31 C
Phnom Penh

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ស្នើ​វៀតណាម​កុំ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឆ្លងដែន​ចូល​នេសាទ​ក្នុង​ដែន​ទឹក​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង សំណូមពរ​ដល់​អាជ្ញាធរ​វៀតណាម កុំ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​នេសាទ​ត្រី​ក្នុង​ខេត្ត​ស្វាយរៀង បន្ទាប់ពី​រក​ឃើញ​ថា ទូក​នេសាទ​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង បាន​ឆ្លងដែន​ចូល​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

អភិបាល​ស្រុក​ស្វាយជ្រំ លោក ហែម សារិទ្ធ នៅ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ នេះ បាន​ចុះ​ល្បាត និង​ត្រួតពិនិត្យ​នៅ​ទីតាំង​ព្រែកនៀល ស្ថិត​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​កំពង់រោទិ៍ និង​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ការ​លួច​ចូល​ទឹកដី​ខេត្ត​ស្វាយរៀង​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ទូក​នេសាទ​ជនជាតិ​វៀតណាម​រាប់​សិប​គ្រឿង កាលពី​ពេល​ថ្មីៗ​នេះ។

លោក ហែម សារិទ្ធ អះអាង​ថា អំឡុង​ពេល​ចុះ​ល្បាត លោក​បាន​ជួប​ជាមួយ​ភាគី​យោធា​ព្រំដែន​វៀតណាម ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ជុំវិញ​ករណី​ដែល​ជនជាតិ​វៀតណាម បាន​លួច​ចូល​នេសាទ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា​នា​ពេល​កន្លងមក ដើម្បី​កុំ​ឱ្យ​ពួកគេ​លួច​ចូល​ទៅ​នេសាទ​ខុស​ច្បាប់​បន្ត​ទៀត ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​យោធា​ព្រំដែន​វៀតណាម​ទាំងនោះ​ដោះស្រាយ​បញ្ហា​នេះ​ដូចម្តេច​នោះ​ទេ។

អភិបាល​ស្រុក​ស្វាយជ្រំ​រូប​នេះ​បញ្ជាក់​ថា ជុំវិញ​ការ​ចុះ​ល្បាត​ចំពោះ​ករណី​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​ដកហូត​សម្ភារៈ​ខ្លះៗ ក្នុង​នោះ​មាន​ទូក​ជ័រ ១​គ្រឿង និង​ឧបករណ៍​ឆក់​ត្រី​ចំនួន ១​គ្រឿង​ប៉ុណ្ណោះ។

ការ​ចុះ​បង្ក្រាប​បទល្មើស​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​ការ​លួច​ឆ្លងដែន​ចូល​នេសាទ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

សារព័ត៌មាន​ដើម​អម្ពិល​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​លួច​ចូល​នេសាទ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម ដែល​មាន​ទូក​ជាច្រើន​គ្រឿង ដោយ​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់ ឬ​យាំងកាវ​ដែល​មាន​ប្រវែង​រាប់​រយ​ម៉ែត្រ ចូល​ទៅ​នេសាទ​ដល់​ក្បែរ​ភូមិ​របស់​ពលរដ្ឋ​នៅ​ទីតាំង​ព្រែកនៀល ស្ថិត​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​នេះ​ដោយ​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​នេសាទ​របស់​ជនជាតិ​វៀតណាម​ដោយ​ខុស​ច្បាប់​នេះ មិនមែន​ទើប​តែ​កើតមាន​នោះ​ទេ គឺ​កើតមាន​ជា​រៀង​រាល់​ថ្ងៃ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ដែល​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ម្តង​ណា​ឡើយ ខណៈ​ពលរដ្ឋ​តែងតែ​រិះគន់​ពី​បញ្ហា​នេះ​រហូត​មក។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បាយ៉ាប បាន​អះអាង​ថា ជនជាតិ​វៀតណាម​តែងតែ​លួច​ចូល​ទៅ​នេសាទ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​នោះ​ជា​រៀង​រាល់​ថ្ងៃ​ដែល​មាន​ទូក​ប្រមាណ​ជាង ៣០​គ្រឿង បង្ក​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ​ពិបាក​ក្នុង​ការ​នេសាទ​ជា​ខ្លាំង ព្រោះ​ថា​ឧបករណ៍​ដែល​ជនជាតិ​វៀតណាម​បាន​ប្រើ​ទាំងនោះ បាន​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ពួកគេ​ដែល​ប្រកប​របរ​ជា​លក្ខណៈ​គ្រួសារ​គ្រប់​ពេល​រហូត​មក។

ជុំវិញ​បទល្មើស​នេសាទ​នៅ​កម្ពុជា ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បទល្មើស​នេសាទ​នៅ​កម្ពុជា​ទ្រង់ទ្រាយ​ធំ គឺ​តែង​ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម​ទាំងអស់ មិន​ថា​នៅ​ទីណា​នោះ​ទេ។ លោក​បន្ត​ថា ជនល្មើស​ទាំងនោះ​តែង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​គ្រប់​ប្រភេទ ឆក់​ត្រជាក់ (យាងកាវ) ឆក់​ក្ដៅ ឈិបយន្ត និង​ឆក់​ទូក​លឿន ជាដើម ដែល​បាន​បំផ្លាញ​មច្ឆជាតិ​ទាំង​តូច​ទាំង​ធំ ទាំង​ត្រី​មាន​ស្រកា និង​ត្រី​អត់​ស្រកា​យ៉ាង​ធ្ងន់ធ្ងរ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក ពេជ្រ វីរៈ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស