33 C
Phnom Penh

សហគមន៍​ខកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ខកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បន្ត​កើតឡើង​ឥត​ស្រាកស្រាន្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បន្ទាប់ពី​ពួកគេ​បាន​រក​ឃើញ​បទល្មើស​ចំនួន ២៤៩​ករណី​បន្ថែម​ទៀត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៥ កញ្ញា នេះ ឱ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ នៅ​បន្ត​កើតឡើង​ដោយ​ក្នុង​ខែ​សីហា​កន្លង​ទៅ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​កើតឡើង​ចំនួន ២៤៩​ករណី។

ជនជាតិ​ដើម​ភាគតិច​កួយ​អះអាង​ថា បទល្មើស​ជាង ២០០​ករណី​នេះ​បន្ទាប់ពី​សហគមន៍​បាន​ចុះ​សង្កេត​ចំនួន ២​លើក ក្នុង​នោះ​ពួកគេ​បាន​ប្រទះ​ឃើញ​ក្តារ​បន្ទះ​បន្សល់​ទុក​ចោល​ចំនួន ២៨៦​សន្លឹក ឈើ​តាប់​ចំនួន ៣១៣​សន្លឹក ប្រទះ​ឃើញ​រទេះក្របី​កំពុង​ដឹកឈើ​ចំនួន ០៣​គ្រឿង គោយន្ត​ចំនួន ០២​គ្រឿង​ផង​ដែរ។

ប្រភព​ដដែល​ថា ឈើ​ដែល​ត្រូវ​បាន​កាប់​ភាគច្រើន​ជា​ប្រភេទ​ឈើទាល ពពេល គគីរ ត្រាច ដួងចែម ស្ទៀង ត្រសេក ក្រឡាញ់ ដែល​មាន​មុខកាត់​ចាប់ពី ៤០​សង់ទីម៉ែត្រ​ដល់ ១៤០​សង់ទីម៉ែត្រ ដោយ​ការ​រក​ឃើញ​នេះ គឺ​ធ្វើឡើង​នៅ​លើ​ចម្ងាយ​ផ្លូវ​ចុះ​អង្កេត​ប្រវែង ៤២​គីឡូម៉ែត្រ។

បើ​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ លើកឡើង​ថា ទោះបីជា​មាន​បទល្មើស​កើតឡើង​រាល់​ថ្ងៃ ប៉ុន្តែ​មិន​មាន​មន្ត្រី និង​អាជ្ញាធរ​ណា​មួយ​អើពើ​ដោះស្រាយ ដោយ​ទុក​ឲ្យ​បទល្មើស​ព្រៃឈើ​បន្ត​កើតឡើង ខណៈ​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​មន្ត្រី និង​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ឡើយ។

សហគមន៍​ថា ការ​មិន​ទប់ស្កាត់​នេះ វា​មិន​ឆ្លើយតប​ទៅ​នឹង​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​គម្រប​ព្រៃឈើ​ឲ្យ​បាន ៦០% ត្រឹម​ឆ្នាំ​២០២៩ ដូច​មាន​ចែង​ក្នុង​កម្មវិធី​ព្រៃឈើ​ជាតិ​ដែល​ដាក់​ឲ្យ​អនុវត្ត​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២៩។

ប្រជា​សហគមន៍​អំពាវនាវ​ជា​ថ្មី​ទៅ​រដ្ឋាភិបាល និង​មន្ត្រី ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​បញ្ឈប់​ការ​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។ មួយ​វិញ​ទៀត ពួកគេ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​ការ​ទទួល​ខុសត្រូវ និង​បង្កើត​យន្តការ​តាមដាន​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន និង​ដាក់​ទោសទណ្ឌ បើ​រក​ឃើញ​ថា​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ីសំណូក​ជាមួយ​ឈ្មួញ​ខិលខូច ប៉ុន្តែ​បើ​មិន​ចាត់​វិធានការ​ទេ នោះ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ នឹង​វិនាស​ដោយសារ​មន្ត្រី​អាជ្ញាធរ​មិន​ទប់ស្កាត់ ខណៈ​ការ​ចុះ​ល្បាត​របស់​សហគមន៍ និង​សង្គម​ស៊ីវិល​ត្រូវ​បាន​រារាំង។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទសុជាតិ និង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម ឫទ្ធី ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

ទោះជា​យ៉ាងណាក៏ដោយ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ ដោយ​បង្ហាញ​ថា ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​២ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ហើយ​ការ​កាប់​ឈើ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស