គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) សម្រេចដាក់ផែនការបង្កើនការសហការគ្នារវាងគណបក្សក្រៅរដ្ឋាភិបាលឱ្យបាន ៣គណបក្សបន្ថែមទៀត ដើម្បីឲ្យគ្រប់ចំនួន ៧គណបក្ស មុនការចូលរួមបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ខាងមុខនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ កញ្ញា នេះថា ក្រុមរបស់លោកនឹងសម្របសម្រួលឲ្យមានការសហការគ្នាឲ្យបានគណបក្សចំនួន៧ ឆ្ពោះទៅរកគោលដៅតែមួយ ក្រោមគោលការណ៍ចែកមណ្ឌលគ្នាដើម្បីប្រមូលសំឡេងឆ្នោតដែលពលរដ្ឋម្ចាស់ឆ្នោតធ្លាប់គាំទ្រខ្លួន ប៉ុន្តែត្រូវបានគេបោះបង់ចោលដោយសារតែសំឡេងមិនគ្រប់ចំនួនក្នុងការទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់ធ្វើជាតំណាងរបស់ពលរដ្ឋនាពេលកន្លងមក។
លោកបន្តថា ការបង្កើតសម្ព័ន្ធភាពរវាងគណបក្សក្រៅរដ្ឋាភិបាលនឹងគ្មានប្រយោជន៍ទេ ប្រសិនបើការរួបរួមគ្នានេះគ្រាន់តែដើម្បីស្វែងរកកៅអីខ្លះក្នុងរដ្ឋសភា ដើម្បីកំដរបក្សកាន់អំណាចឲ្យគេធ្វើអ្វីៗស្រេចតែនឹងចិត្តដូចដែលបានឃើញនាពេលកន្លងមក ប៉ុន្តែការចងសម្ព័ន្ធរវាងបក្សក្រៅរដ្ឋាភិបាលនៅពេលនេះ មានគោលបំណងតែមួយគត់ គឺដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យល្អប្រសើរប៉ុណ្ណោះ។
បណ្ឌិត យ៉ង សាំងកុមារ អះអាងថា ការធ្វើនយោបាយមិនមែនគ្រាន់តែប្រកួតប្រជែងទៅយកកៅអីនៅក្នុងរដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែគោលដៅពិតប្រាកដ គឺដើម្បីលើកស្ទួយសិទ្ធិមនុស្ស ជំរុញឲ្យមានការបើកលំហប្រជាធិបតេយ្យសម្រាប់ពលរដ្ឋម្ចាស់ឆ្នោត និងមេដឹកនាំបក្សក្រៅរដ្ឋាភិបាលទាំងអស់ ដើម្បីឱ្យពួកគេអាចចូលរួមកសាងសង្គមជាតិដោយគ្មានការភ័យខ្លាច និងដើម្បីកុំឲ្យគណបក្សណាមួយសម្រេចវាសនាប្រទេសកម្ពុជាដោយឯកបក្សទៅថ្ងៃមុខបន្តទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគណបក្សចំនួន៤ បានសម្រេចសហការចងសម្ព័ន្ធជាមួយគ្នា ដើម្បីចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ កញ្ញា នេះថា ការលើកឡើងរបស់បណ្ឌិត យ៉ង សាំងកុមារ គឺជារឿងត្រឹមត្រូវ ប៉ុន្តែគណបក្សដែលមានសំឡេងច្រើនជាងគេ ដូចជាគណបក្សភ្លើងទៀន ជាដើម មិនដឹងថាតើពួកគេនឹងយល់ស្របនូវការអនុវត្តផែនការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានសំឡេងតិចជាងខ្លួន ឬក៏អត់នោះទេ។
បណ្ឌិត សេក សុជាតិ លើកឡើងថា ការចងសម្ព័ន្ធដើម្បីលើកស្ទួយប្រជាធិបតេយ្យ គឺជាគោលការណ៍ល្អ ប៉ុន្តែការសហការនេះត្រូវតែធានានូវភាពឯករាជ្យលើតំណាងគណបក្សដែលដឹកនាំរកការចងសម្ព័ន្ធភាពនេះ ចៀសវាងមានអ្នកបញ្ជាពីក្រោយខ្នងនៃគណបក្សណាមួយ ដូចជាគណបក្សភ្លើងទៀន ដែលគេសង្ស័យថាមានអ្នកបញ្ជាពីក្រៅស្រុក ដែលជាមូលហេតុនាំឲ្យសម្ព័ន្ធភាពនេះមិនអាចបន្តដំណើរទៅមុខបានយូរអង្វែង។
លោកបញ្ជក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានចក្ខុវិស័យវែងឆ្ងាយ គិតដល់អនាគតប្រជាធិបតេយ្យ ប៉ុន្តែប្រសិនបើការចងសម្ព័ន្ធភាពនេះជួបជាមួយមេដឹកនាំនយោបាយផ្សេងដែលចូលរួមក្នុងចលនានយោបាយគ្រាន់តែដើម្បីតំណែងតួនាទី បុណ្យស័ក្តិ លាភសក្ការៈ នោះសម្ព័ន្ធភាពនេះអាចនឹងបែកបាក់ទៅវិញនៅថ្ងៃណាមួយជាមិនខាន ព្រោះថាគណបក្សដែលចូលរួមចងសម្ព័ន្ធជាមួយខ្លួននេះក៏ធ្លាប់មានប្រវត្តិរត់ចោលដៃគូរបស់ខ្លួនពីមុនមកដែរ។
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាដើម្បីរួបរួមប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យចូលរួមការបោះឆ្នោត ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាចក្នុងឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែនៅពេលនេះ សម្ព័ន្ធភាពនេះកំពុងឆ្ពោះទៅរកការរួបរួមជាមួយគណបក្សដទៃឱ្យកាន់តែធំជាងពេលបច្ចុប្បន្ននេះ៕