សមត្ថកិច្ចអះអាងថា ប្រតិបត្តិការស្វែងរកជនជាតិចិន ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅកោះតាង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា បានបញ្ចប់ទាំងស្រុងបន្ទាប់ពីរកឃើញសាកសព ១១នាក់ និងសង្គ្រោះបាន ៣០នាក់។
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឲ្យដឹងថា សាកសពជនជាតិចិន ៨នាក់ទៀតដែលលិចទូកនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា នោះ បានអណ្ដែតដល់កោះត្រល់។ សាកសពអ្នកទាំង ៨នាក់នោះ ត្រូវបានអាជ្ញាធរវៀតណាមប្រទះឃើញអណ្ដែតដល់សមុទ្រកោះត្រល់ កាលពីថ្ងៃទី២៩ កញ្ញា។
យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាជនជាតិចិន ចំនួន ៤១នាក់ បានជួបហេតុការណ៍លិចទូកស្ថិតនៅចំណុចចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ក្រោយមក អាជ្ញាធរខេត្តព្រះសីហនុ ជួយសង្គ្រោះជនរងគ្រោះបាន ២៤នាក់ ក្នុងនោះស្លាប់ ៣នាក់ ហើយខាងភាគីវៀតណាមជួយសង្គ្រោះបាន ៩នាក់។ ដោយឡែកជនជាតិចិន ៨នាក់ទៀតដែលអាជ្ញាធរកំពុងស្វែងរកនោះ ក៏បានបាត់បង់ជីវិតដែរ។
អ្នកនាំពាក្យខេត្តព្រះសីហនុ បន្ថែមថា ជនជាតិចិនរងគ្រោះចំនួន ២១នាក់ដែលអាជ្ញាធរសង្គ្រោះបាននោះ បានប្រគល់ឱ្យទៅខាងអគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីចាត់ចែងបន្ត។ ដោយឡែកចំពោះសាកសពជនរងគ្រោះ ៣នាក់ដែលបានស្លាប់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅរាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារសពមកទទួល។
របាយការណ៍ដដែលបង្ហាញថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានជនជាតិចិនចំនួន ៤១នាក់ ស្រី ០៣នាក់ បានធ្វើដំណើរពីប្រទេសចិន មកកម្ពុជា តាមរយៈកប៉ាល់ ០១គ្រឿង។ រហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ពួកគេបានមកដល់សមុទ្រអន្តរជាតិ ហើយពួកគេត្រូវបានផ្ទេរឲ្យទៅជិះទូកឈើវិញ ដើម្បីឆ្លងចូលមកកម្ពុជា ដោយមានតៃកុងជាជនជាតិខ្មែរ ០២នាក់។ លុះដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទូកឈើនោះក៏បានជ្រាបទឹកចូលក្នុងទូករហូតដល់ជិតលិចទាំងស្រុង។ ពេលនោះក៏មានទូកនេសាទ ០១គ្រឿងប្រភេទទូកអូសពណ៌បៃតង បានមកយកតៃកុងទូក ០២នាក់ដែលជាជនជាតិខ្មែរទៅបាត់ ទុកតែពួកគេនៅលើទូកដែលជិតលិចនោះនៅកណ្តាលសមុទ្រ។
រហូតមកដល់វេលាម៉ោងប្រមាណ ១១ ថ្ងៃដដែល ទូកនោះក៏បានលិចចូលសមុទ្រ ហើយរំពេចនោះក៏មានអូប័ររបស់នគរបាលការពារព្រំដែនទឹក ១គ្រឿង បានទៅជួយស្រង់យកមនុស្សបានចំនួន ១៨នាក់បញ្ជូនមកទីស្នាក់ការនគរបាលការពារព្រំដែនទឹក (កោះព្រាប)៕