30.7 C
Phnom Penh

ពិភពលោក​នៅ​ចងចាំ​ថា​លោក Mikhail Gorbachev ជា​អ្នក​ធ្វើ​ឱ្យ​ពិភពលោក​បិទ​បញ្ចប់​សង្គ្រាម​ត្រជាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺជា​ការ​ដើរ​ផ្ទុយ​នឹង​គោលនយោបាយ​សន្តិភាព​និយម​របស់​អតីត​មេដឹកនាំ​សហភាព​សូវៀត Mikhail Gorbachev ដែល​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៩១​ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា នេះ។

នេះ​ជា​ការ​លើកឡើង​របស់​លោក Klaus Iohannis ប្រធានាធិបតី​នៃ​ប្រទេស​រូម៉ានី។ លោក Klaus Iohannis បាន​បន្ត​ទៀត​ថា សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មិន​បាន​ឆ្លើយតប​នឹង​ចក្ខុវិស័យ និង​កេរដំណែល​របស់​លោក Gorbachev ដែល​ត្រូវ​បាន​ពិភពលោក​ចាត់ទុក​ថា​ជា​មេដឹកនាំ​ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់ប្ដូរ​ពី​សង្គ្រាម​ត្រជាក់​ទៅ​រក​សន្តិភាព​និយម​នោះ​ឡើយ។

លោក Iohannis បាន​សរសេរ​នៅ​លើ Twitter របស់​លោក​ថា លោក Gorbachev គឺជា​មេដឹកនាំ​ដែល​មាន​ចិត្ត​ទូលំទូលាយ គឺ​លោក​មិន​ឱ្យ​តម្លៃ​ទៅ​លើ​ការ​ប្រជែង​អំណាច​នោះ​ទេ។

លោក​ប្រធានាធិបតី​រូម៉ានី​រូប​នេះ​បន្ត​ថា សង្គ្រាម​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​ដែល​របប​ក្រុង​មូស្គូ​ប្រព្រឹត្ត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន គឺ​មេដឹកនាំ​រុស្ស៊ី​បច្ចុប្បន្ន​នេះ​ចង់​ប្រែ​ក្លាយ​រុស្ស៊ី ទៅ​ជា​សហភាព​សូវៀត​ឡើងវិញ តែ​លោក​ថា​លោក វ៉្លាឌីមៀរ ពូទីន គួរ​តែ​យល់​ថា សម័យកាល​នេះ​ទៅ​ហើយ គេ​មិន​អាច​រត់​ទៅ​រក​របប​សហភាព​និយម​បាន​ទៀត​នោះ​ទេ។ លោក​ថា ការ​ឈ្លានពាន​យក​ទឹកដី​គេ គឺ​ហួស​សម័យ​ទៅ​ហើយ។

លោក Iohannis ទទូច​ថា មេដឹកនាំ​រុស្ស៊ី​គួរ​ចងចាំ​បណ្ដាំ​របស់ Gorbachev ដែល​ប្រាប់​ថា ការ​វិវឌ្ឍ​ទាំងឡាយ គឺ​អាស្រ័យ​នឹង​កាលៈទេសៈ និង​ស្ថានការណ៍​ពិភពលោក គឺ​គេ​ពុំ​អាច​ជម្នះ​កត្តា​សត្យានុម័ត​របស់​ធម្មជាតិ​បាន​ទេ។

សារ​របស់​ប្រធានាធិបតី​រូម៉ានី ធ្វើឡើង​ក្រោយពី​លោក​ទទួល​ដំណឹង​ពី​រុស្ស៊ី​មក​ថា លោក Mikhail Gorbachev ដែល​ជា​មេដឹកនាំ​ចុងក្រោយ​បង្អស់​របស់​សហភាព​សូវៀត បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៩១​ឆ្នាំ។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដោយ​បាន​ដកស្រង់​ពី​សេចក្តី​ថ្លែងការណ៍​របស់​មន្ទីរពេទ្យ​រដ្ឋ Central Clinical Hospital នៅ​ជាយក្រុង​មូស្គូ ដែល​ថា លោក Gorbachev បាន​ទទួល​មរណភាព​ក្រោយពី​មាន​ជំងឺ​ច្រើន​ឆ្នាំ​មក​ហើយ។

តែ​យ៉ាងណាក៏ដោយ ពិភពលោក​នៅ​ចងចាំ​ថា លោក Gorbachev បាន​ព្យាយាម​មិន​បាន​សម្រេច​ដើម្បី​ស្រោចស្រង់​មហាអំណាច​សហភាព​សូវៀត​ពី​ការ​ដួល​រលំ ប៉ុន្តែ​កិច្ចប្រឹងប្រែង​របស់​លោក​បាន​នាំ​ឱ្យ​មាន​កំណែ​ទម្រង់​ដ៏​អស្ចារ្យ ដែល​នៅ​ទីបំផុត បាន​នាំ​ឱ្យ​ពិភពលោក​បញ្ចប់​សង្គ្រាម​ត្រជាក់។

លោក Gorbachev បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​សហភាព​សូវៀត បាន​រយៈពេល ៧​ឆ្នាំ។ ក្នុង​អំឡុង ៤​ឆ្នាំ​ចុងក្រោយ លោក​បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​នៃ​របប​សង្គម​និយម ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​របស់​លោក Gorbachev ស្ទុះ​យ៉ាង​លឿន​ជាង​អ្វី​ដែល​លោក​បាន​កំណត់​ផែនការ​របស់​លោក​ទៅ​ទៀត។ លោក​បាន​បណ្ដោយ​ឱ្យ​ដួល​រលំ​សហភាព​សូវៀត ដែល​ប្រកាន់​របប​កុម្មុយនីស្ត ព្រោះ​តែ​លោក​មិន​ព្រម​បញ្ចេញ​ទ័ព​ទៅ​បង្ក្រាប​រដ្ឋ​តូចៗ​ដែល​ងើប​ឡើង​បះបោរ​នោះ​ទេ ទោះ​ជា​ក្រុម​ភ្នាក់ងារ​ប៉ូលិស KGB ដែល​មាន​លោក វ៉្លាឌីមៀរ ពូទីន ផង​ដែរ​បាន​ស្នើសុំ​លោក​នៅ​ពេល​នោះ​ក៏ដោយ។

សហភាព​សូវៀត​មាន​រដ្ឋ​ចំណុះ ១៥​រដ្ឋ ហើយ​សូម្បី​ប្រទេស​អ៊ុយក្រែន ក៏​ជា​រដ្ឋ​មួយ​ផង​ដែរ។ ប្រទេស​ដែល​នាំ​ឲ្យ​មាន​ការ​ងើប​បះបោរ​ផ្ដាច់​ខ្លួន​ពី​សហភាព​សូវៀត គឺ​មាន​រដ្ឋ​លីទុយអានី រដ្ឋ​ឡាតវៀ និង​អេស្តូនី។ បច្ចុប្បន្ន​រដ្ឋ​ទាំង​៣ នេះ គឺជា​ប្រទេស​ដែល​មាន​អាសនៈ​របស់​ពួកគេ​នៅ​អង្គការ​សហប្រជាជាតិ ហើយ​គឺ​សមាជិក​របស់​អង្គការ​យោធា​ណាតូ​ទៀត​ផង។

ព្រឹត្តិការណ៍​នៅ​ពេល​នោះ បាន​រុញ​ឱ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ងើប​ពី​ការ​ត្រួតត្រា​របស់​សហភាព​សូវៀត និង​នាំ​ឱ្យ​មាន​ការ​បញ្ចប់​នូវ​ការ​ប្រឈមមុខ​ដាក់​គ្នា​ខាង​អាវុធ​នុយក្លេអ៊ែរ​ជាច្រើន​រវាង​លោក​ខាងលិច និង​លោក​ខាងកើត ឬ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​ក្រុម​ប្រទេស​កុម្មុយនីស្ត។

គេ​នៅ​ចាំ​បាន​ថា ការ​ធ្លាក់​ពី​អំណាច​របស់​លោក Gorbachev ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដែល​ការពិត លោក Gorbachev ត្រូវ​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ក្រុម​ភ្នាក់ងារ​ប៉ូលិស KGB ដែល​ក្នុង​នោះ​មាន​លោក ពូទីន ជា​ប្រធានាធិបតី​រុស្ស៊ី​បច្ចុប្បន្ន​នេះ។ ក្រុម KGB បាន​ឃុំ​ខ្លួន​លោក Gorbachev ខណៈ​លោក​នៅ​លំហែ​កាយ​នៅ​តំបន់​គ្រីមៀរ។

ការ​ដណ្តើម​អំណាច​យក​ពី​លោក Gorbachev បាន​គឺ​តាមរយៈ​ការ​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​នៅ​ខែ​សីហា ឆ្នាំ​១៩៩១ ហើយ​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក គឺ​លោក Gorbachev ត្រូវ​ឈរ​មើល​សាធារណរដ្ឋ​នានា​ដែល​ធ្លាប់​ចំណុះ​សហភាព​សូវៀត ប្រកាស​ឯករាជ្យ​ម្តង​មួយៗ​រហូត​លោក​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៩១ គឺ​ពេល​នោះ​ហើយ​ដែល​សហភាព​សូវៀត ក៏​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ក្រុម​លោក បូរិស យ៉េលស៊ីន សម្រេច​បង្កើត​របប​សាធារណរដ្ឋ​សហព័ន្ធ​រុស្ស៊ី មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

ប្រធានាធិបតី​ដំបូង​គេ​របស់​សហព័ន្ធ​រុស្ស៊ី គឺ​លោក បូរិស យ៉េលស៊ីន។ សម្រាប់​លោក ពូទីន គឺ​លោក​បាន​ឡើង​កាន់​អំណាច​បន្ត​ពី​លោក យ៉េលស៊ីន។

២៥​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​របស់​សហភាព​សូវៀត លោក Gorbachev បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា លោក​សម្រេច​មិន​ប្រើ​កងកម្លាំង​ទ័ព​ដើម្បី​ព្យាយាម​រក្សា​ដែនដី​សហភាព​សូវៀត កុំ​ឱ្យ​បែកបាក់ តែ​លោក​ថា​លោក​ខ្លាច​មាន​ចលាចល​កើតឡើង​នៅ​ក្នុង​ប្រទេស​របស់​លោក។

លោក Gorbachev បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​កាលពី​ឆ្នាំ​១៩៩០ ចំពោះ​តួនាទី​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស