40.6 C
Phnom Penh

សហគមន៍​ភូមិ​ក្បាលរមាស​ថា​ក្រុមហ៊ុន​ចិន​ស៊ីវហ្គិច​លួច​ចូល​កាប់​ព្រៃឈើ​របស់​សហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង រស់នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចោទ​ក្រុមហ៊ុន​ចិន ស៊ីវហ្គិច អ៊ិនវេសមិន (Saiv Gek Investment Co,. Ltd) ថា​បាន​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ដែល​កំពុង​ការពារ និង​ជា​ព្រៃ​ជំនឿ​របស់​ពួកគេ។

កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ សហគមន៍​ជនជាតិ​ពូនង បាន​ចាប់​រថយន្ត​អារ៉េវ​ដែល​កំពុងតែ​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃ​សហគមន៍ សំដៅ​ទៅ​ក្រុមហ៊ុន ស៊ីវហ្គិច ស្ថិត​នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

អ្នក​ភូមិ​ក្បាលរមាស លោកស្រី ស្រាំង ឡាញ់ បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​កំពុង​តែ​ដំណើរការ​រោងចក្រ​អារ​ឈើ និង​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ជា​រៀងរាល់​ថ្ងៃ គ្មាន​ថ្ងៃ​ឈប់​សម្រាក​នោះ​ឡើយ ហើយ​បច្ចុប្បន្ន កម្មករ​របស់​ក្រុមហ៊ុន​កំពុងតែ​លួច​ចូល​ទៅ​កាប់​ព្រៃឈើ​របស់​សហគមន៍​ភូមិ​ក្បាលរមាស បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​កាប់​ឈើ​នៅ​ព្រៃ​ក្រឡា​ពស់ ឃុំ​ខ្សាច់ថ្មី ដោយ​ដឹក​ឆ្លងកាត់​ទន្លេសេសាន ឆ្ពោះ​ទៅ​ចូល​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​អាជីវកម្ម។

លោកស្រី​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​មាន​រថយន្ត​កែច្នៃ​ដឹក​ឈើ​មាន​ចំនួន​ចាប់ពី ៣ ទៅ ៦​គ្រឿង ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​សហគមន៍​នានា ដែល​ស្ថិត​នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដើម្បី​អារ​ច្រៀក​ឈើ​រួច​ដឹក​ចេញ​ទៅ​ក្រៅ។

ស្ត្រី​រូប​នេះ​បាន​អំពាវនាវ​ទៅ​ដល់​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំងអស់ ធ្វើ​យ៉ាង​ណា​ជួយ​ទប់ស្កាត់​ក្រុមហ៊ុន ស៊ីវហ្គិច កុំ​ឲ្យ​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​សហគមន៍​បន្ត​ទៅ​ទៀត ព្រោះ​ព្រៃ​សហគមន៍​ទាំងនោះ​ជា​ព្រៃ​ជំនឿ​របស់​អ្នក​ភូមិ។

ព្រៃ​សហគមន៍​ភូមិ​ក្បាលរមាស មាន​ផ្ទៃដី ៧.៨៣៦​ហិកតារ។ សហគមន៍​បាន​ស្នើសុំ​ចុះបញ្ជី​ជា​ព្រៃ​អភិរក្ស​ចាប់តាំងពី​ឆ្នាំ​២០១២ រហូត​ដល់​ឆ្នាំ​២០១៨ ទើប​ក្រសួង​មហាផ្ទៃ​សម្រេច​ចុះបញ្ជី​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តំបន់​នោះ​ជា​ស្វ័យ​អត្តសញ្ញាណ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី អះអាង​ថា លោក​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​ជំនាញ​ទាំងអស់​នោះ​ទេ ដោយ​លោក​សំអាង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុមហ៊ុន​មួយ​នេះ​កាប់​ឈើ​ខាងក្រៅ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ហើយ​សហគមន៍​ក៏​ធ្លាប់​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ទាំងនោះ​ជាច្រើន​លើក​ច្រើនសា​មក​ហើយ ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ ប៉ុន្តែ​ពុំ​ឃើញ​មាន​ចំណាត់ការ​ណា​មួយ​ឲ្យ​ល្អ​ប្រសើរ​នោះ​ទេ។

លោក​ដាក់​ការ​សង្ស័យ​ថា អាជ្ញាធរ​នៅ​តំបន់​នោះ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ ទើប​មិន​ហ៊ាន​បង្ក្រាប​ក្រុមហ៊ុន​មួយ​នេះ។ លោក​បន្ថែម​ថា ការ​យក​ឈើ​ពី​ក្រៅ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន វា​ជា​រឿង​ខុស​នឹង​ច្បាប់ ជាពិសេស​បច្ចុប្បន្ន ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​នេះ​មិន​មាន​ឈើ​ត្រូវ​អារ​ច្រៀក​ធ្វើ​អាជីវកម្ម​ទៀត​នោះ​ទេ។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស៊ីវហ្គិច វិនិយោគ​ដាំ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ ទទួល​សិទ្ធិ​វិនិយោគ​បន្ត​ពី​ក្រុមហ៊ុន អាន ម៉ារ៉ាឌី កាលពី​ឆ្នាំ​២០១០ លើ​ផ្ទៃដី​ចំនួន ១​ម៉ឺន​ហិកតារ​ក្នុង​រយៈពេល ៩០​ឆ្នាំ។ ប្រជា​សហគមន៍​ជនជាតិ​ដើម​ពូនង អះអាង​ថា វត្តមាន​ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ព្រៃ​អភិរក្ស​អ្នកតា​របស់​អ្នក​ភូមិ បំផ្លិចបំផ្លាញ​ជម្រក​សត្វ​ព្រៃ ធនធាន​ព្រៃឈើ ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​ក្នុង​ការ​អាស្រ័យ​ផល ដូចជា​រក​ឃ្មុំ បោច​វល្លិ ឃ្វាល​គោ​ក្របី ធ្វើ​ចម្ការ​វិល​ជុំ រក​អនុផល​ព្រៃឈើ បេះ​បន្លែ និង​ដង​ជ័រទឹក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស