38 C
Phnom Penh

គ.ជ.ប ព្រម​ទទួលយក​សំណើ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទៅ​ពិនិត្យ​ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លើកឡើង​ថា ខ្លួន​នឹង​ទទួល​យក​សំណើ​របស់​គណបក្ស​នយោបាយ​ទាំង​៤ ព្រមទាំង​រៀបចំ​ជា​របាយការណ៍​ដើម្បី​ពិនិត្យ និង​សម្រេច​ថា​តើ​គួរ​យក ឬ​មិន​គួរ​យក​នូវ​ចំណុច​ណា​ខ្លះ ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។

គ.ជ.ប ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ ថា ក្នុង​ជំនួប​នេះ គណបក្ស​នយោបាយ​ទាំង​៤ បាន​លើកឡើង​នូវ​សំណើ​ចំនួន ១៧​ចំណុច ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​តំណាង​គណបក្ស​នយោបាយ​ទាំងនោះ​បាន​រៀបរាប់​អំពី​បញ្ហា​ដែល​ពួកគេ​ជួប​ការ​លំបាក​នា​ពេល​កន្លងមក​ផង​ដែរ។

គ.ជ.ប អះអាង​ថា ចំណុច​ខ្លះ​ដែល​តំណាង​គណបក្ស​បាន​ស្នើ​ឡើង គឺ​មិន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​រៀបចំ​ច្បាប់ និង​ស្ថាប័ន​ក្រសួង​មហាផ្ទៃ ដែល​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ដែនដី ខណៈ​ស្ថាប័ន គ.ជ.ប ទាក់ទង​តែ​នឹង​ការងារ​បច្ចេកទេស​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ដាក់​សំណើ​ទៅ​កាន់ គ.ជ.ប ដើម្បី​សុំ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​មួយ​ចំនួន​កាលពី​ពេល​កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ រួម​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា បាន​ឯកភាព​គ្នា​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ មក​ដល់។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កញ្ញា នេះ​ថា ជា​សញ្ញា​ល្អ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បង្ហាញ​ជំហរ​ទទួលយក​ការ​ស្នើសុំ​របស់​គណបក្ស​ទាំង​៤ ដែល​ចង់​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​របស់​កម្ពុជា មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ឈាន​ចូល​មក​ដល់​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា គណបក្ស​ទាំង​៤ នឹង​ត្រូវ​រង់ចាំ​លទ្ធផល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផ្តល់​ឱ្យ​ត្រឡប់​មក​វិញ ថា​តើ គ.ជ.ប នឹង​ទទួលយក​សំណើ​ទាំងនេះ​បាន​ប៉ុន្មាន​ចំណុច និង​ត្រូវ​បដិសេធ​មិន​ទទួលយក​ប៉ុន្មាន​ចំណុច នោះ​ទើប​គណបក្ស​ទាំងនេះ​ត្រូវ​បន្ត​យុទ្ធនាការ​បន្ត​ទៀត​តាម​ការ​ចង់​បាន​ជាក់ស្តែង​នៅ​ពេល​នោះ។

ក្រោយពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ចំនួន ៦​អាណត្តិ​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៣។ ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក៏​បាន​ធ្វើឡើង​អស់​ចំនួន ៥​អាណត្តិ​មក​ហើយ​ដែរ ដោយ​ចាប់ផ្តើម​ឡើង​កាលពី​ឆ្នាំ​២០០២ កន្លងទៅ​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង​ដូច​គ្នា។

ការ​បោះឆ្នោត​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើឡើង ៤​ដំណាក់កាល​ផ្សេងៗ​ពី​គ្នា គឺ៖

  1. ការ​បោះឆ្នោត​ជាតិ ឬ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ
  2. ការ​បោះឆ្នោត​អសកល ឬ​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់
  3. ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា
  4. និង​បោះឆ្នោត​ជ្រើស​តាំង​ក្រុមប្រឹក្សា​ស្រុក ក្រុង ខេត្ត រាជធានី។

ប៉ុន្តែ​ការ​បោះឆ្នោត​ដែល​ធ្វើឡើង​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ គឺ​មាន​តែ ២​ប៉ុណ្ណោះ គឺ​ការ​បោះឆ្នោត​ជាតិ ឬ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​ការ​បោះឆ្នោត​អសកល ឬ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

ជុំវិញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា មាន​តែ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) ប៉ុណ្ណោះ​ដែល​មាន​តម្លាភាព ក្រៅពី​នោះ​នៅ​អាណត្តិ​បន្តបន្ទាប់​មក​ទៀត គឺជា​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ ដោយសារតែ​ដំណើរការ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ទាំងនោះ​ត្រូវ​បាន​គ្រប់គ្រង លួច​បន្លំ​ដោយ​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស