38 C
Phnom Penh

ខួប​៥​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន ប៉ុន្តែ​លោក កឹម សុខា នៅតែ​បន្ត​ស្វែងរក​យុត្តិធម៌​យ៉ាង​ស្វិតស្វាញ​ដោយ​អហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប បាន​រំឭក​ព្រឹត្តិការណ៍​ដ៏​តក់ស្លុត​កាលពី ៥​ឆ្នាំ​មុន​ថា ម៉ោង ១២​រំលង​អធ្រាត្រ​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ គឺ​ខួប ៥​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ​ដ៏​ល្បី​រន្ទឺ​មួយ ខណៈ​លោក កឹម សុខា នៅ​បន្ត​ស្វែងរក​យុត្តិធម៌​យ៉ាង​ស្វិតស្វាញ​ដោយ​អហិង្សា។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា ទោះបី​ត្រូវ​បាត់បង់​សេរីភាព និង​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ដោយសារ​បុព្វហេតុ​តស៊ូ​នយោបាយ​ដោយ​អហិង្សា​ដើម្បី​សិទ្ធិមនុស្ស សេរីភាព​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​លោក កឹម សុខា នៅតែ​បន្ត​ស្វែងរក​យុត្តិធម៌​យ៉ាង​ស្វិតស្វាញ អត់ធ្មត់ និង​ដោយ​អហិង្សា​នៅ​ចំពោះ​មុខ​តុលាការ​ដែរ។

លោក​បន្ថែម​ថា ទោះបីជា​ការ​តស៊ូ​នេះ​ក៏​ត្រូវ​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​សំណាក់​អតីត​ដៃគូ​នយោបាយ ដែល​ពួកគេ​បាន​លាប​ពណ៌​លើ​រូបលោក​ថា កំពុង​ដើរតួ​បំពេញ​ឱ្យ​សវនាការ​ឆាកល្ខោន និង​តុលាការ​នយោបាយ​របស់​បក្ស​កាន់​អំណាច​យ៉ាងណាក៏ដោយ។

លោក មុត ចន្ថា លើកឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ត្រឹមតែ​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ពី​គូប្រជែង​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​ត្រូវ​បាន​អតីត​ដៃគូ​នយោបាយ​ប្រមាថ​ចោទប្រកាន់​ថា ការ​ជាប់​ពន្ធនាគារ​របស់​លោក​ជា​ការ​ជាប់​ពន្ធនាគារ​សិប្បនិមិត្ត និង​ថែមទាំង​បាន​យក​សេរីភាព​របស់​លោក​ធ្វើជា​ល្បែង​ភ្នាល់​នយោបាយ​ថែម​ទៀត។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បង្ហាញ​ក្តី​សង្ឃឹម​ថា សវនាការ​ដែល​អូស​បន្លាយ​រយៈពេល ៥​ឆ្នាំ​នៃ​សំណុំរឿង​លោក កឹម សុខា កន្លង​មក​នេះ នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ដើម្បី​បន្ត​ស្មារតី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ខ្មែរ ទោះបី​បញ្ហា​បុគ្គល​ផ្ទាល់ខ្លួន ឬ​បញ្ហា​ប្រទេស​ជាតិ​ក្តី ប្រសើរ​ជាជាង​ការ​យល់​ច្រឡំ​នាំ​ឲ្យ​បាត់បង់​ការ​ជឿ​ទុកចិត្ត​គ្នា​រវាង​ខ្មែរ និង​ខ្មែរ។

ការ​អះអាង​នេះ ធ្វើ​ឡើ​ស្រប​ពេល​នឹង​ខួប ៥​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​២ ឈាន​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្រុក​ចូល​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អាធ្រាត្រ​ដល់​គេហដ្ឋាន​របស់​លោក​ក្នុង​ពេល​ដែល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅឡើយ ក្រោម​បទ​ចោទ​ប្រកាន់​ថា​លោក​ត្រូវរ៉ូវ​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

ក្រោយ​ចាប់​ខ្លួន មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ជិត​ព្រំដែន​ប្រទេស​វៀតណាម ជាង ១​ឆ្នាំ។ ក្រោយ​មក នៅ​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ក៏​ត្រូវ​បាន​ផ្ទេរ​ការ​ឃុំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ មក​ឃុំឃាំង​នៅ​គេហដ្ឋាន​របស់​លោក​វិញ​នៅ​ក្រោម​ហេតុផល​សុខភាព​មិន​ប្រក្រតី។

ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ដោះលែង​រូបលោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដដែល និង​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ក្នុង​នោះ​លោក កឹម សុខា មាន​សេរីភាព​ដើរហើរ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា ប៉ុន្តែ​ហាម​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ និង​ហាម​មិន​ឱ្យ​និយាយ ឬ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ​ដាច់ខាត។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក កឹម សុខា រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន តាំងពី​ជិត ២០​ឆ្នាំ​មុន​មក ព្រោះ​តែ​ការ​តស៊ូ​ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ក្នុង​នោះ លោក​ត្រូវ​ជាប់​ពន្ធនាគារ​លើកដំបូង​នៅ​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ពី​ការ​ចោទ​ប្ដឹង​របស់​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​ក្នុង​នាម​លោក​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០០៦ ក្រោយ​ពី​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​បកស្រាយ​ថា សំណុំរឿង​របស់​លោក កឹម សុខា អាច​ត្រូវ​បញ្ចប់​ឆាប់ ឬ​នៅ​ពេល​ណា​នោះ គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ ដែល​ផ្អែក​លើ​អង្គច្បាប់ ដោយ​មិនមែន​សម្រេច​លើ​អ្នក​តាមដាន អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​នោះ​ទេ។

លោក​បន្ត​ថា ការ​ទាមទារ​ឲ្យ​រឿង​ក្តី​នេះ​ឆាប់​ចប់​ដើម្បី​ឲ្យ​លោក កឹម សុខា អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ គឺ​មិន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​នោះ​ឡើយ។ លោក​អះអាង​ថា ជួនកាល​ដំណើរការ​រឿង​ក្តី​បាន​ចប់​លឿន ហើយ​តុលាការ​រក​ឃើញ​លោក កឹម សុខា មាន​ទោស​ដូច​ការ​ចោទប្រកាន់ ដូច្នេះ​មេដឹកនាំ​ប្រឆាំង​រូប​នេះ​នឹង​ត្រូវ​បន្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ​ទៀត ដោយ​មិន​អាច​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​បាន​នោះ​ទេ។

លោក​បន្ថែម​ថា ចំពោះ​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ បើ​ការ​ស៊ើបអង្កេត និង​ការ​តតាំង​គ្នា​ត្រូវ​បាន​បញ្ចប់​លឿន គឺ​អាច​ប៉ះពាល់​ដល់​យុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស