អ្នកមានជម្លោះដីធ្លីពីខេត្តកោះកុងរាប់រយនាក់ បាននាំគ្នាឡើងមកប្រមូលផ្ដុំនៅមុខក្រសួងស្ថាប័នពាក់ព័ន្ធ និងខុទ្ទកាល័យរបស់បុរសខ្លាំង លោក ហ៊ុន សែន ដើម្បីជំរុញឲ្យមានដំណោះស្រាយវិវាទដីធ្លី និងទម្លាក់ចោលបទចោទប្រកាន់ ព្រមទាំងដោះលែងតំណាងពួកគេឲ្យមានសេរីភាពវិញ។
តំណាងពលរដ្ឋរងគ្រោះដីធ្លីស្រុកស្រែអំបិល ខេត្តកោះកុង អ្នកស្រី ផាវ ញ៉ើង លើកឡើងថា ពួកគាត់ឡើងមកភ្នំពេញជាថ្មីទៀតក្រោយពីក្រសួង និងស្ថាប័នពាក់ព័ន្ធមិនដោះស្រាយវិវាទដីធ្លីឲ្យពួកគាត់។ ក្រៅពីស្វែងរកដំណោះស្រាយហើយ លោកស្រីថាពួកគេស្នើសុំឲ្យក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោក ហ៊ុន សែន ជួយអន្តរាគមន៍ដោយជំរុញទៅតុលាការឲ្យទម្លាក់បទចោទប្រកាន់លើពលរដ្ឋចំនួន ៣២នាក់ដែលកំពុងរងគ្រោះដីធ្លី។ ក្នុងចំណោមពលរដ្ឋទាំង ៣២នាក់ ក៏មានលោកស្រីម្នាក់ដែរ ដោយរងបទចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបរិហារកេរ្តិ៍» ដែលក្រុមហ៊ុន និងលោក ហេង ហ៊ុយ ប្ដឹងក្រោយពីពួកគាត់បាននាំគ្នាចេញតវ៉ាទាមទារដំណោះស្រាយវិវាទដីធ្លី។
ពលរដ្ឋម្នាក់ទៀតក៏បានលើកឡើងដែរថា ពួកគាត់មានជម្លោះដីធ្លីជាមួយលោក ហេង ហ៊ុយ ដែលជាមន្ត្រីនគរបាលពាក់ផ្កាយ២ តាំងពីឆ្នាំ២០០៧ មកម៉្លេះ ហើយរហូតដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។ លោកស្រីថា លោក ហេង ហ៊ុយ បានរំលោភយកដីធ្លីពួកគាត់ហើយ ថែមទាំងប្ដឹងរូបគាត់ និងតំណាងសរុបចំនួន ៩នាក់ទៅតុលាការខេត្តកោះកុង ទៀត។
លោកស្រីចាត់ទុកការចោទប្រកាន់ និងការកាត់ទោសឲ្យលោកស្រីជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ដោយគ្រាន់តែទាមទារឲ្យមានដំណោះស្រាយរឿងដីធ្លីនេះ ថាជារឿងអយុត្តិធម៌។ លោកស្រីបញ្ជាក់ថា ពួកគាត់ឡើងមកភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោក ហ៊ុន សែន ចំនួន ២ដងរួចមកហើយ នៅតែមិនមានដំណោះស្រាយ ទើបពួកគាត់នាំគ្នាមកជាថ្មីទៀត ខណៈវិវាទដីធ្លីនេះបានអូសបន្លាយជាង ១០ឆ្នាំហើយនោះ។
មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងខេត្តកំពង់ស្ពឺ លោក ញ៉ិល ភាព ដែលតាមឃ្លាំមើលរឿងនេះ លើកឡើងថា អាជ្ញាធរគួរតែធ្វើការសម្របសម្រួលដោយជួយរកដំណោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ ជាជាងរារាំង និងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាប់ខ្លួន និងចោទប្រកាន់លើពលរដ្ឋដែលកំពុងរងគ្រោះ។
លោកចាត់ទុកការរារាំងពលរដ្ឋរងគ្រោះថាជាការបំបិទសិទ្ធិសេរីភាពការជួបប្រជុំ និងសម្ដែងមតិផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលជំរុញឲ្យដំណើរការប្រជាធិបតេយ្យដើរថយក្រោយ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធមិនដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋទេ លោកថាពលរដ្ឋនៅតែនាំគ្នាបន្តទាមទារទៀត ហើយវិវាទនេះនឹងមិនចប់ឡើយ។
លោក ញ៉ិល ភាព ជំរុញឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយជូនពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លីដែលបានអូសបន្លាយរាប់ឆ្នាំ និងកុំឲ្យពលរដ្ឋឡើងមកតវ៉ាបន្តទៀត។
បើតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចេញកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានរកឃើញថា ក្នុងឆ្នាំ២០២១ ពលរដ្ឋចំនួនជិត ២ម៉ឺនគ្រួសារ (១៧០៣៣គ្រួសារ) បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លីដែលមានទំហំជាង ៥ម៉ឺនហិកតារ (៥២៦០១,៨៧ហិកតារ)។
អាដហុកឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លីចំនួន ១៥៧នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀតកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន៕