31 C
Phnom Penh

ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា ការពារ និង​ដាំ​ដើមឈើ បន្ទាប់ពី​ព្រៃឈើ​បាន​បាត់បង់​ជាង​១​សែន​ហិកតា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ថែរក្សា ការពារ និង​ដាំ​ដើមឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ពិភពលោក​ទាំងមូល ខណៈ​ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា នៅ​ឆ្នាំ​២០២៣ ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​ឧកញ៉ា​គ្រាក់ៗ។

សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះ​រាជបន្ទូល​ក្នុង​ឱកាស «រុក្ខទិវា ៩ កក្កដា» នេះ​ថា ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រ​និយម​មក ពិធី រុក្ខទិវា​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​បំផុស និង​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ថែរក្សា ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ឱ្យ​មាន​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​កាន់តែ​ច្រើន​ឡើងៗ​បន្ថែម​ទៀត។

ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះ​រាជបន្ទូល​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់ ឈ្លាសវៃ និង​ដ៏​ឆ្នើម​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បន្ត​រៀបចំ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​១៩៩២ មក ព្រោះ​ការ​ចូលរួម​ដាំ​ដើមឈើ និង​ការពារ​ព្រៃឈើ គឺជា​ការ​ជួយ​ខ្លួនឯង​ផង ជួយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង ជួយ​ការពារ​សុវត្ថិភាព​ពី​គ្រោះ​ធម្មជាតិ​ផង និង​ជា​ក្តី​សង្ឃឹម​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង។

ព្រះអង្គ​ឧទ្ទិស​ឱ្យ «រុក្ខទិវា» នេះ​ស្ថិត​ក្នុង​បេះដូង​របស់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប និង​ក្លាយ​ជា​ប្រពៃណី​នៃ​ការ​រួម​សាមគ្គី​គ្នា​ដាំ​ដើមឈើ​គ្រប់​ប្រភេទ ថែរក្សា ការពារ អភិវឌ្ឍ​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​ដែល​ជា​មរតក​ជាតិ​របស់​ខ្មែរ​ឱ្យ​បាន​គង់វង្ស​រហូត​ត​ទៅ​ថ្ងៃ​អនាគត។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា លើក​ឡើង​នៅ​ក្នុង​ពិធី​រុក្ខទិវា​នេះ​ថា គិត​ត្រឹម​ឆ្នាំ​២០២៤ នេះ ពិធី​រុក្ខទិវា​បាន​បង្កើត​ជា​សួន​រុក្ខទិវា​សរុប​ទំហំ ៤៧៥​ហិកតា នៅ​តាម​បណ្តា​រាជធានី-ខេត្ត​ចំនួន​១៤ និង​ដាំ​កូនឈើ​ជាច្រើន​នៅ​ទូទាំង​ប្រទេស រួម​ទាំង​មាន​ចម្ការ​ឈើ​ជាង ៨​ម៉ឺន​ហិកតា​ផង​ដែរ។

លោក ឌិត ទីណា បញ្ជាក់​ថា រដ្ឋបាល​ព្រៃឈើ​ក៏​បាន​បណ្ដុះ និង​ដាំ​កូនឈើ​ជាង ២០​លាន​ដើម​តាមរយៈ​ថវិកា​រដ្ឋ​គិត​ត្រឹម​ឆ្នាំ​២០២៤ នេះ។ ជាង​នេះ​ទៅ​ទៀត រដ្ឋបាល​ព្រៃឈើ​អាច​មាន​សមត្ថភាព​បណ្ដុះ​កូនឈើ​ដើម្បី​ដាំ និង​ចែកចាយ​ចំនួន ៥០​ម៉ឺន​ដើម​ផង​ដែរ​ក្នុង​មួយ​ឆ្នាំៗ។

ទោះជា​បែប​នេះ​ក្តី សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ កន្លង​ទៅ​ថា ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ។

ប្រភព​ដដែល​បង្ហាញ​ថា មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន គឺជា​សែស្រឡាយ​របស់​លោក ហ៊ុន សែន ដូចជា ឧកញ៉ា លី យ៉ុងផាត់, ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា មិក សុផាន់ណារ៉េត ជាដើម ខណៈ​ក្រុមហ៊ុន Angkor Plywood និង​ក្រុមហ៊ុន Think Biotech ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដែរ។

ផ្ទុយទៅវិញ គេ​សង្កេត​ឃើញ​ថា យុវជន​ដែល​ស្រឡាញ់​ព្រៃឈើ ត្រូវ​បាន​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ជា​បន្តបន្ទាប់ ដោយសារតែ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​ពួកគេ ដូចជា សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចាប់ពី ៦​ឆ្នាំ​ទៅ ៨​ឆ្នាំ​កាលពី​ពេល​ថ្មីៗ​នេះ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស