28.4 C
Phnom Penh

មេ​ឈ្មួញ​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ជា​ឧត្ដមសេនីយ៍ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ឈ្មួញ​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ម្នាក់​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​តែងតាំង​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្ដិ​លោក ចាប សារ៉ន ពី​ថ្នាក់​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ មុន​ពេល​លោក​ចូល​និវត្តន៍។

កាលពី​ពេល​ថ្មីៗ​នេះ លោក ចាប សារ៉ន ត្រូវ​បាន​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត និង​ចាត់​វិធានការ​មន្ត្រី​ជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​រូប​នេះ​ដែល​រង​ការ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​ករណី​រកស៊ី​ជួញដូរ និង​កាប់​បំផ្លាញ​ព្រៃឈើ។

លោក សៅ សុខា ធ្លាប់​អះអាង​ថា លោក​នឹង​ចាត់​វិធានការ​លើ​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ ចាប សារ៉ន និង​មន្ត្រី​កងរាជអាវុធហត្ថ​ផ្សេង​ទៀត ដោយ​ថា​ប្រសិនបើ​ទុក​មន្ត្រី​ទាំងនោះ​ឲ្យ​បន្ត​ធ្វើការ​ទៀត វា​នឹង​បង្ក​ភាព​ចង្រៃ​បង្កើត​រឿង​នៅ​ក្នុង​កងរាជអាវុធហត្ថ​មិន​ខាន។

លោក សៅ សុខា បាន​ចេញ​បញ្ជា​ឲ្យ​ស្រាវជ្រាវ ហើយ​ថា​ប្រសិនបើ​រក​ឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ណា​ជាប់​ពាក់ព័ន្ធ និង​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ គឺ​ត្រូវ​អនុវត្ត​ច្បាប់​លក្ខន្តិកៈ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​បណ្ដេញ​ចេញពី​ជួរ​កងទ័ព ហើយ​បើ​មាន​ភស្តុតាង​ត្រូវ​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់។

នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ ក្រសួង​ការពារ​ជាតិ បាន​ចេញ​លិខិត​មួយ​ឱ្យ​វរសេនីយ៍ឯក ចាប សារ៉ន នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចូលរួម​បង្ហាញ​ភស្តុតាង និង​បង្ហាញ​មុខ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ស្នើសុំ ពាក់ព័ន្ធ​ករណី​កាប់​ឈើ និង​ប្រមូល​ទិញ​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ។

លោក​វរសេនីយ៍ឯក ចាប សារ៉ន ដែល​ជា​កងកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បច្ចុប្បន្ន​គឺ​ជា​មេ​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ខុស​ច្បាប់​យ៉ាង​សកម្ម​នៅ​តំបន់​ព្រៃឡង់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដែល​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន PNT ជា​កន្លែង​ប្រមូល​ឈើ​ចេញពី​តំបន់​ការពារ ព្រមទាំង​បាន​ការ​ជ្រោមជ្រែង​ពី​មន្ត្រី​នៅ​តំបន់​នោះ​ទៀត​ផង។

លោក ចាប សារ៉ន បាន​ចូល​ទៅ​គ្រប់គ្រង​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក អំឡុង​ឆ្នាំ​២០២០។ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក ទទួល​បាន​សិទ្ធិ​ប្រមូល​ផល​អនុផល​ព្រៃឈើ​នៅ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​វៀតណាម PNT នៅ​ឆ្នាំ​២០១៨។

លោក ចាប សារ៉ន កើត​នៅ​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​១៩៦៨ នៅ​ភូមិ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​បារាយ ខេត្ត​កំពង់ធំ។ ឪពុក​របស់​លោក​ឈ្មោះ ចាប សារឿន នៅ​រស់​ដល់​បច្ចុប្បន្ន ម្ដាយ​ឈ្មោះ លន់ ធឿ បាន​ស្លាប់​បាត់បង់​ជីវិត ប្រពន្ធ​ឈ្មោះ វ៉ា សុខជា និង​មាន​កូន​ចំនួន ២​នាក់។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​កងរាជអាវុធហត្ថ​ជា​នាយរង​ការិយាល័យ​នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០០៥ ក្រោម​មុខជំនាញ​បំភ័ន្ត​អក្ខរៈ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ចាប សារ៉ន បាន​នៅ​ឡើយ​ទេ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា លោក​ជា​មេ​ឈ្មួញ​រកស៊ី​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់​ដែល​ជា​ព្រៃ​អភិរក្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស