33 C
Phnom Penh

អ្នកវិភាគ​រិះគន់​លោក ហ៊ុន សែន ថា​ចេះ​ឲ្យ​តម្លៃ​សេ្តច​ប្រទេស​ផ្សេង ប៉ុន្តែ​មិន​ចេះ​ឲ្យ​តម្លៃ​សេ្តច​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា ព្រះ​មហាក្សត្រិយ៍​ចក្រភព​អង់គ្លេស អេលីហ្សាប៊ែត ទី​២ (Elizabeth II) ដែល​ទើប​នឹង​យាង​ចូល​ទិវង្គត​ជា​ឥស្សរជន​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​មួយ​អង្គ​ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​រាជកិច្ច រាជ​វិន័យ និង​ប្រកប​ដោយ​ព្រះរាជ​បញ្ញាញាណ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​បន្ទាប់ពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី​២ នៅ​ស្ថានទូត​អង់គ្លេស កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ព្រះ​មហាក្សត្រិយ៍ អេលីហ្សាប៊ែត នឹង​គង់​នៅ​ក្នុង​ការ​ចងចាំ​របស់​ប្រជាជន​អង់គ្លេស​គ្រប់ៗ​រូប និង​ពលរដ្ឋ​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​ជា​រៀង​រហូត។

មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​គំរាមកំហែង​ពលរដ្ឋ​ខ្លួនឯង​រូប​នេះ អះអាង​ថា ការ​យាង​សោយ​ទិវង្គត​របស់​ព្រះ​មហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី​២ នេះ គឺជា​ការ​បាត់បង់​ដ៏​មហិមា មិន​ត្រឹមតែ​ចំពោះ​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បាត់បង់​ចំពោះ​ពិភពលោក​ទាំងមូល​ផង​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​សូម​សម្ដែង​នូវ​ការ​សោកស្តាយ និង​ភាព​ក្រៀមក្រំ​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ទទួល​ដំណឹង​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះ​មហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី​២ នៃ​ចក្រភព​អង់គ្លេស ដែល​បាន​សោយ​ទិវង្គត​នៅ​ប្រទេស​ស្កុតឡែន កាលពី​ពេល​ថ្មីៗ​នេះ។

ម្ចាស់​ក្សត្រិយ៍​នៃ​ចក្រភព​អង់គ្លេស​មាន​ព្រះនាម​ផ្លូវការ Elizabeth Alexandra Mary Windsor ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​១៩២៦ និង​បាន​ឡើង​គ្រងរាជ្យ​ក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ​១៩៥៣ ដែល​បាន​ក្លាយ​ជា​ព្រះ​មហាក្សត្រី Elizabeth II ក្នុង​ព្រះជន្ម​ត្រឹមតែ ២៥​ព្រះវស្សា​ប៉ុណ្ណោះ។ ក្រោយ​គ្រងរាជ្យ​អស់​រយៈពេល​ប្រមាណ​ជា ៧០​ឆ្នាំ នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ទ្រង់​បាន​សោយ​ទិវង្គត​នៅ​ក្នុង​ប្រទេស​ស្កុតឡែន ក្នុង​ព្រះជន្ម ៩៦​ព្រះវស្សា ប៉ុន្តែ​ព្រះ​សព​របស់​ទ្រង់​បាន​បន្សល់​ទុក​នូវ​ព្រះ​កិត្តិនាម​ដ៏​ល្អ​អស្ចារ្យ ក្រោយ​ទ្រង់​បាន​ដឹកនាំ​ចក្រភព​អង់គ្លេស​ឱ្យ​រីកចម្រើន និង​សុខ​សន្តិភាព​អស់​រយៈពេល ៧០​ឆ្នាំ​កន្លងមក​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កញ្ញា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​បាន​លើក​តម្កើង និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រិយ៍​នៃ​ចក្រភព​អង់គ្លេស គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ទ្រង់​បាន​ធ្វើ​សមិទ្ធផល​ជូន​ជាតិ​អង់គ្លេស​យ៉ាង​ធំធេង។

លោក​បន្ត​ថា ប៉ុន្តែ​លោក ហ៊ុន សែន ភ្លេច​រំឭក​ឲ្យ​ចំ​សាច់រឿង​ថា ព្រះមហាក្សត្រិយានី​អង់គ្លេស​អាច​បំពេញ​ព្រះរាជ​តួនាទី​របស់​ទ្រង់​បាន​ជោគជ័យ ក៏​ដោយសារតែ​អ្នក​ដឹកនាំ និង​អ្នក​នយោបាយ​អង់គ្លេស​ចេះ​គោរព​ឱវាទ​របស់​ទ្រង់ ហើយ​ក៏​មិន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ដែរ។

លោក គឹម សុខ រិះគន់​ថា ចំណែកឯ​នៅ​កម្ពុជា​វិញ ពួក​អ្នក​ដឹកនាំ និង​អ្នក​នយោបាយ​ខ្លះ​មិន​ត្រឹមតែ​មិន​គោរព​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ខ្មែរ​ទេ ប៉ុន្តែ​ពួកគេ​ហ៊ាន​បំពាន ប្រមាថ គំរាម និង​រហូត​ដល់​កែ​រដ្ឋធម្មនុញ្ញ​បន្សាប​ឥទ្ធិពល​របស់​ព្រះអង្គ​ថែម​ទៀត។ ដូច្នេះ ពេល​លោក ហ៊ុន សែន សរសើរ​ព្រះមហាក្សត្រិយានី​អង់គ្លេស គាត់​គួរ​ចេះ​ខ្មាសអៀន​ក្រុម​អ្នក​ការទូត​អង់គ្លេស​ក្នុង​ពិធី​នោះ​ផង ចំពោះ​ទង្វើ​របស់​លោក​ដែល​បាន​បំពាន​ព្រះមហាក្សត្រ​ខ្លួនឯង​គ្រប់​រូបភាព​សព្វថ្ងៃ​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ចោទ​សួរ​ថា តើ​លោក ហ៊ុន សែន ដែល​ធ្លាប់​គោរព​តាម​ព្រះរាជ​តួនាទី​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះមហាក្សត្រ​បច្ចុប្បន្ន​នេះ ដែល​មាន​ព្រះរាជ​បំណង​ឲ្យ​ពួក​មេដឹកនាំ​ផ្សះផ្សា​ជាតិ​នា​ពេល​កន្លងមក​ដែរ​ឬ​ទេ?

កាលពី​ឆ្នាំ​២០០៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ ប្រសិនបើ​ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ មិន​ព្រម​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ស្ដីពី​ព្រំដែន​កម្ពុជា-វៀតណាម តាម​ការ​ចង់​បាន​របស់​លោក​ទេ​នោះ។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៧ ចែង​ថា ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រងរាជ្យ​សម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ហើយ​ព្រះអង្គ​ទ្រង់​នឹង​គង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​ពេញ​មួយ​ជីវិត។ ជាង​នេះ​ទៀត ព្រះមហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស