41.3 C
Phnom Penh

បណ្ឌិត សុខ ទូច ត្អូញត្អែរ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ត្អូញត្អែរ​ថា ក្រុម​ការងារ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប បន្ត​ការ​ល្បាត និង​បាន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​ចំនួន ៨​ទីតាំង​ដែល​បង្ក​ឡើង​ដោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ថា ក្រុម​ការងារ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​ពិត​ជា​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​តែង​ជួយ​សហការ និង​សម្របសម្រួល​ការងារ​ជាមួយ​ក្រុម​ការងារ​រាជបណ្ឌិត្យសភា​កម្ពុជា​កន្លង​មក ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។

បណ្ឌិត សុខ ទូច លើកឡើង​ថា ក្រោយ​ការ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​របស់​ក្រុម​ការងារ បាន​កំណត់​មុខសញ្ញា​អ្នក​ដែល​បាន​ចូល​កាប់​ឈើ​ក្នុង​ឧទ្យាន​តេជោ​សែន​ឫស្សី​ត្រឹប ថា​សុទ្ធសឹងតែ​ជា​អ្នក​ដែល​មក​តាំង​ទីលំនៅ​ថ្មី​ក្រោយ​ព្រះរាជ្យក្រឹត្យ​ដាក់​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​ជា​តំបន់​អភិរក្ស​ក្នុង​ឆ្នាំ​២០១៤ កន្លងទៅ។

លោក​អះអាង​ថា កន្លងមក​ក្រុម​ការងារ​របស់​លោក​បាន​ប្រមូល​វត្ថុតាង​ជាច្រើន ដូចជា​អាវុធ​កែច្នៃ និង​ឈើ​ដែល​បាន​អារ​ច្រៀក​រួច​ជាច្រើន​ដែល​បាន​រក្សាទុក​នៅ​តាម​ផ្ទះ​ពលរដ្ឋ​ទាំងនោះ​ផង​ដែរ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​រូប​នេះ​បញ្ជក់​ថា ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​តេជោ​សែន​ឫស្សី​ត្រឹប រាជបណ្ឌិត្យសភា​កម្ពុជា​បាន​រៀបចំ​ទីតាំង​ថ្មី​សម្រាប់​ពលរដ្ឋ​ទាំងនោះ​ឱ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ដែល​មាន​ទំហំ​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៥០​ម៉ែត្រ​នៅ​ជិត​សាលារៀន វត្ត​អារាម និង​មាន​អណ្ដូងទឹក​សម្រាប់​ប្រើប្រាស់​ផង​ដែរ។ ជាង​នេះ​ទៀត ក៏​បាន​អនុញ្ញាត​ឱ្យ​ពួកគាត់​អាច​អាស្រ័យ​ផល​នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ជា​ធម្មតា ប៉ុន្តែ​ពួកគាត់​មួយ​ចំនួន​ធំ​នៅតែ​បន្ត​រស់នៅ​ក្នុង​ដែន​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​ដដែល។

ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប ត្រូវ​បាន​បង្កើត​ឡើង និង​ទទួលស្គាល់​ដោយ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៤ ដែល​មាន​ផ្ទៃដី​ជាង ១១៤,៣៥​គីឡូម៉ែត្រ​ក្រឡា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ឆែប​ខាងកើត និង​ឃុំ​ឆែប​ខាងលិច ស្រុក​ឆែប ខេត្ត​ព្រះវិហារ។

កាលពី​ចុង​ឆ្នាំ​២០២០ បន្ទាប់ពី​មាន​ការ​ស្នើ​ពី​រាជបណ្ឌិត្យសភា​កម្ពុជា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​សម្រេច​ផ្តល់​ដី​ទំហំ ១០​ហិកតារ​ដល់​ពលរដ្ឋ​ចំនួន ៣១​គ្រួសារ ដើម្បី​តាំង​ទីលំនៅ​ថ្មី​ជា​ថ្នូរ​នឹង​ការ​រើ​លំនៅឋាន​ចេញពី​តំបន់​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប ដើម្បី​កុំឱ្យ​ពួកគាត់​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​នេះ​ទៀត ព្រោះ​ថា​កន្លង​មក​នេះ ពួកគាត់​បាន​កាប់​ឈើ​ក្នុង​តំបន់​នេះ​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បទល្មើស​ព្រៃឈើ​ខេត្ត​ព្រះវិហារ បាន​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​ព្យាបាល​មិន​ជា​ទៅ​ហើយ ដែល​កំពុង​កើតមាន​គ្រប់​តំបន់​អភិរក្ស ដូចជា​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់ និង​តំបន់​អភិរក្ស​ព្រៃព្រះរការ ជាដើម ដែល​សុទ្ធតែ​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ក៏​មាន​អាជ្ញាធរ​ដែល​ដើរ​តួនាទី​ជា​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​ថែម​ទៀត។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រូបលោក​មាន​ទាំង​ឯកសារ និង​ភស្តុតាង​ច្រើន​ណាស់​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​តំបន់​អភិរក្ស​ក្នុង​ខេត្ត​ព្រះវិហារ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ដែល​យកចិត្ត​ទុកដាក់​ពិនិត្យ​មើល​របាយការណ៍​ទាំងនេះ​ឡើយ ដូច្នេះ​ហើយ​ទើប​បទល្មើស​ទាំងនេះ​កើតឡើង​កាន់តែ​ច្រើន​ឡើងៗ​បែប​នេះ។

កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២១ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ទោះបី​កម្ពុជា​មាន​ច្បាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​កម្ពុជា​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ចាប់តាំងពី​ទសវត្សរ៍​ ឆ្នាំ​១៩៧០ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស