។ អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​ប្រទេស​ប៉ាគីស្ថាន ឲ្យ​ដឹង​ថា មនុស្ស​ស្លាប់​ចំនួន ១០៣៣​នាក់ ដោយ​ទឹក​ជន់​ហូរ​ខ្លាំង​គួច​យក​ទៅ​ជាមួយ។

យោង​តាម​អាជ្ញាធរ​ប៉ាគីស្ថាន គ្រោះ​ទឹកជំនន់​លើក​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ឆ្នាំ​២០១០ ដែល​កាលនោះ ១​ភាគ​៥ នៃ​ផ្ទៃដី​ប៉ាគីស្ថាន​ទាំងមូល ត្រូវ​ទឹក​ជន់​លិច ហើយ​មនុស្ស​យ៉ាងហោចណាស់ ២០០០​នាក់​បាន​ស្លាប់។

ក្នុង​ស្ថានភាព​គ្រោះ​ធម្មជាតិ​ដ៏​អាសន្ន​នេះ រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន បាន​ថ្លែង​ថា ប្រទេស​របស់​លោក​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​ទឹកជំនន់។ លោក​រដ្ឋមន្ត្រី​សង្ឃឹម​ថា ស្ថាប័ន​ហិរញ្ញវត្ថុ ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) សូម​ជួយ​ផ្នែក​សេដ្ឋកិច្ច​ដល់​ប៉ាគីស្ថាន ជាបន្ទាន់។

លោក Bilawal Bhutto-Zardari រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា លោក​មិន​ដែល​បាន​ឃើញ​ការ​បំផ្លិចបំផ្លាញ​របស់​ធម្មជាតិ​ធំ​បែប​នេះ​ទេ ហើយ​ពិត​ជា​ពិបាក​នឹង​រក​ពាក្យ​មក​បរិយាយ​ខ្លាំង​ណាស់ គឺ​វា​មាន​ភាព​ធ្ងន់ធ្ងរ​លើសលប់។

លោក​បន្ថែម​ថា ដំណាំ​រាប់​លាន​ហិកតារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ភាគច្រើន ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​វា​បាន​ជះ​ឥទ្ធិពល​ដល់​ស្ថានភាព​សេដ្ឋកិច្ច​ប៉ាគីស្ថាន​ទាំងមូល​ថែម​ទៀត។

ប៉ាគីស្ថាន ស្ថិត​នៅ​ប្រទេស​អាស៊ី​ខាងត្បូង។ ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​រួច​ទៅ​ហើយ​នៅ​រយៈពេល ៣​ឆ្នាំ​មក​នេះ។

ចំពោះ​គ្រោះ​អាសន្ន​នេះ ក្រុមប្រឹក្សា​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នឹង​សម្រេច​ចិត្ត​នៅ​ក្នុង​សប្តាហ៍​នេះ​ថា តើ​ត្រូវ​បញ្ចេញ​ទឹកប្រាក់​ចំនួន ១​លាន ២​សែន​ដុល្លារ​ដែល​ជា​ជំនួយ​ទី​៧ និង​ទី​៨ នៃ​កម្មវិធី​សង្គ្រោះ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៩ ដែល​រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​ស្នើសុំ​ជំនួយ។

ប្រទេស​ដែល​ផ្ដល់​ជំនួយ​មុន​គេ​ទៅ​ឱ្យ​ប៉ាគីស្ថាន គឺ​ចក្រភព​អង់គ្លេស។ ចក្រភព​អង់គ្លេស នឹង​បញ្ជូន​ជំនួយ​ប្រមាណ ១​លាន ៧៦​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​ប៉ាគីស្ថាន គឺជា​ការ​ឆ្លើយតប​ករណី​គ្រោះ​ទឹកជំនន់​ដ៏​មហន្តរាយ។

មហាក្សត្រី​អង់គ្លេស សម្ដែង​សមានចិត្ត​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ប្រជាជន​ប៉ាគីស្ថាន ដែល​បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់។

ប្រទេស​តួកគី បែលហ្សិក និង​អារ៉ាប់​រួម បាន​បញ្ចេញ​ស្បៀង ថ្នាំពេទ្យ ទឹក​ស្អាត​ចំនួន ៣​យន្តហោះ​ទៅ​ឱ្យ​ប៉ាគីស្ថាន។ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Shabaz Sharif បាន​ថ្លែង​ថា នេះ​ជា​គ្រោះ​បាតុភូត​ធម្មជាតិ​ដ៏​អាក្រក់​បំផុត​ដែល​បាន​កើតឡើង​ម្ដង​កាលពី ៣០​ឆ្នាំ​មក​នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​របស់​លោក​បាន​បញ្ចេញ​ស្បៀង​ដែល​មាន​តិចតួច​ស្តុក​ក្នុង​ឃ្លាំង បាន​ដឹក​ជញ្ជូន​ជាបន្ទាន់​ទៅ​ឱ្យ​ជនរងគ្រោះ​រាប់​លាន​នាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស