28 C
Phnom Penh

សកម្មជន​ព្រៃឡង់​ថា​មន្ត្រី​បរិស្ថាន​ឃាត់​ខ្លួន​ដោយ​ខ្លាច​ពួកគេ​ប្រមូល​ភស្តុតាង​បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ ចំនួន ៦​នាក់​ដែល​បាន​ឃាត់​ខ្លួន​សកម្មជន​ព្រៃឡង់​ជិត ២០​នាក់ ដោយសារ​មន្ត្រី​បរិស្ថាន​ទាំងនោះ​បារម្ភ​ខ្លាច​សកម្មជន​ទាំងនោះ​ចូល​ល្បាត​ក្នុង​ព្រៃឡង់ ដើម្បី​ប្រមូល​ភស្តុតាង​ពី​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​របស់​ពួកគេ​កាន់កាប់។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ថី បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ ទី​១៩ កញ្ញា ថា មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ ចំនួន ៦​នាក់​ប្រដាប់​ដោយ​កាំភ្លើង បាន​ឃាត់​ខ្លួន និង​សួរនាំ​សកម្មជន​ព្រៃឡង់ ១៦​នាក់​នៅ​ចំណុច​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន ស៊ីអស៊ីខេ (CRCK) ក្បែរ​ក្រុមហ៊ុន ធីង៉ា ស្ថិត​ក្នុង​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ជាប់​ព្រំប្រទល់​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ​នេះ។

ប្រភព​ដដែល​អះអាង​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ទាំង ១៦​នាក់​នោះ​បាន​នាំគ្នា​ជិះ​ម៉ូតូ​ចំនួន ១០​គ្រឿង​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ទៅ​ភូមិ​វិញ បន្ទាប់ពី​ពួកគាត់​ទៅ​ចូលរួម​កម្មវិធី​បំបួស​ដើមឈើ និង​ប្រជុំ​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ក្បាលខ្លា ស្ថិត​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ ដែល​ប្រដាប់​ដោយ​កាំភ្លើង បាន​ហៅ​ពួកគាត់​ឱ្យ​ឈប់ និង​បាន​សួរនាំ​អស់​រយៈពេល​ជាង ១​ម៉ោង។

បណ្ដាញ​សហគមន៍​ព្រៃឡង់​រូប​នេះ​បញ្ជាក់​ថា ក្រោយ​សាកសួរ និង​តម្រូវ​ឱ្យ​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង ១៦​នាក់​ធ្វើ​កិច្ចសន្យា​ចប់​សព្វគ្រប់ ទើប​មន្ត្រី​បរិស្ថាន​ទាំងនោះ​អនុញ្ញាត​ឱ្យ​ពួកគាត់​ធ្វើ​ដំណើរ​ទៅ​ភូមិ​វិញ ខណៈ​សំណួរ​ដែល​អាជ្ញាធរ​ទាំងនោះ​បាន​សួរ ថា​តើ​ការ​ធ្វើ​ដំណើរ​ទាំង​យប់​របស់​ពួកគាត់ គឺជា​ការ​ចូល​ទៅ​ល្បាត​ក្នុង​ព្រៃឡង់​មែន​ឬ​ក៏​អត់។

ការ​ឃាត់​ខ្លួន​បណ្ដាញ​សមាជិក​សហគមន៍​ព្រៃឡង់​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​ព្រៃឈើ​បាន​ធ្វើការ​ស៊ើបអង្កេត និង​បាន​ឃើញ​ជា​បន្តបន្ទាប់​នូវ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ។

ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ដែល​មាន​ផ្ទៃដី​សរុប​ជាង ៤៣​ម៉ឺន​ហិកតារ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៦ កន្លងទៅ ប៉ុន្តែ​ដែន​ជម្រក​សត្វព្រៃ​នេះ​កំពុង​រង​នូវ​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​ដី​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្បែរ​តំបន់​អភិរក្ស​ទាំងនោះ​សព្វថ្ងៃ​នេះ។

ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មិន​ត្រូវ​បាន​យក​ទៅ​កាត់ទោស​នោះ​ទេ ប៉ុន្តែ​ពួកគេ​បែរ​ជា​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ​ជា​បន្តបន្ទាប់​ទៅវិញ ដូចជា​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយក​រង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ មាន​ដូចជា​ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង​ក្រុមហ៊ុន Thy Ngan Development ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស