28.7 C
Phnom Penh

មរណភាព​អ្នក​កាសែត​ខ្មែរ​ស្នេហា​យុត្តិធម៌ ការពិត និង​សិទ្ធិ​សេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នក​សារព័ត៌មាន​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការងារ​តាម​វិជ្ជាជីវៈ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ផ្សេងៗ មាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ ជាដើម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោក កែវ និមល បាន​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​នេះ។

មរណភាព​លោក អ៊ុំ សារិន ហៅ កែវ និមល ជា​ការ​បាត់បង់​ធនធាន​អ្នកកាសែត​ខ្មែរ​ក្នុង​គ្រា​ប្រទេស​ជាតិ​ត្រូវការ។ លោក​ជា​មនុស្ស​សកម្ម​ខ្លាំងក្លា​មួយ​រូប​ក្នុង​ការ​ចូលរួម​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។

លោក អ៊ុំ សារិន ហៅ កែវ និមល បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ​ជាង ៦០​ឆ្នាំ​ដោយ​រោគាពាធ នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​គួរ​ជា​ទី​ទុកចិត្ត​ពី​អតីត​សហការី​របស់​គាត់​យ៉ាងតិច ៣​នាក់ ដែល​រាប់អាន​គាត់​យ៉ាង​ជិតស្និទ្ធ​ជាប់​ជា​ប្រចាំ​កាលពី​ពេល​ដែល​លោក​នៅ​រស់រាន​មាន​ជីវិត។

ត​ទៅ​នេះ យើង​សូម​ជូន​ប្រវត្តិ​ការងារ​សង្ខេប​អំពី​លោក អ៊ុំ សារិន ហៅ កែវ និមល។

បន្ទាប់ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​នា​ខែ​កក្កដា ឆ្នាំ​១៩៩៧ នៅ​កណ្តាល​ក្រុង​ភ្នំពេញ លោក អ៊ុំ សារិន ត្រូវ​បាន​រើស​ឲ្យ​ចូល​បម្រើ​ការងារ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ នៅ​ខែ​សីហា ឆ្នាំ​ដដែល មួយ​ខែ​ក្រោយ​វិទ្យុ​អាស៊ីសេរី​បាន​ផ្តើម​ចាប់​បដិសន្ធិ​ដោយ​ស្រប​ច្បាប់ មាន​ទីស្នាក់ការ​កណ្តាល​មួយ​ផ្នែក​ភាសា​ខ្មែរ​ឋិត​ក្នុង​រាជធានី​ភ្នំពេញ។

ពេល​នោះ​ហើយ​ដែល RFA បាន​ជ្រើសរើស​ជា​ដំបូង​នូវ​អ្នកកាសែត​ខ្មែរ ៣​នាក់ ឱ្យ​បម្រើ​ការ​ជា​អ្នក​សារព័ត៌មាន​ស្រប​ច្បាប់​ប្រចាំ​ប្រទេស​កម្ពុជា ព្រោះ​ពួកគាត់​ធ្លាប់​ល្បី​ឈ្មោះ​ពោរពេញ​ដោយ​បទពិសោធន៍​ផ្នែក​សារព័ត៌មាន និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ជាពិសេស​ធ្លាប់​បាន​បម្រើ​ការងារ​ជាច្រើន​ឆ្នាំ​ជូន​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​នានា​នៃ​ប្រទេស​ប្រជាធិបតេយ្យ។ នៅ​ពេល​ការិយាល័យ​ស្ថានីយ​វិទ្យុ​អាស៊ីសេរី​មាន​វត្តមាន​ចេញ​ឈ្មោះ​នៅ​ស្រុក​ខ្មែរ ក្រៅពី​អ្នក​យក​ព័ត៌មាន​បី​នាក់​ដំបូង​គេ គឺ​លោក អ៊ុំ សារិន ហៅ កែវ និមល លោក តូ សេរី ហៅ សុខ សេរី និង​អ្នកស្រី គឹម ពៅ ហៅ គឹម ពៅ សុតន្ត បន្ទាប់​មក​មាន​អ្នក​ដទៃ​ទៀត​ដូចជា លោក អាត ប៊ុននី ហៅ ផាន សុផាត លោក ឱ ភារិទ្ធិ លោក ព្រហ្ម គីម ប្រចាំ​ការ​នៅ​ក្រុង​បាងកក កញ្ញា ហ៊ិន យ៉ានី កែវ ពេជ្រមេត្តា រដ្ឋា វីសាល ប៊ុន សុង ជាដើម។ល។

នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតុន លោក ពិន សំខុន ជា​នាយក​ផ្នែក​ភាសា​ខ្មែរ​ដំបូង​បង្អស់ បន្ទាប់​មក​គឺ​លោក កឹម សុស។ លោក សោម សាតាណា ជា​និពន្ធ​នាយក លោក ហាស់ សាន អ្នកស្រី រតន៍ ឈិម មឿង ទុម លោក តាំង សារ៉ាដា ជា​បុគ្គលិក​ផ្សាយ​ព័ត៌មាន។ សមាជិក​វិទ្យុ​អាស៊ីសេរី ជា​នាយ​ផ្នែក និង​ជា​បុគ្គលិក​ផ្នែក​ភាសា​ខ្មែរ​ទាំងអស់​នេះ បាន​ចាកចេញ​ពី​ស្ថាប័ន​នេះ​អស់​ហើយ។ ក្នុង​ចំណោម​បុគ្គលិក​ឯ​ទៀត និង​អ្នក​យក​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា មាន​មួយ​ចំនួន​នៅ​រស់ មួយ​ចំនួន​ទៀត​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ដែរ ដូចជា លោក សំ បុរិន្ទ នាយករង​ផ្នែក​ភាសា​ខ្មែរ លោក ឃឹម សារ៉ង បុគ្គលិក​ផ្សាយ​ព័ត៌មាន។ នៅ​ឯ​ប្រទេស​កម្ពុជា​វិញ លោក តូ សេរី លោក ឱ ភារិទ្ធ លោក ព្រហ្ម គីម ស្លាប់។

លោក អ៊ុំ សារិន ឬ កែវ និមល ជា​អ្នកកាសែត​ម្នាក់​ស្ម័គ្រចិត្ត​ប្រកប​ដោយ​ភាព​ក្លាហាន​ដូច​អ្នកស្រី គឹម ពៅ និង​លោក តូ សេរី ដែរ ចុះ​យក​ព័ត៌មាន​ពិត​នៅ​តាម​មូលដ្ឋាន និង​នៅ​តាម​ទីកន្លែង​កើតហេតុ​ដោយ​ផ្ទាល់​នៅ​ទូទាំង​ប្រទេស​កម្ពុជា រួម​ទាំង​ក្រុង​ភ្នំពេញ ជា​ទី​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សមរភូមិ​ក្តៅ​ប្រកប​ដោយ​គ្រោះថ្នាក់​នៅ​គ្រា​នោះ។

នៅ​ចុង​ឆ្នាំ​១៩៩៨ លោក​ក៏​បាន​យក​ព័ត៌មាន​អំពី​ការ​ផ្ទុះ​អំពើ​ហិង្សា​សម្លាប់​បាតុករ​ខ្មែរ​ជា​ពុទ្ធបរិស័ទ ជា​សង្ឃ ជា​មន្ត្រី និង​សមាជិក​បក្ស​ប្រឆាំង​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២។ លោក អ៊ុំ សារិន ឬ កែវ និមល និង​សហការី​ទាំង ២​នាក់​របស់​លោក បាន​គេច​រួច​ផុត​ជីវិត​ពី​ការ​តាម​យាយី​ដោយ​ក្រុម​បាតុករ​ក្លែងក្លាយ​ប្រើ​ហិង្សា​មួយ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ពួក​ហិង្សា​ទាំងនោះ​តាម​រក​អ្នក​ទាំង​បី បន្ទាប់ពី​ពួក​នេះ​បង្ក្រាប​បាន​ជោគជ័យ​ដោយ​ប្រើ​ដំបង​ព្រនង់​វាយដំ ឬ​បាញ់​បាតុករ​បណ្តាល​ឲ្យ​ស្លាប់ និង​រង​របួស​ទាំង​ធ្ងន់​ទាំង​ស្រាល​ជាច្រើន​នាក់។

លោក អ៊ុំ សារិន ឬ កែវ និមល ជា​អតីត​អ្នក​សារព័ត៌មាន​ខ្មែរ​ដំបូង​ក្នុង​ចំណោម​អ្នកកាសែត​ខ្មែរ​ខ្លះ​ទៀត​ដែល​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ បាន​បំពេញ​កិច្ចការ​ប្រកប​ដោយ​ជោគជ័យ​នៅ​ក្នុង​សមរភូមិ ជួយ​លើក​ស្ទួយ​កម្មវិធី​ផ្សាយ​ព័ត៌មាន​ក្តៅៗ​ប្រចាំ​ថ្ងៃ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា រួម​ចំណែក​ធ្វើ​វិភាគទាន​ឲ្យ​វិទ្យុ​នេះ​ឡើង​ពី​ចំណុច​ដែល​មហាជន​ខ្មែរ​មិន​ស្គាល់​សោះ ឬ​មិន​សូវ​ស្គាល់ ទៅ​ដល់​ចំណុច​ល្បី​ឈ្មោះ​នៅ​ជុំវិញ​ពិភពលោក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ក្រៅពី​ហ៊ាន​ពុះពារ​គ្រោះថ្នាក់ លោក អ៊ុំ សារិន ឬ កែវ និមល ក៏​ធ្លាប់​បាន​បង្កើត​សមាគម​កម្ពុជា​ការពារ​អ្នកកាសែត​ខ្មែរ ហៅ​កាត់​ជា​ភាសា​អង់គ្លេស CAPJ នៅ​ក្រុង​ភ្នំពេញ​ដែរ។ តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​មួយ​នេះ លោក​បាន​ជួយ​គាំពារ និង​ការពារ​អ្នក​សារព័ត៌មាន​ខ្មែរ​ក្នុង​ស្រុក​ជាច្រើន​រូប​ពី​ការ​រំលោភ​សិទ្ធិ​សារព័ត៌មាន និង​បាន​ជួយ​បណ្តុះបណ្តាល​ឱ្យ​ទទួល​បាន​ជំនាញ​ខ្ពស់​ផ្នែក​អ្នក​សារព័ត៌មាន​អាជីព ក្នុង​នោះ​មាន​ខ្លះ​ក៏​បាន​ទៅ​បន្ត​ការ​សិក្សា​ជាន់ខ្ពស់​ផ្នែក​សារព័ត៌មាន​នៅ​បរទេស។

សូម​រំលឹក​ថា មុន​ឆ្នាំ​១៩៩៧ មុន​ពេល​ដែល​លោក អ៊ុំ សារិន ផ្តើម​បម្រើ​ការ​ឱ្យ​វិទ្យុ​អាស៊ីសេរី លោក អ៊ុំ សារិន ឬ កែវ និមល ធ្លាប់​បាន​បម្រើ​ការ​ជា​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ផង និង​ធ្លាប់​បាន​បម្រើ​ការ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ល្បីៗ​ដូចជា​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អូស្ត្រាលី ជាដើម។

ក្នុង​ជីវិត​ការងារ លោក អ៊ុំ សារិន ឬ កែវ និមល បាន​ចូល​ប្រឡូក​ក្នុង​កិច្ចការ​ភាគច្រើន​ជា​អ្នក​សារព័ត៌មាន​អាជីព​នៅ​ប្រទេស​កម្ពុជា។ លោក និង​សហការី ២​នាក់​ទៀត​ដែល​សុទ្ធតែ​ជា​អតីត​អ្នក​បម្រើ​ការងារ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ​ប្រចាំ​ប្រទេស​កម្ពុជា បាន​លាឈប់​ពី​ការងារ​ជា​បន្តបន្ទាប់៖

  • អ្នកស្រី គឹម ពៅ ហៅ គឹម ពៅ សុតន្ត ចាកចេញ​នៅ​ឆ្នាំ​២០១១ ហើយ​សព្វថ្ងៃ អ្នកស្រី​រស់នៅ​ប្រទេស​បារាំង។
  • លោក តូ សេរី ហៅ សុខ សេរី ចាកចេញ​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​ប្រមាណ ២​ឆ្នាំ​ក្រោយ​មក លោក​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ទីក្រុង​ភ្នំពេញ។
  • ចំណែក​ឯ​លោក អ៊ុំ សារិន ឬ កែវ និមល លោក​បាន​ចាកចេញ​ពី​វិទ្យុ​អាស៊ីសេរី​នៅ​ឆ្នាំ​២០១៣។

ក្នុង​នាម​ជា​សហការី ជា​អ្នក​សារព័ត៌មាន​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​ទទួល​ខុសត្រូវ​ដូច​គ្នា យើង​ស្គាល់​ពួកគាត់​ទាំង ៣​នាក់ និង​អ្នក​ឯ​ទៀត​មួយ​ចំនួន​តូច​ថា ពួកគាត់​មិន​មាន​ទម្លាប់​លាក់​ពុត​យក​អាជីព​ជា​អ្នក​សារព័ត៌មាន​ធ្វើ​ជំនួញ​ដើម្បី​ចង់​ល្បី​ឈ្មោះ​ឲ្យ​ក្លាយ​ជា​វីរ​អ្នកកាសែត ឬ​ដើម្បី​ឱ្យ​បាន​ក្តី​អាណិត​អាសូរ​ពី​សាធារណជន ឬ​ដើម្បី​ស្វែងរក​ប្រាក់​ឧបត្ថម្ភ​ពី​អ្នក​ស្តាប់ និង​ពី​អ្នក​នយោបាយ​ទាល់តែសោះ ទោះបីជា​ពួកគាត់​ធ្លាប់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ព្យាបាល​ខ្លួន​ក្តី។ ពួកគាត់​ស្អប់ខ្ពើម​អំពើពុករលួយ ហើយ​រស់​តាម​សម្មាអាជីវៈ​ពី​ការងារ​ផ្សាយ​របស់​ពួកគាត់ ដែល​តែងតែ​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​ខែ​មក​វិញ។ ក្រៅពី​នោះ​ក៏​មាន​ទាំង​ប្រាក់​បន្ថែម​លើ​ការងារ​ចំពោះ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់នៅ​ក្នុង​គ្រា​ចេញ​បំពេញ​បេសកកម្ម​តាម​ខេត្ត​ម្តងៗ ដែល​ស្ថាប័ន​វិទ្យុ​ជា​និយោជក​តែងតែ​បង់​ឱ្យ​គាត់​គ្រប់​ចំនួន​ក្នុង​តម្លៃ​សមរម្យ ជាពិសេស​ពួកគាត់​ពុំ​មែន​ជា​មនុស្ស​បំផ្លាញ​អ្នក​ដទៃ​ដើម្បី​ប្រយោជន៍​បុគ្គល​ខ្លួន​គាត់​នោះ​ឡើយ។

ការ​បាត់បង់​លោក អ៊ុំ សារិន ហៅ កែវ និមល និង​លោក តូ សេរី ហៅ សុខ សេរី គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស អ្នក​សារព័ត៌មាន​ខ្មែរ​ដ៏​ឆ្នើម​សម្រាប់​ប្រជាជាតិ​ខ្មែរ​ជា​អ្នក​ជាតិ​និយម និង​ខ្មែរ​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ យើង​ខ្ញុំ​ជា​អ្នក​សារព័ត៌មាន​រួម​អាជីព សូម​បួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ​លោក​អ្នក​ទាំងអស់ បាន​ទៅ​កាន់​ទី​បរមសុខ ព្រោះតែ​អំពើ​ល្អ​របស់​លោក​អ្នក​កុំ​បី​ខាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស