35 C
Phnom Penh

ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក គង់ មុនីកា ពី​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ក្រោយ​ចុះចូល​ជាមួយ​បក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ត្រូវ​បាន​បាន​បញ្ចប់​មុខតំណែង​ពី​សមាសភាព​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី តាម​សំណើ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន។

ការ​បញ្ចប់​មុខតំណែង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក គង់ មុនីកា បាន​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។

ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​លោក គង់ មុនីកា ពី​សមាសភាព​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី។

ក្រៅពី​បញ្ចប់​មុខតំណែង​លោក គង់ មុនីកា ហើយ ព្រះមហាក្សត្រ​ក៏​បាន​បញ្ចប់​មុខតំណែង​លោក អ៊ី មុយលី ពី​សមាសភាព​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ព្រមទាំង​លោក តុល ប្រាសាទ ពី​មន្ត្រី​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ។

ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​សមាសភាព​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ចំនួន​បី​នាក់​ចាប់ពី​ថ្ងៃទី​៥ ខែ​តុលា នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សំណើ​របស់​លោក ហ៊ុន សែន ដាក់​ថ្វាយ​ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក គង់ មុនីកា បាន​ធ្វើឡើង​ក្រោយពី​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​រូប​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ ដោយ​សម្រេច​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ជាមួយ​គណបក្ស​ភ្លើង​ទៀន សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣។

យ៉ាងណា ក្រោយពី​គណបក្ស​ឆន្ទៈ​ខ្មែរ​រួបរួម​ជាមួយ​នោះ នៅ​ថ្ងៃទី​៤ ខែ​តុលា គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បើក​ផ្លូវ​ឱ្យ​មាន​ការ​រួម​កម្លាំង​គ្នា​ពី​អ្នក​នយោបាយ​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ ហើយ​បក្ស​មួយ​នេះ​ក៏​បាន​សម្រេច​តែងតាំង​លោក គង់ គាំ ដែល​ជា​ឪពុក​របស់​លោក គង់ មុនីកា ជា​ឧត្តម​ទីប្រឹក្សា​នៃ​គណបក្ស​ភ្លើង​ទៀន​ផង​ដែរ។

ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៨ ក្រោយ​ការ​បោះឆ្នោត​អាណត្តិ​ទី​៦ ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ចំនួន​១៦ ដោយ​មាន​ភារកិច្ច​ជា​អ្នក​ប្រឹក្សា​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល។

ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​បញ្ចប់​សមាសភាព​សមាជិក​ចំនួន ២​នាក់ ក្នុង​នោះ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ខេត្ត​ព្រះសីហនុ និង​មួយ​ករណី​ទៀត គឺ​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ទាក់ទង​នឹង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលការណ៍ ដោយ​សម្រេច​យក​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស