30 C
Phnom Penh

លោក កឹម សុខា ថា​នឹង​មិន​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​កាន់​បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១២ វត្ត​សម្តេច​ពាន់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា លោក​មិន​ថ្លែង​សារ​ណា​មួយ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ឡើយ គឺ​លោក​អញ្ជើញ​ទៅ​ចូលរួម​ធ្វើ​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។

លោក កឹម សុខា បាន​ដឹកនាំ​សហការី​របស់​ខ្លួន​ទៅ​ចូលរួម​ពិធី​វេន​កាន់បិណ្ឌ​ទី​១២ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​វត្ត​សម្តេច​ពាន់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ក្នុង​នោះ​លោក​បាន​លើកឡើង​ពី​ការ​ធ្វើ​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា និង​សាកសួរ​សុខទុក្ខ​ពលរដ្ឋ​ដែល​អញ្ជើញ​ទៅ​ចូលរួម​ពិធី​កាន់​បិណ្ឌ​នៅ​ពេល​នោះ​តែប៉ុណ្ណោះ ប៉ុន្តែ​លោក​មិន​បាន​ថ្លែង​សារ​ណា​មួយ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ឡើយ។

ការ​ចូលរួម​ក្នុង​ពិធី​កាន់​បិណ្ឌ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ គឺជា​ការ​ធ្វើ​ឡើង​លើក​ទី​៦ ហើយ ចាប់តាំងពី​ពិធីបុណ្យ​កាន់​បិណ្ឌ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា មក។

កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​អះអាង​ថា ការ​ធ្វើ​បុណ្យ ធ្វើ​ទាន​ដែល​កើតឡើង​ដោយ​សទ្ធា​ជ្រះថ្លា ចេតនា​ពិត គឺជា​សីលធម៌​របស់​មនុស្ស ទោះបី​មិន​មាន​ទ្រព្យធន​ច្រើន មិន​មាន​អំណាច មិន​មាន​សិទ្ធិ​ពេញលេញ ឬ​ទោះបី​មាន​អ្នក​ដទៃ​បំភ្លៃ​បំផ្លើស​ចំពោះ​ចេតនា​សុចរិត​របស់​លោក​ក៏ដោយ ឲ្យ​តែ​មាន​ឱកាស មាន​លទ្ធភាព​ដែល​អាច​ធ្វើ​បុណ្យ ធ្វើ​ទាន សន្សំ​កុសល​បាន គឺ​លោក​ត្រូវតែ​ធ្វើ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បញ្ជាក់​ថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ក្រៅពី​ធ្វើ​បុណ្យ​ជាមួយ​ព្រះ​រស់​ដែល​ជា​អ្នក​មានគុណ លោក​នៅតែ​មាន​បំណង​ជា​កុសលធម៌​ទៅ​ចូលរួម​ជួបជុំ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​វត្ត​អារាម​នានា ក្នុង​ចន្លោះ​ថ្ងៃ​សវនាការ​របស់​លោក​ឲ្យ​បាន​យ៉ាងតិច​ប្រាំពីរ​វត្ត បើ​គ្មាន​ការ​រំខាន​ណា​មួយ​ទេ​នោះ។

ទោះបី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូលរួម​កម្មវិធី​កាន់​បិណ្ឌ​បាន ៦​វត្ត​ហើយ​ក៏ដោយ ប៉ុន្តែ​រាល់​ពេល​ដែល​លោក​ចូលរួម​គ្រប់​កម្មវិធី​ទាំងអស់ ត្រូវ​បាន​គេ​តាមដាន និង​លួច​ថត​សកម្មភាព​របស់​លោក​ជា​ប្រចាំ​ពី​សំណាក់​ក្រុម​អាជ្ញាធរ​ដែល​បន្លំ​ខ្លួន​ស្លៀកពាក់​ស៊ីវិល ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​លោក។

ជុំវិញ​បញ្ហា​នេះ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា គឺ​លោក ចាន់ ចេន បាន​អះអាង​ថា កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រឹតត្បិត​ឱ្យ​រួម​តូច​ចង្អៀត​ប្រៀប​បាន​នឹង​គូទ​ម្ជុល​ដែល​មិន​អាច​ឱ្យ​លោក​ធ្វើ​អ្វី​បាន សូម្បីតែ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ដែល​ជា​ប្រពៃណី​ជាតិ​របស់​ខ្លួន។

ទោះជា​មាន​ការ​គំរាម​ពី​ការ​ចូលរួម​ធ្វើ​សកម្មភាព​ក្នុង​ពិធី​សាសនា ឬ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រពៃណី​ពី​សំណាង​តុលាការ​កម្ពុជា​ក៏ដោយ ក៏​លោក កឹម សុខា នៅតែ​បន្ត​សកម្មភាព​ចូលរួម​ក្នុង​ពិធី​សាសនា​ជា​បន្តបន្ទាប់ ជាពិសេស​ក្នុង​ពិធី​កាន់​បិណ្ឌ​ដែល​ជា​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស