34 C
Phnom Penh

មហាក្សត្រិយ៍ Elizabeth II នៃ​ចក្រភព​អង់គ្លេស​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៩៦​ព្រះវស្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រិយានី Elizabeth II បាន​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ ៩៦​ព្រះវស្សា​នៅ​ព្រះរាជដំណាក់ Balmoral របស់​ព្រះអង្គ ដែល​ស្ថិត​នៅ​ប្រទេស​ស្កុតឡែន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ព្រះបរមរាជវាំង Buckingham។

សេចក្តី​ប្រកាស​នោះ​បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រិយានី​បាន​សោយ​ទិវង្គត​ដោយ​ស្ងប់​នៅ​ព្រះរាជដំណាក់ ឬ​ព្រះ​បរម​វិមាន Balmoral នា​រសៀល​ល្ងាច​ថ្ងៃទី​៨ កញ្ញា។

ព្រះមហាក្សត្រិយានី Elizabeth ទី​២ ជា​មហាក្សត្រិយ៍​ដែល​បាន​សោយរាជ្យ​ដ៏​យូរ​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រះរាជវង្ស​នៃ​ចក្រភព​អង់គ្លេស។ គិត​ត្រឹម​ឆ្នាំ​២០២២ នេះ មហាក្សត្រិយ៍​បាន​គ្រប់គ្រង​រាជវង្ស​នេះ​រយៈពេល ៧០​ឆ្នាំ។

ព្រះមហាក្សត្រិយានី Elizabeth II ត្រូវ​បាន​គេ​ស្គាល់​ទ្រង់​ថា​ជា​ស្ដេច​នៃ​ចក្រភព​អង់គ្លេស ហើយ​ក៏​ជា​ក្សត្រិយ៍​គ្រង​លើ​រាជបុរី​ប្រមាណ​ជា ១៤​រាជបុរី​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក។

យោង​តាម​ព្រះរាជ​ប្រវត្តិ​ផ្លូវការ​របស់​ទ្រង់ គឺ​ព្រះមហាក្សត្រិយានី Elizabeth II ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​១៩២៦ បើ​គិត​មក​ដល់​ឆ្នាំ​២០២២ នេះ ទ្រង់​មាន​ព្រះ​ជន្មាយុ ៩៦​ព្រះវស្សា​ហើយ។ ទ្រង់​បាន​រាជាភិសេក​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧ ជាមួយ​នឹង​ព្រះអង្គម្ចាស់ Philip Mountbatten។

នៅ​ក្នុង​កិច្ច​ព្រះរាជ​អាវាហមង្គល​ជាមួយ​នឹង​ព្រះអង្គម្ចាស់ Philip Mountbatten ព្រះមហាក្សត្រិយានី Elizabeth II បាន​ផ្តល់​កំណើត​ព្រះរាជ​បុត្រា​បុត្រី​ចំនួន ៤​អង្គ។ ព្រះរាជ​អាវាហមង្គល​នេះ​មាន​រយៈពេល ៧៣​ឆ្នាំ រហូត​ដល់​ការ​សោយ​ទិវង្គត​នៃ​ព្រះអង្គម្ចាស់ Philip Mountbatten កាលពី​ខែ​មេសា ឆ្នាំ​២០២១។

ព្រះមហាក្សត្រិយានី Elizabeth II បាន​ឡើង​គ្រង​ព្រះ​សិរី​រាជ្យ​សម្បត្តិ​ក្នុង​ព្រះជន្ម ២៥​ព្រះវស្សា នៅ​ឆ្នាំ​១៩៥២ បន្ទាប់ពី​ព្រះបិតា គឺ​ព្រះមហាក្សត្រ George VI ចូល​ទិវង្គត។ ជា​រួម ព្រះអង្គ​បាន​គ្រង​ព្រះ​សិរី​រាជ្យ​សម្បត្តិ​មាន​រយៈពេល​រហូត​ដល់​ទៅ ៧០​ឆ្នាំ គឺ​បាន​សោយរាជ្យ​យូរ​ជាង​មហាក្សត្រ​ដទៃ​ទៀត​នៃ​ពិភពលោក។

ព្រះអង្គម្ចាស់ Charles ដែល​ជា​ព្រះរាជ​បុត្រា​ច្បង នឹង​ឡើង​សោយរាជ្យ​បន្ត​ជា​ព្រះមហាក្សត្រ​អង់គ្លេស។

ព្រះអង្គម្ចាស់ Charles ឬ​ព្រះនាម​ពេញ Charles Phillip Arthur George ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ប្រកាស​ជា​ព្រះមហាក្សត្រ​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ដោយ​មាន​គោរមងារ​ថា ព្រះមហាក្សត្រ Charles ទី​៣។ ព្រះអង្គម្ចាស់ Charles មាន​ព្រះជន្ម ៧៣​ព្រះវស្សា នឹង​ក្លាយ​ជា​មហាក្សត្រ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ដែល​ឡើង​គ្រងរាជ្យ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស​ក្នុង​រយៈពេល​ជាង ១០០០​ឆ្នាំ​មក​នេះ។

នៅ​ពេល​ទទួល​ដំណឹង​ថា​ព្រះមហាក្សត្រិយានី Elizabeth II សោយ​ទិវង្គត គេ​សង្កេត​ឃើញ​មេដឹកនាំ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​បាន​បញ្ជូន​សារ​ទៅ​រដ្ឋាភិបាល​អង់គ្លេស និង​ថ្វាយ​ព្រះអង្គម្ចាស់ Charles។ មេដឹកនាំ​ទាំងនោះ​គេ​អាច​រាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​អ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​ឥណ្ឌា នាយករដ្ឋមន្ត្រី​ជប៉ុន នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ជាពិសេស​តំណាង​ដែនដី​សមូហ​សម្បត្តិ​ក្រោម​អាណាចក្រ​អង់គ្លេស ហៅថា British Commonwealth ទូទាំង​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស