27.5 C
Phnom Penh

សង្គម​ស៊ីវិល​និង​សហជីព​រិះគន់​ការ​ដំឡើង​ឋានៈ​លោក ឈូក បណ្ឌិត ដែល​បាញ់​រះ​លើ​កម្មករ​កាលពី​១០​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល និង​សហជីព​អះអាង​ថា វា​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​សង្គម​ដែល​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​ដំឡើង​ឋានន្តរសក្តិ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ជា​ជន​ដៃ​ដល់​មួយ​រូប​ដែល​ធ្លាប់​បាញ់​រះ​លើ​កម្មករ​រោងចក្រ​អំឡុង​ពេល​ទាមទារ​លក្ខខណ្ឌ​ការងារ កាលពី ១០​ឆ្នាំ​មុន​ពី​ឋានន្តរស័ក្តិ​មន្ត្រី​ថ្នាក់​លេខ​៣ មក​ជា​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៤។

លោក ប៉ាវ ស៊ីណា បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃ​សុក្រ ទី​២ កញ្ញា នេះ​ថា ពួកគាត់​មិន​ដែល​បំភ្លេច​ចំពោះ​ព្រឹត្តិការណ៍​ដែល​លោក ឈូក បណ្ឌិត បាន​បាញ់​ប្រហារ​មក​លើ​កម្មករ​កាលពី​ឆ្នាំ​២០១២ ដែល​បណ្តាល​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​ស្ទើរតែ​បាត់បង់​ជីវិត​នោះ​ទេ។ លោក​ថា ទោះបីជា​លោក ឈូក បណ្ឌិត បាន​បាញ់​លើ​កម្មករ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​តែងតាំង​លោក ឈូក បណ្ឌិត ជា​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ទៅវិញ។

ចំណែកឯ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​ដំឡើង​ឋានន្តរសក្តិ និង​តួនាទី​គួរតែ​ត្រូវ​ធ្វើ​ចំពោះ​មន្ត្រី​ណា​ដែល​មាន​លក្ខណៈ​សម្បត្តិ និង​មាន​គុណធម៌ ដែល​ធ្វើ​ការងារ​ដោយ​ការ​ទទួល​ខុសត្រូវ ហើយ​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ជូន​ពលរដ្ឋ និង​សង្គម​ជាតិ។

លោក​បង្ហាញ​ការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​ដំឡើង​ឋានន្តរស័ក្ដិ​លោក ឈូក បណ្ឌិត ដែល​បាន​ប្រើប្រាស់​ឥទ្ធិពល និង​អាវុធ​បាញ់​រះ​ទៅ​លើ​កម្មករ​កម្មការិនី​ដែល​គ្រាន់តែ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ​ទៅវិញ។

លោក ករុណា ចាត់ទុក​ការ​ដំឡើង​តួនាទី និង​ឋានន្តរស័ក្ដិ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ ថា​ជា​ការ​លើក​ទឹកចិត្ត​ដល់​មន្ត្រី​ផ្សេង​ទៀត​ឲ្យ​ប្រព្រឹត្ត​បទល្មើស ហើយ​ករណី​នេះ​វា​ជា​ការ​បំបាក់​ទឹកចិត្ត​ចំពោះ​មន្ត្រី​ដែល​បាន​អនុវត្ត​ការងារ​ត្រឹមត្រូវ និង​មាន​គុណសម្បត្តិ​ទៅវិញ។

លោក​បន្ត​ថា បើ​រដ្ឋាភិបាល​ដំឡើង​តួនាទី និង​ឋានន្តរស័ក្ដិ​មន្ត្រី​ដែល​រំលោភ​សិទ្ធិ និង​ប្រើប្រាស់​អំពើ​ហិង្សា ព្រមទាំង​អាវុធ​បាញ់​រះ​លើ​ពលរដ្ឋ ឬ​កម្មករ​បែប​នេះ វា​បង្ហាញ​ពី​គំនូរ​អាក្រក់​សម្រាប់​សង្គម។

លោក ស៊ឹង សែនករុណា ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ប្រសិនជា​ពិនិត្យ​ឃើញ​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​ច្រើន គួរ​បញ្ឈប់​ការ​ដំឡើង​តួនាទី និង​ឋានន្តរស័ក្តិ​លើ​ជន​ប្រព្រឹត្តិ​បទល្មើស ហើយ​ងាក​មក​ដំឡើង​មន្ត្រី​អនុវត្ត​ការងារ​ដោយ​ទទួល​ខុសត្រូវ និង​បម្រើ​ពលរដ្ឋ​វិញ ទើប​រដ្ឋាភិបាល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​មន្ត្រី​ថ្នាក់​លេខ​៣ មក​ជា​ឧត្តម​ មន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​ស្ដីទី លោក សាយ ឈុំ កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២២។

ការ​ដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​ថ្នាក់​លេខ​៣ មក​ជា​ឋានន្តរសក្តិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៤ នេះ គឺ​តាម​សំណើ​របស់​លោក ហ៊ុន សែន។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​មន្ត្រី​ប្រព្រឹត្ត​បទល្មើស​ត្រូវ​ដំឡើង​តួនាទី និង​តំណែង​នោះ។ ជាក់ស្ដែង អង្គរក្ស ៣​នាក់​របស់​លោក ហ៊ុន សែន ដែល​បាន​វាយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឱ្យ​រង​របួស​ធ្ងន់​នៅ​ក្បែរ​របង​រដ្ឋសភា​កាលពី​ចុង​ឆ្នាំ​២០១៥ ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​វរសេនីយ៍ឯក​សក្តិ​៥ ទៅ​ជា​ឧត្តមសេនីយ៍​ត្រី​ផ្កាយ​មួយ ខណៈ​អង្គរក្ស ២​នាក់​ទៀត គឺ​លោក សុត វណ្ណី និង​លោក ម៉ៅ ហឿន ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​ថ្នាក់​វរសេនីយ៍ទោ (សក្តិ ៤​កន្លះ) ទៅ​ជា​វរសេនីយ៍ឯក (សក្តិ​៥) ផង​ដែរ។

កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​រះ​ទៅ​លើ​កម្មករ​កម្មការិនី​រោងចក្រ​ស្បែកជើង​កៅវ៉េ (Kaoway) នៅ​ក្រុង​បាវិត ដែល​បណ្ដាល​ឲ្យ​កម្មការិនី​ចំនួន ៣​នាក់​រង​របួស​ធ្ងន់ អំឡុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ។ ក្រោយពី​ហេតុការណ៍​នោះ លោក ឈូក បណ្ឌិត បាន​រត់​គេច​ខ្លួន​ពី​ការ​អនុវត្ត​ទោស​រយៈពេល​ជាង ៣​ឆ្នាំ ប៉ុន្តែ​ក្រោយ​មក លោក ហ៊ុន សែន ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស​អន្តរជាតិ (Interpol) ក្នុង​ការ​តាម​ចាប់​ខ្លួន​នោះ ហើយ​លោក ឈូក បណ្ឌិត ក៏​បាន​ចេញ​មក​សារភាព។

អតីត​អភិបាល​ក្រុង​បាវិត​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ប៉ុន្តែ​លោក​បាន​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ​វិញ។

លោក ឈូក បណ្ឌិត ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ បន្ទាប់​មក នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២០ សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​កំបាំង​មុខ​លោក ឈូក បណ្ឌិត ដោយ​សម្រេច​ផ្តល់​នីតិសម្បទា​ដល់​លោក​វិញ បន្ទាប់ពី​បុគ្គល​រូប​នេះ​បាន​បណ្តឹង​ទាស់​ស្នើសុំ​ផ្តល់​នីតិសម្បទា​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស