38 C
Phnom Penh

មេដឹកនាំ​ពិភពលោក​ចាប់ផ្ដើម​ថ្កោលទោស​រុស្ស៊ី​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ចាប់ផ្ដើម​ចូល​ដល់​ចំណុច​ក្ដៅ​ហើយ​នៅ​ពេលនេះ ជាមួយ​នឹង​ការ​ថ្លែង​របស់​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល វាយប្រហារ និង​ចំអក​ឲ្យ​របប​ដឹកនាំ​នៅ​រុស្ស៊ី ដែល​បុរស​ខ្លាំង​ផុត​លេខ វ៉្លាឌីមៀរ ពូទីន ជា​អ្នក​កាន់​ផែនទី​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

ពី​បុរី​ញីវយ៉ក នៅ​ពេលនេះ អ្នក​សារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ល្បីៗ​កំពុង​ប្រមូល និង​ចងក្រង​សម្រង់​នៃ​ការ​ថ្លែង​សារ​របស់​មេដឹកនាំ​អំពី​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅ​អ៊ុយក្រែន។

នៅ​ក្នុង​សាល​មហាសន្និបាត គេ​សង្កេត​ឃើញ​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz ផ្ដើម​វាយប្រហារ​លើ​លោក ពូទីន មុនគេ។ លោក​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹង​មិន​បោះបង់​ចោល​មហិច្ឆតា​ចក្រពត្តិ​និយម​របស់​លោក​ឡើយ។ តែ​លោក​ចំអក​ថា លោក ពូទីន ត្រូវ​ទទួលស្គាល់​ថា​លោក​ពុំ​អាច​ទទួល​ជ័យជម្នះ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ឡើយ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​កញ្ញា នេះ។

សារ​របស់​លោក​អធិការបតី​អាល្លឺម៉ង់ ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ ទី​២០ កញ្ញា ជា​ថ្ងៃ​បើក​ឆាក​នៃ​វេទិកា​ពិភពលោក​នេះ។ លោក Olaf Scholz បាន​បញ្ជាក់​ដូចនេះ​ថា៖ «នេះ​ហើយ​គឺជា​មូលហេតុ​ដែល​យើង​ទាំងអស់​គ្នា​មិន​ទទួល​យក​ផែនការ​សន្តិភាព​ណា​មួយ​ដែល​គូសវាស​ដោយ​រុស្ស៊ី​ដាច់ខាត ហើយ​នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​អ៊ុយក្រែន​ចាំបាច់​ត្រូវតែ​បន្ត​មាន​សមត្ថភាព​ទប់ទល់​ការ​វាយប្រហារ​របស់​រុស្ស៊ី»

លោក Olaf Scholz បាន​បន្ត​ថា ការ​វិល​មក​វិញ​នៃ​គំនិត​ចក្រពត្តិ​និយម​តាមរយៈ​សង្គ្រាម​ដែល​លោក ពូទីន ជា​អ្នក​កាន់​ផែនទី​នៃ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន គឺ​មិនមែន​គ្រាន់តែ​ជា​គ្រោះ​មហន្តរាយ​ចំពោះ​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ចំពោះ​សណ្ដាប់ធ្នាប់​ពិភពលោក​ទៀត​ផង ដែល​លោក ពូទីន កំពុង​ប្រើ​ហេតុផល​គោលការណ៍​សុខ​សន្តិភាព និង​សណ្ដាប់ធ្នាប់​ពិភពលោក ដើម្បី​បំពេញ​មហិច្ឆតា​ចក្រពត្តិ​របស់​ខ្លួន។

អធិការបតី​អាល្លឺម៉ង់​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ ការពារ​សណ្ដាប់ធ្នាប់​អន្តរជាតិ​ពី​ជន​ទាំងឡាយ​ណា​ដែល​ចង់​បាន​ពិភពលោក​មួយ​ឈរ​លើ​គោលការណ៍​ដែល​ថា អ្នក​ខ្លាំង​ត្រួតត្រា​អ្នក​ខ្សោយ​ក្រោម​លេស​សណ្ដាប់ធ្នាប់​ពិភពលោក។

ក្រៅពី​វាយ​ចំអក​ឱ្យ​លោក ពូទីន លោក Olaf Scholz ថ្លែង​ប្រាប់​អង្គ​មហាសន្និបាត​ថា ប្រទេស​របស់​លោក​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី​ការ​ស្ថាបនា​អ៊ុយក្រែន​ឡើងវិញ នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ នេះ​នៅ​ក្រុង​ប៊ែរឡាំង។

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​ថា ពិភពលោក​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ដោយសារតែ​របប​នៅ​ក្រុង​មូស្គូ ជា​អ្នក​បំបែក និង​បំផ្លាញ​សណ្ដាប់ធ្នាប់​ពិភពលោក។ លោក​រិះគន់​ថា ប្រទេស​មួយ​នេះ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ បែរ​ជា​អ្នក​បង្ក​អសន្តិសុខ​ពិភពលោក​ទៅវិញ។

លោក​បន្ត​ថា អំពើ​ឈ្លានពាន​របស់​រុស្ស៊ី វា​ពិត​ណាស់​បាន​រំលោភ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​មិន​ត្រូវ​អត់ឱន​នោះ​ទេ។ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ទទូច​ឱ្យ​មាន​ការ​កែទម្រង់​ស្ថាប័ន​មួយ​នេះ​ជាបន្ទាន់។

ចំណែក​ប្រធានាធិបតី​បារាំង Emmanuel Macron បើ​ទោះជា​លោក​មិនទាន់​ដល់​វេន​ឡើង​ថ្លែង​ទៅ​កាន់​មហាសន្និបាត​ក៏ដោយ តែ​លោក​បាន​វាយប្រហារ​លោក ពូទីន ទៅ​ហើយ ខណៈ​លោក​ត្រូវ​បាន​អ្នក​សារព័ត៌មាន​តាម​ចោទសួរ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក​បាន​ថ្លែង​ថា ផែនការ​មួយ​ទៀត​របស់​លោក ពូទីន បញ្ជា​ឱ្យ​អាជ្ញាធរ​ក្នុង​តំបន់​ដែល​រុស្ស៊ី​វាយ​កាន់កាប់​បាន​ពី​អ៊ុយក្រែន បើ​ទោះជា​ល្បែង​ល្បិច​ថ្មី​ក៏ដោយ តែ​វា​នៅតែ​ជា​រឿង​មិន​ចម្លែក។ លោក Macron ថ្លែង​ដូចនេះ​ក៏​ដើរ​សំដៅ​ទៅ​កាន់​សាល​មហាសន្និបាត។

ការ​ថ្លែង​ដ៏​ខ្លី​របស់​លោក Macron ទៅ​កាន់​អ្នក​សារព័ត៌មាន ទំនង​លោក​ចង់​និយាយ​ឱ្យ​បាន​ច្រើន​ទៅ​កាន់​មហាសន្និបាត។ នៅ​ខាង​ក្រៅ​សាល​មហាសន្និបាត អ្នក​សារព័ត៌មាន​ជាច្រើន​បាន​តាម​ចោមរោម​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន Dmytro Kuleba។

អ្នក​សារព័ត៌មាន​បាន​សួរនាំ​អំពី​របប​ក្រុង​មូស្គូ បញ្ជា​ឱ្យ​មាន​បោះឆ្នោត​ផ្ដាច់​ខ្លួន​នៅ​ក្នុង​តំបន់​ចំនួន ៤ នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស។ តំបន់​ទាំង ៤ នេះ មិនទាន់​ត្រូវ​បាន​កងទ័ព​វាយ​កាន់កាប់​បាន​ទាំងស្រុង​ក៏ដោយ ក៏​ក្រុង​មូស្គូ ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​រវាង​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៧ កញ្ញា។

តំបន់ ៤ នោះ​មាន Luhansk និង Donetsk ដែល​នៅ​តំបន់​ដុនបាស​ភាគ​ខាងកើត និង ២​ទៀត គឺ​តំបន់ Zaporizhzhia និង Kherson នៅ​ភាគ​ខាងត្បូង។

លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា រុស្ស៊ី​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ​ឱ្យ​តែ​គេ​ចង់​ធ្វើ ប៉ុន្តែ​មិន​អាច​ធ្វើ​ឱ្យ​អ៊ុយក្រែន ប្រែប្រួល​ចិត្ត​លែង​ប្រឆាំង គឺ​ទៅ​ពុំ​រួច​នោះ​ទេ។ លោក​បន្ត​ថា ដែនដី​ណា​ក៏​នៅតែ​ជា​ដែនដី​របស់​អ៊ុយក្រែន។

អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន​កំពុង​តែ​តាមដាន​ជា​ខ្លាំង​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​មេដឹកនាំ​ល្បីៗ និង​មាន​ឥទ្ធិពល ជាពិសេស​មេដឹកនាំ​ដែល​ហ៊ាន​បញ្ចេញមតិ​ប្រឆាំង​នឹង​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។

ចំពោះ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន អាច​នឹង​មិន​មាន​ការ​ចាប់​អារម្មណ៍​របស់​អ្នក​សង្កេតការណ៍ ឬ​អ្នក​សារព័ត៌មាន​នោះ​ទេ បើ​មេដឹកនាំ​នោះ​ឡើង​ថ្លែង​ការពារ​រុស្ស៊ី ឬ​ការពារ​ប្រទេស​ចិន។

មេដឹកនាំ​ប្រភេទ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​វត្តមាន​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​រៀងរាល់​ឆ្នាំ គឺ​គ្រាន់តែ​មក​បង្ហាញ​អាណត្តិ​របស់​ខ្លួន​ជា​នាយករដ្ឋមន្ត្រី ឬ​ជា​ប្រធានាធិបតី​ប៉ុណ្ណោះ។ មេដឹកនាំ​ប្រភេទ​នេះ សូម្បី​និយាយ​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​ខ្លួនឯង និង​ប្រជាជន​ខ្លួនឯង សឹងតែ​និយាយ​មិន​ចេញ​ផង ហើយ​បើ​និយាយ គឺ​ថ្លែង​ការពារ​តែ​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ។

ចំពោះ​មហាសន្និបាត​ឆ្នាំ​នេះ​ដែល​ប្រព្រឹត្ត​ផ្ទាល់ ពុំ​ដូច​កាលពី ២​ឆ្នាំ​មុន​ដោយសារ​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​កូវីដ គឺ​មេដឹកនាំ​ទាំងអស់​ត្រូវ​ស្នើ​ឱ្យ​មក​ថ្លែង​ផ្ទាល់ លើកលែងតែ​ប្រធានាធិបតី​អ៊ុយក្រែន​ម្នាក់​គត់​ត្រូវ​អនុញ្ញាត​ឱ្យ​ថ្លែង​តាម​វីដេអូ​ពី​ប្រទេស​អ៊ុយក្រែន។

សម្រាប់​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​ចិន នឹង​ពុំ​មាន​វត្តមាន​នោះ​ទេ។ មេដឹកនាំ​ទាំង​ពីរ​នេះ​ដែល​បាន​ជួប​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​អ៊ូបេគីស្ថាន បាន​សន្យា​រួម​គ្នា​ថា ត្រូវ​ជួយ​គ្នា​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក និង​សន្តិភាព​ពិភពលោក ប្រឆាំង​នឹង​អ្នក​បំផ្លាញ​លោក​ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​មេខ្លោង។

អ្នក​សង្កេតការណ៍​ចោទសួរ​ថា បើ​មេដឹកនាំ​ទាំង​ពីរ​ជា​អ្នក​កសាង​សន្តិភាព​ពិភពលោក ម្ដេច​មិន​មក​ថ្លែង និង​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ដែល​មាន ១៩៣​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស