31.8 C
Phnom Penh

មន្ត្រី CNRP ថា​លោក សយ សុភាព មាន​ចេតនា​បំបាក់​ស្មារតី​អ្នកគាំទ្រ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង ប្រតិកម្ម​ទៅ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព ដែល​លើកឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នឹង​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ គ្រាន់តែ​ជា​ចេតនា​ដើម្បី​បំបាក់​ស្មារតី​អ្នកគាំទ្រ​លោក កឹម សុខា ប៉ុណ្ណោះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​មាន​រយៈពេល ៥​ឆ្នាំ​កន្លងមក​នេះ មិនមែន​ដោយសារតែ​លោក​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ប៉ុន្តែ​គឺជា​រឿង​នយោបាយ​ដែល​បក្ស​កាន់​អំណាច​ប្រើ​វិធី​ដើម្បី​ផ្តួល​មេដឹកនាំ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា សំណុំរឿង​របស់​លោក កឹម សុខា បាន​ក្លាយ​ទៅ​ជា​សវនាការ​មួយ​ដែល​ចម្លែក និង​ជាប់​ឯកត្តកម្ម​លើ​ពិភពលោក​ទៅ​ហើយ ព្រោះ​ថា​តុលាការ​ប្រើ​ពេល​អស់ ៥​ឆ្នាំ​ហើយ​នៅ​តែ​មិន​អាច​រក​ភស្តុតាង​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ណា​មួយ​មក​កាត់ទោស​លោក​បាន​នោះ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​បន្ត​សវនាការ​នេះ​បាន​រហូត​ដល់​សព្វថ្ងៃ​នេះ​ទៀត។ ដូច្នេះ​ហើយ​បាន​ជា​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ អះអាង​ថា សំណុំរឿង​នេះ​ជា​សំណុំរឿង​នយោបាយ​ដោយ​ផ្អែក​លើ​សកម្មភាព​របស់​តុលាការ​ដែល​បាន​អូស​បន្លាយ​សវនាការ​កន្លងមក​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​រវាង​មហាអំណាច​កុម្មុយនីស្ត​ចិន និង​មហាអំណាច​សហរដ្ឋ​អាមេរិក​ផង​ដែរ ព្រោះ​ថា​គោលជំហរ​របស់​លោក កឹម សុខា គឺ​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រទេស​លោក​សេរី​ចង់​ឱ្យ​គោលការណ៍​ទាំងនេះ​រីក​ធំធាត់​នៅ​កម្ពុជា ប៉ុន្តែ​មហាអំណាច​កុម្មុយនីស្ត​ចិន មិន​ចង់​ឱ្យ​មាន​ការ​ដឹកនាំ​ពេញលេញ​មួយ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ ដូច្នេះ​ទើប​បង្ក​ឱ្យ​មាន​ទំនាស់​រវាង​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ អគ្គនាយក​កាសែត​ដើម​អម្ពិល​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា លោក សយ សុភាព អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នឹង​មិន​អាច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ឡើងវិញ​នោះ​ទេ ហើយ​ក៏​មិន​មាន​សិទ្ធិ​វិល​ចូល​ក្នុង​ឆាក​នយោបាយ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា ពិត​ជា​ពិបាក​សង្ឃឹម​ខ្លាំង​ណាស់​ថា​លោក កឹម សុខា អាច​មាន​ឱកាស​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ ព្រោះ​បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា​មិនមែន​ករណី​ផ្លូវច្បាប់​ពិតប្រាកដ​ទេ ប៉ុន្តែ​ដោយសារ​លោក ហ៊ុន សែន ខ្លាច​វត្តមាន​នយោបាយ​របស់​លោក កឹម សុខា ដែល​មាន​សក្ដានុពល​ធំ​ពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​ផ្ទេរ​អំណាច​បន្ត​វង្ស​ត្រកូល​របស់​គាត់។

លោក គឹម សុខ អះអាង​ថា បើ​ករណី​បិទ​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ជា​រឿង​ច្បាប់​ពិត​មែន នោះ​តុលាការ​កម្ពុជា​ច្បាស់​ជា​មាន​ភស្តុតាង​កាត់​សេចក្ដី​ឲ្យ​មាន​ទោស​យូរ​ណាស់​ទៅ​ហើយ។ លើស​ពី​នេះ បើ​លោក កឹម សុខា ពិត​ជា​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​មែន នោះ​ប្រមុខ​ការទូត​តំណាង​ប្រទេស​មហាអំណាច​ធំៗ​ដូចជា​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ព្រមទាំង​តំណាង​អង្គការ​អន្តរជាតិ​ធំៗ ដូចជា UN និង EU ជាដើម ពួកគេ​មិន​បណ្ដាក់​គ្នា​ជួប​ជជែក​ការងារ​ជាមួយ​លោក កឹម សុខា នោះ​ទេ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជក់​ថា បើ​លោក ហ៊ុន សែន មិន​ផ្ដល់​សេរីភាព​នយោបាយ​ដល់​លោក កឹម សុខា នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ទេ វា​ជា​ផ្លូវ​ទូលាយ​គួរសម​សម្រាប់​ការ​អនុវត្ត​នយោបាយ​ផ្ទេរ​អំណាច​គ្រួសារ​ហ៊ុន ប៉ុន្តែ​វា​ក៏​ជា​ការ​សាង​បាប​កម្ម​នយោបាយ​ដ៏​អាក្រក់​បំផុត​សម្រាប់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​ឡើង​កាន់​អំណាច​ទៅ​ថ្ងៃ​មុខ​ដែរ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត នឹង​រង​នូវ​កេរ្តិ៍ឈ្មោះ​អាក្រក់​ថា ជា​រដ្ឋាភិបាល​ស្នង​ល្បែង​ប្លន់​អំណាច​តាម​មេរៀន​ឪពុក ដែល​នឹង​ជួប​វិបត្តិ​នៃ​គំនរ​សម្ពាធ​គ្រប់​ទិស​ពី​សហគមន៍​អន្តរជាតិ ខណៈ​វិបត្តិ​ផ្ទៃក្នុង​ជាតិ​ក៏​កាន់តែ​ធំ​ជាង​មុន​ថែម​ទៀត។

គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ តុលាការ​កម្ពុជា​បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ចំនួន ៥៤​លើក​រួច​មក​ហើយ តែ​មិនទាន់​មាន​ភស្តុតាង​ណា​មួយ​ដែល​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​អាច​កាត់​ទោស​លោក​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស