34 C
Phnom Penh

លោក កឹម សុខា ច្រានចោល​ការ​ចោទ​ធ្វើ​បដិវត្តន៍​ពណ៌​តាម​អង្គការ CANVAS

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា លោក កឹម សុខា បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​លើកឡើង​ដែល​ថា លោក​បាន​ធ្វើ​បដិវត្តន៍​ពណ៌​តាម​ការ​បណ្តុះបណ្តាល​របស់​អង្គការ CANVAS នៅ​ក្នុង​សវនាការ​លើក​ទី​៥៨។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ផែង ហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​សវនាការ​របស់​លោក កឹម សុខា លើក​ទី​៥៨ នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា នេះ​ថា លោក កឹម សុខា បាន​បញ្ជាក់​ទៅ​កាន់​តុលាការ​យ៉ាង​ច្បាស់​ថា លោក​មិន​ដែល​ស្គាល់​អង្គការ CANVAS នោះ​ទេ។ លោក​ក៏​មិន​ដែល​ដឹង​ពី​កម្មវិធី​របស់​អង្គការ​នេះ​ដែរ។ ចំណែក​ការ​តវ៉ា​របស់​លោក​កន្លងមក គឺ​ដើម្បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត​តាម​លក្ខខណ្ឌ​ច្បាប់​របស់​កម្ពុជា​ប៉ុណ្ណោះ។

លោក ផែង ហេង បាន​អះអាង​ថា លោក កឹម សុខា បាន​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការ​លើកឡើង​ថា អង្គការ CANVAS មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រូបលោក និង​បណ្តុះបណ្តាល​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​អង្គការ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​អំឡុង​ឆ្នាំ​២០១៧ កន្លងទៅ។

សហ​មេធាវី​ការពារ​ក្តី​រូប​នេះ​អំពាវនាវ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រើប្រាស់​វិជ្ជាជីវៈ​របស់​ខ្លួន ជាជាង​ការ​បញ្ចេញ​ឥរិយាបថ​ទៅ​តាម​អារម្មណ៍ ជាពិសេស​ការ​លើកឡើង​នូវ​សំណួរ​ទៅ​កាន់​ជនជាប់ចោទ​ដើម្បី​បាន​ចម្លើយ​តាម​ការ​ចង់​បាន​របស់​ខ្លួន។ ប៉ុន្តែ​ពួកគេ​បាន​រំលង​នូវ​នីតិវិធី​ដែល​បាន​ចែង​អំពី​សិទ្ធិ​របស់​ជនជាប់ចោទ ដែល​រក្សា​នូវ​ការ​មិន​ឆ្លើយតប​នូវ​សំណួរ​ដែល​សាមី​ខ្លួន​មិន​ចង់​ឆ្លើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា លើ​អង្គហេតុ​បន្ទាប់ គឺ​អង្គហេតុ​បដិវត្តន៍​ពណ៌ បន្ទាប់ពី​អង្គហេតុ​ប្រទូសរ៉ាយ​ដែល​ត្រូវ​បាន​បញ្ចប់​កាលពី​សវនាការ​លើក​ទី​៥៧ កន្លងទៅ។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​មិន​ទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ហើយ​សវនាការ​របស់​លោក​នៅតែ​ត្រូវ​បាន​អូស​បន្លាយ​ពី​សំណាក់​តុលាការ​កម្ពុជា​អស់​រយៈពេល​ជាង ៥​ឆ្នាំ​ហើយ បើ​គិត​មក​ទល់​នឹង​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​រវាង​មហាអំណាច​កុម្មុយនីស្ត​ចិន និង​មហាអំណាច​អាមេរិក ព្រោះ​ថា​គោលជំហរ​របស់​លោក កឹម សុខា គឺ​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ប្រទេស​លោក​សេរី​ចង់​ឱ្យ​គោលការណ៍​ទាំងនេះ​រីក​ធំធាត់​នៅ​កម្ពុជា ប៉ុន្តែ​មហាអំណាច​កុម្មុយនីស្ត​ចិន មិន​ចង់​ឱ្យ​មាន​ការ​ដឹកនាំ​ពេញលេញ​មួយ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ ដូច្នេះ ទើប​បង្ក​ឱ្យ​មាន​ទំនាស់​រវាង​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស