30 C
Phnom Penh

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បង្ហាញ​ក្ដី​បារម្ភ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ អះអាង​ថា​ជន​អន្តោប្រវេសន៍​ជនជាតិ​វៀតណាម ជាង ៩០% កំពុង​កាន់កាប់​ឯកសារ​មិន​ប្រក្រតី។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​មាន​តម្លាភាព ដែល​នាំ​ឲ្យ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់ អាច​រស់នៅ​ស្រប​ច្បាប់ ខណៈ​កន្លងទៅ រដ្ឋាភិបាល​វៀតណាម​តែង​ស្នើ​ទៅ​បុរស​ខ្លាំង​លោក ហ៊ុន សែន ឲ្យ​ជួយ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុស​ច្បាប់ បាន​ទទួល​សញ្ជាតិ​ខ្មែរ និង​ទទួល​បាន​កន្លែង​ស្នាក់នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា​ផង​ដែរ។

អតីត​សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ដោយ​ចាត់ទុក​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ដែល​រំឭក​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ទទួលស្គាល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា ថា​ជា​ការ​ដោះដូរ​ដ៏​ធំ​មួយ​ក្រោយ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ជួប​ប្រធានាធិបតី​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ។

លោក​អះអាង​ថា ការ​ដោះដូរ​គ្នា​នេះ​ដោយ​ពេល​មេដឹកនាំ​វៀតណាម​យល់ព្រម និង​ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​នា​ពេល​អនាគត ហើយ​ជា​ការ​តបស្នង លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​ឲ្យ​ឪពុក​របស់​គាត់​ទទួលស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា។

លោក អ៊ុំ សំអាន បន្ត​ថា ករណី​នេះ​ជា​ដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច​របស់​លោក ហូ ជីមិញ នឹង​បាន​សម្រេច​នៅ​ពេល​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី ហើយ​ដែល​ពេល​នោះ​ឫស្សី​ច្រើន​គុម្ព​នឹង​ក្លាយ​ជា​ព្រៃ​ឫស្សី មាន​ន័យ​ថា​យួន​ពេញ​ស្រុក។

លោក​បញ្ជាក់​ថា ចំពោះ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​បាន​ផ្តល់​សិទ្ធិ​ឲ្យ​វៀតណាម មាន​សិទ្ធិ​ទិញ​ដី ទិញ​ផ្ទះ ខ្ចី​លុយ​ធនាគារ អាច​ធ្វើការ​តាម​រោងចក្រ សហគ្រាស និង​អាច​ចុះ​អត្រានុកូលដ្ឋាន​ឲ្យ​កូនៗ​របស់​ពួកគេ​ដូច​ពលរដ្ឋ​ខ្មែរ​ជាដើម​ដែរ ខណៈ​ការ​បើក​មហាវិទ្យាល័យ​ភាសា​វៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​ជួន​ពេល​លោក ហ៊ុន ម៉ាណែត ទើប​ត្រឡប់​មកពី​ជួប​មេដឹកនាំ​វៀតណាម​ដែរ​នោះ។

ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ ដោយ​ក្រើន​រំឭក​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ ឲ្យ​អនុវត្ត និង​ទទួលស្គាល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ស្រប​តាម​ច្បាប់​ជា​ធរមាន។

កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ ក្រសួង​មហាផ្ទៃ​បាន​បញ្ចេញ​របាយការណ៍​អំពី​ចំនួន​ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ជិត ៩​ម៉ឺន​នាក់ (៨៩៤៧១​នាក់)។ ក្រសួង​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​ទាំងនោះ អ្នក​កាន់កាប់​ឯកសារ​មិន​ប្រក្រតី​រហូត​ទៅ​ដល់​ជាង ៣​ម៉ឺន​ច្បាប់ (៣៧៤៣៦​ច្បាប់)។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ទោះបីជា​ពួកគេ​កំពុង​កាន់កាប់​ឯកសារ​មិន​ប្រក្រតី​ក៏​ពិត​មែន ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំងអស់​នោះ​ចេញពី​កម្ពុជា​នៅឡើយ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​ប្រាប់ The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក​បារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍ ហើយ​ថា​ប្រសិនបើ​មាន​អំពើពុករលួយ នោះ​កម្ពុជា​នឹង​ប្រឈម​គ្រោះថ្នាក់​ដោយសារ​ជន​អន្តោប្រវេសន៍​ដែល​អាច​មាន​ចំនួន​កើនឡើង។

លោក រ៉ុង ឈុន អះអាង​ថា អាជ្ញាធរ​ត្រូវ​ធ្វើការ​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់ និង​ធានា​អំពី​តម្លាភាព គ្មាន​បក្ខពួក និង​គ្មាន​អំពើពុករលួយ មុន​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ណា​ម្នាក់​នោះ។

ចំណែក​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​លើកឡើង​កាលពី​ខែ​សីហា ឆ្នាំ​២០១៩ ថា ការ​សម្របសម្រួល និង​ផ្ដល់​សញ្ជាតិ​ដល់​ជន​អន្តោប្រវេសន៍​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​ជួប​ហានិភ័យ​ខ្លាំង។ លោក​បន្ត​ថា គ្មាន​ប្រទេស​ណា​មួយ​ដែល​នៅ​ជិតខាង​គ្នា​ឲ្យ​សញ្ជាតិ​ជនជាតិ​ក្បែរ​ខាង​នោះ​ទេ។

លោក​បន្ត​ថា ប្រសិនបើ​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា​ស្រប​ច្បាប់ ហើយ​មាន​សញ្ជាតិ គឺ​មាន​សិទ្ធិ​អ្វីៗ​ទាំងអស់ ហើយ​ព្រមទាំង​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជោគវាសនា មាន​សិទ្ធិ​ទិញ​ដី និង​មាន​សិទ្ធិ​បោះឆ្នោត។ ដូច្នេះ តើ​ក្រុម​ហ្នឹង​នឹង​ក្លាយ​ទៅ​ជា​អ្វី​នៅ​ថ្ងៃ​អនាគត? តើ​ពួកគេ​នឹង​ក្លាយ​ជា​ម្ចាស់​ជោគវាសនា​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ?

បណ្ឌិត សុខ ទូច បាន​ទាមទារ​រដ្ឋាភិបាល​ត្រូវ​បញ្ជូន​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ដើម​វិញ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ពួកគេ​រស់នៅ​ប្រទេស​កម្ពុជា​ទាំង​ខុស​ច្បាប់​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស