29 C
Phnom Penh

តំណាងរាស្ត្រ​អាមេរិកាំង​មួយ​រូប​ព្រមាន​ពី​អវត្តមាន​លោក កឹម សុខា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​សហរដ្ឋ​អាមេរិកាំង​មួយ​រូប​ដែល​ជា​ជើងឯក​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមាន​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នឹង​គ្មាន​ន័យ ប្រសិនបើ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​អាច​ចូលរួម​បាន​នោះ។

តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Alan Lowenthal បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ក្នុង​ពិធី​ទទួលទាន​ភោជនាហារ​សាមគ្គី​របស់​សហគមន៍​ខ្មែរ​ដើម្បី​អបអរ​សាទរ និង​ផ្តល់​កិត្តិយស​សម្រាប់​ការ​ចូល​និវត្តន៍​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​ព្រម​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទៅលើ​លោក កឹម សុខា ដើម្បី​ឲ្យ​លោក​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាងមុខ​ទេ នោះ​ការ​បោះឆ្នោត​ក៏​មិន​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ដែរ។

លោក Alan Lowenthal បាន​ប្រសិទ្ធិនាម​ដល់​លោក កឹម សុខា ថា​ជា​មេដឹកនាំ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​លំដាប់​ពិភពលោក​ដែល​កំពុង​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព យុត្តិធម៌​សង្គម សិទ្ធិ​មូលដ្ឋាន និង​ដើម្បី​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស។

ចំណែក​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​របស់​អាមេរិក​មួយ​ទៀត​ពី​រដ្ឋ Massachusetts គឺ​លោក Ed Markey ក៏​ធ្លាប់​បាន​ប្រសិទ្ធិនាម​ដល់​លោក កឹម សុខា ថា​ជា មហាត្មះ គន្ធី នៅ​កម្ពុជា​ផង​ដែរ។

លោក Alan Lowenthal អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​បើក​លំហ​សេរីភាព​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ នោះ​ការ​បោះឆ្នោត​អាណត្តិ​ទី​៦ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ ក៏​មិន​ខុសពី​ការ​រឹតត្បិត​សេរីភាព​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កាលពី​ឆ្នាំ​២០១៧ ដូច្នោះ​ដែរ ដែល​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នក​នយោបាយ​ជាច្រើន​រូប​នៅ​ពេល​នោះ។

តំណាងរាស្ត្រ​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​អះអាង​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​តុលាការ​កម្ពុជា​នៅតែ​បន្ត​សំណុំរឿង​របស់​លោក កឹម សុខា ដោយ​គ្មាន​ទី​បញ្ចប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក កឹម សុខា កំពុង​ត្រូវ​បាន​តុលាការ​កម្ពុជា​បន្ត​រឹតត្បិត​សេរីភាព​ជា​បន្តបន្ទាប់ ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា​តុលាការ​មាន​បំណង​ពន្យារ​ពេល​ដើម្បី​រារាំង​កុំ​ឱ្យ​លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ចាប់ពី​ដើមខែ​សីហា ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មក សហគមន៍​អន្តរជាតិ​ដែល​ជា​មិត្ត​របស់​កម្ពុជា បាន​នាំគ្នា​មក​ជួប​លោក កឹម សុខា ជា​បន្តបន្ទាប់ ដូចជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី Penny Wong ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក KANO Takehiro អនុប្រធាន​សហភាព​អឺរ៉ុប លោក Josep Borrell Fontelles និង​ឯកអគ្គរាជទូត​ន័រវែស អ្នកស្រី Kjersti Rodsmoen ជាដើម។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ដែល​តំណាង​ឱ្យ​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់ សុទ្ធតែ​នាំគ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​ឱ្យ​លោក​អាច​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ឡើងវិញ ជាពិសេស​គឺ​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស