38.8 C
Phnom Penh

មហាអំណាច​រុស្ស៊ី​ជួប​រឿង​បរាជ័យ​ធ្ងន់ធ្ងរ​ពីរ​ដង​ក្នុង​រយៈពេល​២០០​ថ្ងៃ​នៃ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រុស្ស៊ី គឺជា​មហាអំណាច​យោធា​លំដាប់​ទី​២ នៃ​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក។ ប្រទេស​ដ៏​ធំ​នេះ​មាន​កងទ័ព​សកម្ម​ដល់ ៩០​ម៉ឺន​នាក់ មាន​រថក្រោះ ២៩២៧​គ្រឿង យន្តហោះ​ចម្បាំង ១៨៤៦​គ្រឿង និង​ឧទ្ធម្ភាគចក្រ ៨៣២​គ្រឿង។

ចំណែក​អ៊ុយក្រែន​វិញ​មាន​កងទ័ព​សកម្ម​ចំនួន ២០​ម៉ឺន​នាក់ មាន​រថក្រោះ ៨៥៨​គ្រឿង មាន​យន្តហោះ​ចម្បាំង ១៨៧​គ្រឿង និង​ឧទ្ធម្ភាគចក្រ ៤៦​គ្រឿង។ តាម​ការ​បង្ហាញ​តួលេខ​នៃ​កម្លាំង​ទ័ព និង​សព្វាវុធ​នេះ គឺ​អ៊ុយក្រែន​មិន​អាច​ប្រៀបធៀប​នឹង​រុស្ស៊ី​បាន​ឡើយ។

បើ​យោង​តាម​តារាង​ប្រៀបធៀប​របស់​គេហទំព័រ Global Fire Arm ឲ្យ​ដឹង​ថា រុស្ស៊ី​ជា​មហាអំណាច​យោធា​លំដាប់​ទី​២ នៃ​ពិភពលោក ហើយ​អ៊ុយក្រែន​លំដាប់​ទី​២១ ក្នុង​ចំណោម ១៤២​ប្រទេស​ដែល​មាន​កងទ័ព​រាប់​ពី ១០​ម៉ឺន​នាក់​ឡើង​ទៅ។

បច្ចុប្បន្ន រុស្ស៊ី​មាន​ទ័ព​សរុប​ជាង ១​លាន ៣​សែន​នាក់ ហើយ​អ៊ុយក្រែន​មាន ៥០​ម៉ឺន​នាក់។ នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ រុស្ស៊ី​បាន​លើក​ទ័ព​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន ចំនួន ២០​ម៉ឺន​នាក់ គឺ​ស្មើ​នឹង​ទ័ព​សកម្ម​របស់​អ៊ុយក្រែន។ រុស្ស៊ី​ប្រកាស​ថា​នឹង​ប្រើ​ពេលវេលា​នៃ​សង្គ្រាម​តែ ៧២​ម៉ោង ឬ​យ៉ាង​យូរ​មួយ​សប្ដាហ៍ នឹង​វាយ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ដោយ​វាយ​កាន់កាប់​រដ្ឋធានី​គៀវ បាន​ទាំងស្រុង។

ប៉ុន្តែ​ផ្ទុយទៅវិញ រុស្ស៊ី​ដែល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង លោក វ៉្លាឌីមៀរ ពូទីន បាន​កំពុង​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​ចំនួន ២០១​ថ្ងៃ​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​១២ ខែ​កញ្ញា។ រយៈពេល ២០១​ថ្ងៃ​នេះ រុស្ស៊ី​មិន​ត្រឹម​លើក​ទ័ព​វាយ​កាន់កាប់​រដ្ឋធានី​គៀវ មិន​បាន​នោះ​ទេ គឺ​ថែមទាំង​ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​វាយ​បាក់​ទ័ព​រហូត​រត់​ប្រាស​អាយុ​ទៀត​ផង។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស រក​ឃើញ​រុស្ស៊ី​បាក់​ទ័ព​ដ៏​អាម៉ាស់ និង​ធ្ងន់ធ្ងរ គឺ​មាន ២​លើក​មក​ហើយ។

នៅ​ដើម​ខែ​មេសា រុស្ស៊ី​បាក់​ទ័ព​ព្រោះ​តែ​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​វាយបក​រុញច្រាន​យ៉ាង​ខ្លាំង រត់​ចោល​រថក្រោះ​ជាច្រើន​គ្រឿង ខណៈ​រថក្រោះ​រាប់​សិប​គ្រឿង​ត្រូវ​បាន​បាញ់​កម្ទេច​នៅ​ពេល​ទ័ព​រុស្ស៊ី​ស្ថិត​ក្នុង​ភាព​ទាល់ច្រក ពុំ​អាច​រុល​ចូល​ទីក្រុង​គៀវ ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី។ នេះ​ជា​រឿង​ដែល​មហាអំណាច​យោធា​មួយ​នេះ​ជួប​រឿង​បរាជ័យ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន អំឡុង ៤០​ថ្ងៃ​ដំបូង។

ឥឡូវ​នេះ រុស្ស៊ី​ជួប​រឿង​បរាជ័យ​បាក់​ទ័ព​មួយ​លើក​ទៀត​ហើយ ដែល​ជា​ការ​បាក់​ទ័ព​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ នៅ​ចំ​ពេល​ដែល​សង្គ្រាម​បាន​ឈាន​ដល់​រយៈពេល ២០០​ថ្ងៃ។ ទ័ព​រុស្ស៊ី​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​វាយ​ឱ្យ​រត់​ចោល​សព្វាវុធ​របស់​ខ្លួន ដោយ​បន្សល់​ទុក​រថក្រោះ កាំភ្លើង​ធំ និង​គ្រាប់រំសេវ​ពាសពេញ​សមរភូមិ​នៅ​ភាគ​ឥសាន​នៃ​តំបន់ Khakive និង​ភាគ​ខាងត្បូង​នៅ​តំបន់ Kherson។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​អ៊ុយក្រែន ឲ្យ​ដឹង​ថា មុន​នឹង​រុស្ស៊ី​បាក់​ទ័ព គឺ​កងទ័ព​របស់​ប្រទេស​មហាអំណាច​នេះ​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ពី ២០០ ទៅ ៣០០​នាក់ ដោយ​ការ​វាយបក​របស់​កងទ័ព​អ៊ុយក្រែន​លឿន​ដូច​ផ្លេកបន្ទោរ។ អ៊ុយក្រែន​ចាប់ផ្ដើម​វាយ​សន្ធប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃទី​១១ ខែ​កញ្ញា ទៅ​លើ​ទឹកដី​ដែល​កងទ័ព​រុស្ស៊ី​វាយ​កាន់កាប់​បាន​ពី​ទ័ព​អ៊ុយក្រែន។

អាវុធ​ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​បាក់​ទ័ព គឺ​ការ​វាយប្រហារ​ដោយ​ប្រព័ន្ធ​រ៉ុក្កែត Himars ជា​អាវុធ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​អម​ដោយ​កាំភ្លើងធំ និង​ប្រព័ន្ធ​មីស៊ីល​របស់​ពួក​បស្ចិម​ប្រទេស។ នៅ​ក្នុង​ការ​ថ្លែង​សារ​ជា​វីដេអូ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ កញ្ញា លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ថ្លែង​អបអរ​ចំពោះ​ជ័យជម្នះ​របស់​កងកម្លាំង​អ៊ុយក្រែន ដែល​បាន​ប្រយុទ្ធ​ដណ្តើម​បាន​មក​វិញ​នូវ​ដែនដី​កាន់តែ​ច្រើន​ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

បញ្ជាការ​កងទ័ព​អ៊ុយក្រែន​នៅ​ភាគ​ខាងត្បូង ប្រកាស​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ទ័ព​អ៊ុយក្រែន​បាន​ដណ្តើម​មក​វិញ​នូវ​ផ្ទៃដី​ទំហំ​ជាង ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ។ ចំពោះ​ដំណឹង​ដែល​ថា​រុស្ស៊ី​បាក់​ទ័ព​នៅ​ភាគ​ឥសាន និង​ភាគ​ខាងត្បូង​ប្រទេស ក៏​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ទទួលស្គាល់​ដែរ។ ប៉ុន្តែ​ក្រុង​មូស្គូ អះអាង​ថា គឺជា​ការ​ដក​ទ័ព​ដើម្បី​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ខេត្ត Donetsk នៅ​ភាគ​ខាងកើត​ប្រទេស ហើយ​មាន​ផែនការ​វាយ​សន្ធប់​យក​ខេត្ត​នេះ​ឲ្យ​បាន។

មើល​ទៅ រុស្ស៊ី​ចង់​ប្រាប់​ទៅ​ពិភពលោក​ថា ខ្លួន​គេ​ដក​ទ័ព​នេះ គឺជា​យុទ្ធសាស្ត្រ មិនមែន​ដក​ថយ​ដោយ​បរាជ័យ​ទេ។

តែ​យ៉ាងណាក៏ដោយ រូបភាព​ដែល​ត្រូវ​បាន​ចែកចាយ​ពី​សមរភូមិ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សម្ភារៈ​យោធា​របស់​រុស្ស៊ី មាន​រថក្រោះ រថពាសដែក អាវុធ គ្រាប់កាំភ្លើង​យ៉ាង​ច្រើន​ត្រូវ​ឆេះ​ខ្លោច ឬ​បោះបង់​ចោល និង​រថក្រោះ​ខ្លះ​ទៀត​បរ​ទៅ​ទម្លាក់​ចោល​ក្នុង​ទន្លេ ខណៈ​កងទ័ព​រុស្ស៊ី​បាន​រត់​ភៀសខ្លួន​យក​តែ​ប្រាស​អាយុ​ប៉ុណ្ណោះ។

តាម​ដំណឹង​ចុងក្រោយ គឺ​ក្រោយពី​បាក់​ទ័ព រុស្ស៊ី​បាន​បាញ់​ផ្លោង​គ្រាប់​មីស៊ីល គ្រាប់កាំភ្លើង​ធំ និង​ការ​វាយប្រហារ​ពី​ទ័ព​អាកាស​លើ​គោលដៅ​របស់​អ៊ុយក្រែន នៅ​តំបន់ Kharkiv ខណៈ​កងទ័ព​អ៊ុយក្រែន កំពុង​វាយ​សម្រុក​កាន់តែ​លឿន​ទៅ​មុខ​នៅ​ភាគ​ខាងជើង​នៃ​តំបន់​មួយ​នេះ​ដែល​ជាប់​នឹង​ព្រំដែន​រុស្ស៊ី។ នេះ​បើ​យោង​តាម​សារព័ត៌មាន TASS របស់​រុស្ស៊ី ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១២ កញ្ញា។

អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយក្រែន ឧត្តមសេនីយ៍ Valeriy Zaluzhnyi បាន​ឱ្យ​ដឹង​ថា ទ័ព​អ៊ុយក្រែន​បាន​វាយ​រុល​ជិត​ដល់​ព្រំដែន​រុស្ស៊ី​ហើយ គឺ​នៅ​សល់​តែ ៥០​គីឡូម៉ែត្រ​ទៀត​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស