41.3 C
Phnom Penh

លោក កឹម សុខា៖ រដ្ឋាភិបាល​ឱ្យ​បក្ស​ភ្លើង​ទៀន​ធ្វើ​សកម្មភាព​ទោះ​ដឹង​ថា​ពាក់ព័ន្ធ​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា បង្ហាញ​ការ​ងឿងឆ្ងល់​ដែល​រដ្ឋាភិបាល​បើក​ឲ្យ​បក្ស​ភ្លើង​ទៀន​ធ្វើ​សកម្មភាព​នយោបាយ បើ​ទោះជា​ដឹង​ថា​បក្ស​នេះ​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ ហើយ​ជា​អ្នក​ដែល​តែងតែ​វាយប្រហារ​រដ្ឋាភិបាល​ក៏ដោយ។

ការ​បង្ហាញ​ការ​ងឿងឆ្ងល់​នេះ ក្រោយពី​ចៅក្រម​ជំនុំជម្រះ​លោក អឹម វណ្ណៈ បាន​យក​សារ​លោក សម រង្ស៊ី ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ងើប​ឡើង​ដើម្បី​ផ្ដួល​រំលំ «ជន​ផ្ដាច់ការ» មក​ភ្ជាប់​ជាមួយ​ករណី​របស់​លោក កឹម សុខា។

នៅ​ខណៈ​មេធាវី​រដ្ឋាភិបាល​បើក​ការ​សួរ​ដេញដោល​ទៅ​លើ​លោក កឹម សុខា ថា​ហេតុ​អ្វី​លោក កឹម សុខា ទៅ​ចាប់​ដៃគូ​ជាមួយ​លោក សម រង្ស៊ី នោះ។ សំណួរ​របស់​មេធាវី​រដ្ឋាភិបាល​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ចាក់​វីដេអូ​ឃ្លីប​ករណី​លោក សម រង្ស៊ី ថ្លែង​នៅ​ក្រៅ​ប្រទេស​ឲ្យ​ពលរដ្ឋ និង​កម្លាំង​ប្រដាប់​អាវុធ​ងើប​ឡើង​ចូល​ជាមួយ​ពលរដ្ឋ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ក្រោយពី​មាន​ការ​ចោទសួរ​បែរ​នេះ លោក កឹម សុខា បាន​ប្រាប់​ទៅ​អង្គ​សវនាការ​ដោយ​បង្ហាញ​ការ​ងឿងឆ្ងល់​ដែល​តុលាការ​ចេះ​តែ​យក​អ្វី​ដែល​លោក សម រង្ស៊ី និយាយ​មក​ភ្ជាប់​ជាមួយ​លោក​ម្ដង​ហើយ​ម្ដង​ទៀត ទោះបី​លោក​អះអាង​ថា​លោក​មិន​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ។

លោក​បញ្ជាក់​ថា លោក​មិន​ដែល​អំពាវនាវ​ឲ្យ​កងកម្លាំង​បែរ​កាណុង​ទៅ​រដ្ឋាភិបាល និង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ ហើយ​ការ​ប្រកាស​ឲ្យ​មាន​អំពើ​ហិង្សា ក៏​លោក​មិន​បាន​ធ្វើ​នោះ​ដែរ ព្រោះ​លោក​ជា​មនុស្ស​អហិង្សា។

ចំពោះ​សំណួរ​មេធាវី​រដ្ឋាភិបាល​ដែល​ថា «ហេតុ​អ្វី​លោក​ទៅ​ចាប់​ដៃ​ជាមួយ​លោក សម រង្ស៊ី នោះ?» លោក កឹម សុខា ឆ្លើយ​ថា មិនមែន​តែ​រូបលោក​ទេ សូម្បី​លោក ហ៊ុន សែន ក៏​បាន​ទៅ​ចាប់​ដៃ និង​បាន​ទៅ​ហូប​បាយ​ជាមួយ​លោក សម រង្ស៊ី ផង​ដែរ។

លោក កឹម សុខា ក៏​បង្ហាញ​ការ​ងឿងឆ្ងល់​នៅ​ពេល​ដែល​រដ្ឋាភិបាល​បើក​ឲ្យ​បក្ស​ភ្លើង​ទៀន​ធ្វើ​សកម្មភាព​នយោបាយ​យ៉ាង​គគ្រឹកគគ្រេង ទោះបី​ដឹង​ថា​បក្ស​នេះ​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ​យ៉ាងណាក៏ដោយ។ លោក​បញ្ជាក់​ថា រូបលោក​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​អហិង្សា ហើយ​ថា​លោក​គ្មាន​បំណង​ណា​មួយ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​ក៏​គ្មាន​ទេ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។ លោក​បន្ត​ថា គោលបំណង​តែ​មួយ​គត់ គឺ​ការ​ប្រកួត​ប្រជែង​គ្នា​តាមរយៈ​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។

ការ​អះអាង​របស់​លោក កឹម សុខា ធ្វើឡើង​ស្រប​ពេល​ដែល​តុលាការ​បាន​ព្យាយាម​ភ្ជាប់​លោក​ទៅ​នឹង​ការ​ធ្វើ «បដិវត្តន៍​ពណ៌»។

ក្រោយពី​បើក​សវនាការ​ពេញ​មួយ​ព្រឹក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កូយ សៅ ប្រកាស​បន្ត​សវនាការ​លើ​លោក កឹម សុខា នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ខាងមុខ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស