35 C
Phnom Penh

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ជា​អគារ​និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​មួយ​សម្រាប់​ខេត្ត​ព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​សម្រេច​ផ្តល់​ជំនួយ​ជា​អគារ និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​មួយ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នៃ​ប្រទេស​កម្ពុជា ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជិត ៣​សែន​នាក់។

រោងចក្រ​នេះ​មាន​ទីតាំង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ១៦ មករា និង​ជា​មូលនិធិ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ហើយ​ត្រូវ​បាន​សាងសង់​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​យូនីសេហ្វ (UNICEF) និង​ក្រសួង​សុខាភិបាល​កម្ពុជា។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy មាន​ប្រសាសន៍​ថា៖ «ម៉ាស៊ីន​នេះ​នឹង​បំពេញ​តម្រូវការ​ផលិត​អុកស៊ីសែន​សម្រាប់​សេវា​សំខាន់ៗ ដូចជា​ការ​ព្យាបាល​អ្នកជំងឺ COVID-19 ការ​តាមដាន និង​ការ​ព្យាបាល​ជំងឺ​សង្គ្រោះ​បន្ទាន់»

លោក​បន្ត​ថា វា​ជា​ផ្នែក​មួយ​ក្នុង​ទឹកប្រាក់​ជាង ១៦​លាន​ដុល្លារ​នៅ​ក្នុង​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត​នៅ​កម្ពុជា និង​ជា​ការ​បង្ហាញ​អំពី​ចំណង​ទាក់ទង​ដ៏​រឹងមាំ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​នេះ ជា​ទីតាំង​ដំបូង​គេ​នៅ​ក្នុង​ខេត្ត ហើយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ១៦ មករា បាន​បម្រើ​ដល់​ស្រុក​ចំនួន​៧ ដែល​មាន​ពលរដ្ឋ​ប្រមាណ ២​សែន ៨​ម៉ឺន ៤​ពាន់​នាក់។ បន្ថែម​ពី​លើ​ការ​ផ្តល់​ការ​គាំទ្រ​យ៉ាង​សំខាន់​សម្រាប់​ការ​ថែទាំ​អ្នកជំងឺ COVID-19 ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ដែល​អាច​ជឿ​ទុកចិត្ត នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សហគមន៍​ដែល​ពឹងផ្អែក​លើ​សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ។

អ្នកស្រី Foroogh Foyouzat តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ថា អុកស៊ីសែន​អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​រវាង​ជីវិត និង​សេចក្តី​ស្លាប់។ អ្នកស្រី​បន្ត​ថា នេះ​ជា​មូលហេតុ​ដែល​អង្គការ​យូនីសេហ្វ​កំពុង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កែលំអ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន និង​ហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹម​នឹង​ការ​កសាង​សមត្ថភាព​បុគ្គលិក​សុខាភិបាល​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ថែម​ទៀត។

អ្នកស្រី Foroogh Foyouzat សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហរដ្ឋ​អាមេរិក និង​ជាពិសេស​ទីភ្នាក់ងារ USAID សម្រាប់​ជំនួយ​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​សម្រាប់​សង្គ្រោះ​ជីវិត​នេះ ដែល​នឹង​ជួយ​លើក​កម្ពស់​សុខភាព​ថ្ងៃ​នេះ និង​បង្កើត​ភាព​ធន់​ចំពោះ​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​អនាគត។

ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ជា​ម៉ាស៊ីន​ដែល​អាច​ផលិត​អុកស៊ីសែន​ចំនួន ៣០០​លីត្រ​ក្នុង​មួយ​នាទី (LPM) ជាមួយ​នឹង​ស្ថានីយ​ផ្ទុក​ដែល​មាន​បំពង់​ស៊ីឡាំង និង​ត​ភ្ជាប់​ទៅ​បំពង់​អុកស៊ីសែន​របស់​មន្ទីរពេទ្យ។

ជា​លទ្ធផល គម្រោង​នេះ​នឹង​ជួយ​មន្ទីរពេទ្យ​ឈប់​ទិញ​បំពង់​អុកស៊ីសែន​ពី​អ្នក​ផ្គត់ផ្គង់​ឯកជន​បញ្ជូន​បំពង់​អុកស៊ីសែន​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​ឆ្ងាយៗ​សម្រាប់​បំពេញ​ឡើងវិញ​ឡើយ។ ដូច្នេះ វា​នឹង​ជួយ​សន្សំ​សំចៃ​ពេលវេលា ថវិកា និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​កង្វះ​អុកស៊ីសែន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការ​ព្យាបាល​អ្នកជំងឺ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស