28 C
Phnom Penh

លោក សយ សុភាព ថា​លោក កឹម សុខា នឹង​មិន​មាន​សិទ្ធិ​វិល​ចូល​ឆាក​នយោបាយ​មុន​ឆ្នាំ​២០២៣​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​កាសែត​ដើម​អម្ពិល​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា លោក សយ សុភាព អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា នឹង​មិន​អាច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ឡើងវិញ​នោះ​ទេ ហើយ​ក៏​មិន​មាន​សិទ្ធិ​វិល​ចូល​ក្នុង​ឆាក​នយោបាយ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដែរ ខណៈ​បម្រាម​នយោបាយ​របស់​តុលាការ​កំពូល នឹង​ផុត​កំណត់​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។

អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​មិន​អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​អ្នក​គាំទ្រ និង​ពលរដ្ឋ​ទូទៅ​បោះឆ្នោត​ឱ្យ​លោក​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទេ ព្រោះ​ថា​លោក កឹម សុខា នៅ​ជាប់​បណ្តឹង​តាម​ផ្លូវ​តុលាការ​នៅឡើយ។

លោក សយ សុភាព ពន្យល់​ថា លក្ខខណ្ឌ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​អាច​ឈរ​ឈ្មោះ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​បាន ដោយសារតែ​លក្ខខណ្ឌ​ផ្លូវច្បាប់​តម្រូវ​ឱ្យ​អ្នក​ឈរ​ឈ្មោះ​ទាំងអស់​មិន​ត្រូវ​ជាប់​បណ្តឹង​ណា​មួយ​តាម​ផ្លូវ​តុលាការ​នោះ​ទេ ដូច្នេះ​ប្រសិនបើ​តុលាការ​សម្រេច​កាត់ទោស​ឱ្យ​លោក កឹម សុខា ឲ្យ​រួច​ខ្លួន មិន​គ្រប់​រយៈពេល ៦​ខែ​មុន​ការ​បោះឆ្នោត នោះ​លោក កឹម សុខា មិន​មាន​លក្ខខណ្ឌ​សមស្រប​តាម​ផ្លូវច្បាប់​ដើម្បី​ឈរ​ឈ្មោះ​នោះ​ឡើយ។

អគ្គនាយក​កាសែត​ដើម​អម្ពិល​រូប​នេះ​បញ្ជាក់​ថា រូបលោក​ធ្លាប់​បាន​ប្រាប់​សមាជិក​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក​ថា ពួកគេ​ត្រូវតែ​ប្រយ័ត្ន​ជានិច្ច ព្រោះ​ថា​ពេល​លោក កឹម សុខា ដឹកនាំ​គណបក្ស​ណា​មួយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ គាត់​នឹង​ក្លាយ​ជា​គូប្រកួត​របស់​គណបក្ស​ភ្លើង​ទៀន​ជាមិនខាន។

ប៉ុន្តែ​ពេល​នេះ លោក សយ សុភាព បញ្ជាក់​ថា ដោយ​ផ្អែកលើ​កត្តា​ផ្លូវច្បាប់​របស់​កម្ពុជា លោក កឹម សុខា នឹង​មិន​អាច​មាន​លទ្ធភាព​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣ ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ត្រូវ​រង​នូវ​ការ​គាប​សង្កត់​ពី​តុលាការ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ហើយ​សំណុំរឿង​នេះ​នៅតែ​ត្រូវ​បាន​អូស​បន្លាយ​ដោយ​គ្មាន​ការ​កំណត់​ជាក់លាក់ បើ​ទោះបីជា​តុលាការ​មិន​មាន​ភស្តុតាង​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​ក៏ដោយ។

កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ។

ទោះជា​បែបនេះ​ក្តី សហគមន៍​អន្តរជាតិ ដូចជា​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជាដើម អះអាង​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជា​ទី​គាប់ចិត្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ពី​ដំណោះស្រាយ​នយោបាយ​របស់​ខ្លួន តាមរយៈ​នៃ​ការ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​អះអាង​ថា លោក​ពិត​ជា​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ក្តី​រយៈពេល​ប្រាំ​ឆ្នាំ​លើ​សំណុំរឿង​លោក កឹម សុខា ដែល​មាន​ហេតុផល​នយោបាយ ហើយ​នៅតែ​គ្មាន​ដំណោះស្រាយ​រហូត​មក​ដល់​ពេល​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​មាន​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​នោះ​ទេ វា​គ្រាន់តែ​ចំណេញ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ប៉ុន្តែ​វិបត្តិ​សម្រាប់​ជាតិ​ទាំងមូល នៅតែ​មាន​ជាប់​គាំង​ដោះស្រាយ​មិន​ចេញ​ដដែល។ ដូច្នេះ ដើម្បី​ឱ្យ​កម្ពុជា​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ គ្មាន​ជម្រើស​ណា​ល្អ​ជាង​អ្នក​នយោបាយ​ចូល​តុ​ចរចា ដើម្បី​រក​ដំណោះស្រាយ​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស