អតីតស្ថាបនិកវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា លោក មាស ចន បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានចូលនិវត្តន៍ពីការងារអស់រយៈពេលប្រមាណជា ១០ឆ្នាំកន្លងទៅ។
លោក មាស ចន កើតនៅអំឡុងឆ្នាំ១៩២៩ មានដើមកំណើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងបានចូលបួសជាសាមណេរក្នុងព្រះពុទ្ធសាសនាក្នុងវ័យ ១៥ឆ្នាំ និងបានបំពេញជាព្រះភិក្ខុក្នុងវ័យ ២០ឆ្នាំ។ ក្នុងភេទជាសង្ឃ លោក មាស ចន ទទួលបានការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ នាលន្ទា ក្នុងទីក្រុងរាជគ្រឹះ និងសាកលវិទ្យាល័យ ហិណ្ឌូពារាណសី ទីក្រុងពារាណសី ប្រទេសឥណ្ឌា ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។
ក្រោយបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌា លោកបានធ្វើជាសាស្ត្រាចារ្យទស្សនវិជ្ជានៅសាកលវិទ្យាល័យ ព្រះសីហនុរាជ ក្នុងរាជធានីភ្នំពេញ និងបានធ្វើជាសាស្ត្រាចារ្យទស្សនវិជ្ជា និងអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ អំឡុងឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៧។
អំឡុងឆ្នាំ១៩៧៤ លោក មាស ចន បានចាកចេញពីទឹកដីកម្ពុជាទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកមុនមួយឆ្នាំនៃការផ្ទុះសង្គ្រាមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ការរស់នៅលើទឹកដីសហរដ្ឋអាមេរិក លោក មាស ចន បានចូលបម្រើការងារក្នុងវិទ្យុសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាអស់រយៈពេលជាច្រើនឆ្នាំ។
អំឡុងពេលបម្រើការនៅក្នុងវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក លោក មាស ចន តែងធ្វើជាវាគ្មិនក្នុងកម្មវិធីពិភាក្សាជាច្រើនជុំវិញប្រធានបទ អំពីជំនឿខ្មែរក្នុងពិធីផ្សេងៗ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរ ជាដើម។ លើសពីនេះ ក៏មានកម្មវិធីពិភាក្សាជាច្រើនទៀតផងដែរជុំវិញទ្រឹស្ដីព្រះពុទ្ធសាសនា ដូចជា តើឋានសួគ៌មានពិតឬទេ កិច្ចពិភាក្សាជុំវិញវិទ្យាសាស្ត្រ និងព្រះពុទ្ធសាសនា និងកិច្ចពិភាក្សាស្តីអំពីព្រះពុទ្ធសាសនា និងសង្គមក្នុងសម័យទំនើប ជាដើម។
ជុំវិញមរណភាពរបស់លោក មាស ចន នេះ ក៏មានការបញ្ចេញមតិដោយការលើកសរសើរពីស្នាដៃរបស់លោកក្នុងការរួមចំណែកក្នុងការធ្វើកិច្ចការសង្គមកន្លងមកផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ កញ្ញា នេះថា លោក មាស ចន បានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះកិច្ចការសង្គមជាតិ ក្នុងនោះអំឡុងពេលដែលលោកបម្រើការងារនៅវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកជាខេមរភាសា។ លោកតែងបកស្រាយអំពីខ្លឹមសារនៃព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមក្នុងសម័យទំនើបយ៉ាងទូលំទូលាយ ជាពិសេសគឺការផ្សារភ្ជាប់ខ្លឹមសារនៃទ្រឹស្ដីព្រះពុទ្ធសាសនាទៅនឹងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងសង្គមជាក់ស្តែងតែម្តង។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ស្នាដៃជាច្រើនរបស់លោក មាស ចន ក្នុងការចូលរួមកិច្ចការសង្គមជាតិដែលមិនអាចកាត់ថ្លៃបាន ជាពិសេសការផ្តល់នូវពុទ្ធិលើខ្លឹមសារព្រះពុទ្ធសាសនារហូតមក បានធ្វើឱ្យយល់ជ្រួតជ្រាបដល់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈដែលជាកិត្តិយសមួយសម្រាប់ជាតិខ្មែរយ៉ាងធំធេងក្នុងឆាកជីវិតរបស់លោក។
ចំណែកសកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់ The Cambodia Daily នៅថ្ងៃទី២៨ កញ្ញា នេះដែរថា ស្មារតីស្នេហាជាតិរបស់លោកបានរីកដុះដាលកាន់តែខ្លាំងនៅពេលដែលលោកបានស្តាប់ការពន្យល់បកស្រាយរបស់លោក មាស ចន ជុំវិញទ្រឹស្ដីដែលទាក់ទងនឹងព្រះពុទ្ធសាសនា ដែលអាចឲ្យលោកយកខ្លឹមសារទាំងនោះមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃបាន។
លោក ហ៊ុន កុសល លើកឡើងថា វីរភាពរបស់លោក មាស ចន គឺជាគំរូដ៏ល្អសម្រាប់កូនខ្មែរជំនាន់ក្រោយរៀនសូត្រ ដើម្បីបណ្ដុះស្មារតីឲ្យមានបញ្ញាភ្លឺថ្លាក្នុងការរួមចំណែកកសាងសង្គមជាតិទៅថ្ងៃអនាគត។
ស្នាដៃជាច្រើនរបស់លោក មាស ចន ត្រូវបានគេរក្សាទុក និងផ្សព្វផ្សាយក្នុងពេលបច្ចុប្បន្ននេះ ដូចជាការនិពន្ធប្រវត្តិសង្ខេបនៃនាលន្ទា ដែលជាប្រវត្តិនៃសាកលវិទ្យាល័យដ៏ល្បីល្បាញក្នុងក្រុងរាជគ្រឹះ ប្រទេសឥណ្ឌា ការបកស្រាយទស្សនៈព្រះពុទ្ធសាសនាក្នុងទស្សនាវដី្តនានា ការនិពន្ធសៀវភៅដែលមានចំណងជើងថា «តើខ្ញុំស្គាល់ចិត្តរបស់ខ្ញុំដែរឬទេ?» ព្រមទាំងការនិពន្ធសៀវភៅជុំវិញទ្រឹស្ដីព្រះពុទ្ធសាសនាដែលមានចំណងជើងថា «តើព្រះពុទ្ធជាព្រះបង្កើតលោកឬទេ?» និងស្នាដៃជាច្រើនទៀតរបស់លោកផងដែរ៕