33.8 C
Phnom Penh

ទំនាស់​ពាក្យសម្ដី​រវាង​បណ្ឌិត​ល្បី​ឈ្មោះ​ជាមួយ​តម្រួត​ចរាចរណ៍​ផ្លូវគោក​រឿង​វាស់​កម្រិត​គ្រឿង​ស្រវឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ថា​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខ្លះ​បាន​យក​ភារកិច្ច និង​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ធ្វើ​ជា​មុខរបរ​ស្រប​ច្បាប់​នៅ​លើ​ដងផ្លូវ ព្រោះតែ​ពួកគេ​ទទួល ៧០% ពី​លុយ​ដែល​ផាក​ពិន័យ ដូច្នេះ​ទើប​ពួកគេ​ខំប្រឹង​ផាក​ពិន័យ​រហូត​ពេល​ខ្លះ​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា លើកឡើង​កាលពី​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​លើ​ដងផ្លូវ​ស្ទើរតែ​ក្លាយ​ទៅ​ជា​មុខរបរ​ស្រប​ច្បាប់​សម្រាប់​កងកម្លាំង​នគរបាល​មួយ​ចំនួន​ទៅ​ហើយ ព្រោះតែ​ពួកគេ​ទទួល​បាន​លុយ​យ៉ាង​ច្រើន​ពី​ការ​អនុវត្ត​សកម្មភាព​នេះ។

បណ្ឌិត គិន ភា លើកឡើង​ថា លុយ​ដែល​ពួកគេ​ផាក​ពិន័យ​បាន​ពី​ប្រជាពលរដ្ឋ​ត្រូវ​បាន​បែងចែក​ទៅ​ឱ្យ​ប៉ូលិស​អនុវត្ត​ច្បាប់​នៅ​នឹង​កន្លែង ៧០% ដែល​ជា​លុយ​សុទ្ធ និង​បែងចែក​ទៅ​ឱ្យ​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក និង​សណ្ដាប់ធ្នាប់ ១៦%។ ជាង​នេះ​ទៀត ត្រូវ​បែងចែក​ទៅ​ឱ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ខេត្ត ៩% និង​ត្រូវ​បែងចែក​ទៅ​តាម​ស្រុក-ខណ្ឌ​ចំនួន ៥% ផង​ដែរ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា បើ​ពួកគេ​ទទួល​បាន​ភាគរយ​ច្រើន ហើយ​ជា​លុយ​សុទ្ធ​បែប​នេះ តើ​នរណា​ដែល​ថា​មិន​ខំប្រឹង​នោះ។

កាលពី​យប់​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ករណី​ប៉ះទង្គិច​ដោយ​ហិង្សា​មួយ​បាន​កើតឡើង​រវាង​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ជាមួយ​នឹង​កម្លាំង​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ស្ថិត​លើ​ផ្លូវ​ហាណូយ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​តម្រូវ​ឱ្យ​បណ្ឌិត សុខ ទូច វាស់​កម្រិត​ជាតិ​អាល់កុល​អំឡុង​បើកបរ។

ជុំវិញ​ករណី​នេះ បណ្ឌិត សុខ ទូច សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ កុម្ភៈ ថា ពិត​មែន​តែ​លោក​បាន​ទទួលទាន​ស្រាបៀរ​អស់ ១​កំប៉ុង ប៉ុន្តែ​លោក​បាន​សហការ​ជាមួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដោយ​ផ្លុំ​ឧបករណ៍​វាស់​កម្រិត​ជាតិ​អាល់កុល​ចំនួន ៣​ដង តែ​មិន​ឃើញ​កម្រិត​ជាតិ​អាល់កុល​តាម​ការ​ចង់បាន​របស់​ប៉ូលិស​ឡើយ។

បណ្ឌិត សុខ ទូច អះអាង​ថា ចំណុច​ដែល​បណ្តាល​ឱ្យ​មាន​ទំនាស់ គឺ​ពេល​លោក​បាន​ស្នើសុំ​ទុយោ​ថ្មី​ដើម្បី​ផ្លុំ​វាស់​កម្រិត​ជាតិ​អាល់កុល ព្រោះ​លោក​ខ្លាច​ឆ្លង​រោគ​ពី​អ្នក​ផ្លុំ​មុនៗ ស្រាប់តែ​សមត្ថកិច្ច​ប្រើ​សម្ដី​ប្រមាថ​មាក់ងាយ​លើ​រូបលោក ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅវិញ ហើយ​ដោយសារតែ​បែប​នេះ លោក​ក៏​បាន​ផ្ទុះ​កំហឹង​ដើរ​ចាកចេញ​ពី​ទីនោះ​តែម្តង។

ជុំវិញ​បញ្ហា​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​រិះគន់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ទាំងនោះ​ព្រោងព្រាត ជាក់ស្តែង ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ យូ សារ៉ាវុឌ្ឍន៍ លើកឡើង​ចំ​ឈ្មោះ​មន្ត្រី​នគរបាល​ដែល​បាន​ប្រើ​សម្ដី​ប្រមាថ​បណ្ឌិត សុខ ទូច ថា​មន្ត្រី​នគរបាល​ខណ្ឌ​សែនសុខ ឈ្មោះ ហឿង វឿន គឺជា​អធិការរង​ទទួល​ផែន​ការងារ​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ប្រើ​ភាសា​គ្មាន​ក្រមសីលធម៌​លើ​បណ្ឌិត សុខ ទូច។

យ៉ាងណាមិញ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ករណី​បណ្ឌិត សុខ ទូច ជាមួយ​នគរបាល​ចរាចរណ៍​បាន​ក្លាយ​ជា​អាជីវកម្ម​ដោយ​មិន​ដឹង​ខ្លួន ហើយ​រឿង​នេះ​គ្មាន​អ្នក​ណា​ចំណេញ​នោះ​ឡើយ តែ​ផ្ទុយទៅវិញ​គឺ​ខាត​ទាំងអស់​គ្នា។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ពី​ការ​ចាប់​ផាក​ពិន័យ​ពី​មន្ត្រី​នគរបាល​ចំណុច​ផ្លូវ​ហាណូយ ខណ្ឌ​សែនសុខ នេះ ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា មន្ត្រី​នគរបាល​នៅ​ទីតាំង​នោះ​មាន​អត្តចរិត​កាច​សាហាវ ហើយ​បើ​មើល​តាម​ឫកពារ​របស់​ពួកគេ សម​តែ​ពួក​ចាប់​ជំរិត មិន​សម​ជា​មន្ត្រី​ប៉ូលិស​ទេ។

បើ​ការ​អះអាង​ពី​បណ្ឌិត គិន ភា ជា​ការពិត នោះ​មាន​ន័យ​ថា ថ្នាក់លើ​អនុញ្ញាត​ឲ្យ​ប៉ូលិស​យក​ភាគរយ​ជំនួស​ប្រាក់ខែ ហើយ​បើ​រក​បាន​ច្រើន ចែក​ទៅ​ថ្នាក់លើ​ផង។ គេ​អាច​ហៅថា​វិធី​នេះ​ជា​ល្បិច​ជំរិត​ទារ​ប្រាក់​ស្រប​ច្បាប់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស