មេដឹកនាំបក្សប្រឆាំងដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា អះអាងថា លោកទទួលរងនូវភាពអយុត្តិធម៌អស់រយៈពេល ៥ឆ្នាំ បន្ទាប់ពីតុលាការបានចោទប្រកាន់ និងចាប់ខ្លួនលោកយកទៅឃុំទុកក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៧ កន្លងទៅ។
ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងនូវការរឹតត្បិតសេរីភាព លោក កឹម សុខា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះថា លោកសូមថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងសហគមន៍អន្តរជាតិដែលតែងតែតាមដាន និងទាមទារនូវសិទ្ធិសេរីភាពឲ្យរូបលោកដែលទទួលរងនូវភាពអយុត្តិធម៌អស់រយៈពេលជាង ៥ឆ្នាំកន្លងមក។
មេដឹកនាំបក្សប្រឆាំងដែលកំពុងតស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ លោក កឹម សុខា បានកោតសរសើរដល់សហមេធាវីការពារក្តីរបស់លោក និងពលរដ្ឋខ្មែរដែលតែងតែជួយការពារ លើកទឹកចិត្ត និងផ្តល់យុត្តិធម៌ដល់លោក ដោយបានចូលរួមផ្ទាល់ក្នុងតុលាការ និងតាមដាននៅខាងមុខតុលាការ ជាដើម បើទោះបីជាសវនាការលើសំណុំរឿងរបស់លោកត្រូវបានអូសបន្លាយរយៈពេលអស់ចំនួន ៥៥លើកហើយក៏ដោយ។
លោក កឹម សុខា បញ្ជាក់ថា បើទោះបីជាមិនទាន់មានសេរីភាពពេញលេញក៏ដោយ ប៉ុន្តែក្នុងនាមរូបលោកជាអ្នកមានជំនឿលើព្រះពុទ្ធសាសនា មានព្រហ្មវិហារធម៌ ប្រកាន់យកនូវគោលការណ៍អហិង្សា និងក្នុងនាមជាអ្នកគោរពប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដែលតែងតែធ្វើអំពើជាកុសល ស្គាល់បុណ្យ និងបាប កតញ្ញូចំពោះមាតុភូមិកម្ពុជា បុព្វការីជន ញាតិសន្តាន លោកនឹងទៅចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយពលរដ្ឋខ្មែរនៅតាមវត្តអារាមនាពេលឆាប់ៗខាងមុខនេះ។
លោកថា ការសម្រេចដោយអគតិ គឺជាអំពើបាប។
ការអះអាងនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរដែលតែងតែយកចិត្តទុកដាក់ និងចង់បានសិទ្ធិសេរីភាពជូនរូបលោក ស្របពេលដែលលោកកំពុងរងនូវភាពអយុត្តិធម៌សព្វថ្ងៃនេះ។
កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រុកចូលចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រដល់គេហដ្ឋានរបស់លោក ក្នុងពេលដែលលោកកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ ក្រោមបទចោទប្រកាន់ថាលោកត្រូវរ៉ូវគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែអស់រយៈពេល ៥ឆ្នាំមកនេះ តុលាការមិនដែលបានបង្ហាញភស្តុតាងណាមួយស្របតាមច្បាប់ថាលោក កឹម សុខា ពិតជាបានឃុបឃិតជាមួយរដ្ឋបរទេសដូចការចោទប្រកាន់របស់ខ្លួននោះឡើយ។
ជាងនេះទៀត តុលាការកម្ពុជាក៏មិនដែលហៅរដ្ឋបរទេសដែលខ្លួនបានចោទប្រកាន់ថាបានឃុបឃិតជាមួយលោក កឹម សុខា មកបំភ្លឺក្នុងសវនាការរបស់ខ្លួនដែរ ប៉ុន្តែតុលាការតែងប្រើសំណួរផ្សេងៗចោទសួរលោក កឹម សុខា រាល់ពេលបើកសវនាការម្តងៗ ជាពិសេសទាក់ទងនឹងការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ កន្លងទៅ ដែលគេមើលឃើញតុលាការកំពុងមានចេតនាអូសបន្លាយសវនាការនេះ ជាជាងការស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់។
បើទោះបីជាអស់រយៈពេល ៥ឆ្នាំនៃការរឹតត្បិតសេរីភាពលោក កឹម សុខា ដោយមិនទាន់អាចកាត់ទោសលោកពីបទល្មើសណាមួយក៏ដោយ ប៉ុន្តែកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងដកហូតយកអាសនៈតំណាងរាស្ត្ររបស់បក្សនេះទាំងអស់ ព្រមទាំងយកអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងជាង ៥ពាន់នាក់ទៅបែងចែកឱ្យគណបក្សផ្សេងថែមទៀត ទាំងដែលខ្លួនមិនទាន់បានកាត់ទោសមេដឹកនាំបក្សរបស់ពួកគេពីបទឃុបឃិតជាមួយរដ្ឋបរទេសណាមួយនៅឡើយនោះ៕