36.7 C
Phnom Penh

លោក ហ៊ុន សែន បង្ហើប​ថា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​គឺ​សំដៅ​លើ​ខ្មែរ​មួយ​ក្រុម​ដែល​កំពុង​គប់គិត​ជាមួយ​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បង្ហើប​ថា មាន​ខ្មែរ​មួយ​ក្រុម​កំពុង​គប់គិត​គ្នា​ជាមួយ​ថៃ គ្រោង​បង្កើត​កម្លាំង​វាយប្រហារ​កម្ពុជា ដូច្នេះ​បុគ្គល​ទាំងនោះ​កំពុង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ហើយ​ពួកគេ​ក៏​ជា​គោលដៅ​នៃ​ច្បាប់​ដក​សញ្ជាតិ​នេះ​ដែរ។

លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្ដី​ស្នើ​ច្បាប់​រដ្ឋធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ ពាក់ព័ន្ធ​នឹង​ការ​ដក​សញ្ជាតិ​ខ្មែរ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ការ​បញ្ចេញមតិ​ជំទាស់​ជាមួយ​រាជរដ្ឋាភិបាល ឬ​អ្នក​នយោបាយ​ប្រឆាំង​ជាមួយ​នឹង​បក្ស​កាន់​អំណាច មិនមែន​ជា​ទោស​ក្បត់​ជាតិ​ដែល​ត្រូវ​បារម្ភ​រឿង​ច្បាប់​ដក​សញ្ជាតិ​នេះ​ទេ។

លោក ហ៊ុន សែន លើកឡើង​ថា បុគ្គល​ដែល​ត្រូវ​យក​ច្បាប់​ដក​សញ្ជាតិ​មក​ប្រើ​ដើម្បី​ដក​សញ្ជាតិ​នោះ គឺជា​អ្នក​ដែល​ប្រព្រឹត្ត​សកម្មភាព​ទាំងឡាយ​ណា​ដែល​គប់គិត​ជាមួយ​ជនបរទេស ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ​ខ្លួនឯង ទើប​ជា​គោលដៅ​នៃ​ការ​ដក​សញ្ជាតិ​នេះ រីឯ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដោយ​គប់គិត​ជាមួយ​បរទេស មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ចំពោះ​ច្បាប់​នេះ​ឡើយ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ត្រូវ​បាន​ដក​សញ្ជាតិ​ទេ ប្រសិនបើ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ប្រឆាំង ឬ​ក្បត់​ផល​ប្រយោជន៍​ជាតិ​សាសន៍​របស់​ខ្លួន ចំណែក​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ខ្លាច​គេ​ដក​សញ្ជាតិ កុំ​តែ​ធ្វើ​អំពើ​ក្បត់​ជាតិ​ទៅ គឺ​បាន​ហើយ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ លោក ហ៊ុន សែន ក៏​បាន​គំរាម​វាយ​ខ្នោះ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ ២​រូប គឺ​លោក គង់ មុនីកា និង​លោក សេង ម៉ារ៉ាឌី បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​ទាំង​ពីរ​រូប​នេះ​មិន​លើក​ដៃ​គាំទ្រ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដែល​ធ្វើ​ឱ្យ​មាន​សំឡេង​ជំទាស់​ចំនួន ២​សំឡេង​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​វត្តមាន​សរុប​ចំនួន ៦០​រូប។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា លោក​មិន​បាន​លើក​ដៃ​គាំទ្រ​ការ​អនុម័ត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​នេះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​មាន​ការ​បារម្ភ​ចំពោះ​ការ​គំរាមកំហែង​នឹង​ច្បាប់​នេះ​ដែរ ព្រោះ​លោក​មិន​មែន​ជា​គោលដៅ​នៃ​ការ​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​ចោទ​ពី​បទ ក្បត់​ជាតិ នោះ​ឡើយ។

លោក គង់ មុនីកា បញ្ជាក់​ថា លោក​មិន​ដឹង​ថា តើ​លក្ខខណ្ឌ​អ្វី​ខ្លះ ឬ​កត្តា​អ្វី​ខ្លះ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ថា​ជា​ជន​ក្បត់​ជាតិ ឬ​គប់គិត​ជាមួយ​បរទេស​នោះ​ទេ ដូច្នេះ​គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​កំណត់​និយមន័យ​ឱ្យ​បាន​ច្បាស់លាស់​របស់​ច្បាប់​នេះ​ប៉ុណ្ណោះ។

ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​នា​ពេលនេះ ចលនា​យុវជន​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ក៏​កំពុង​ត្រៀម​ប្រមូលផ្ដុំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​ចាត់ទុក​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត គឺជា​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​ជាតិ​សាសន៍​ខ្មែរ​ខ្លួនឯង ដើម្បី​ផ្តល់​សញ្ជាតិ​ឱ្យ​ជនជាតិ​វៀតណាម​មាន​សិទ្ធិ​បោះឆ្នោត​សម្រេច​ជោគ​វាសនា​ជំនួស​ខ្មែរ​ម្ចាស់​ស្រុក។

គេ​សង្កេត​ឃើញ​លោក ហ៊ុន សែន ខំប្រឹង​ពន្លឿន​ការ​អនុម័ត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នា​ពេលនេះ ប៉ុន្តែ​រាប់​ទសវត្សរ៍​កន្លង​មក រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ខំប្រឹង​ផ្តល់​សញ្ជាតិ​ខ្មែរ​ឲ្យ​ជនបរទេស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែរ ក្នុង​នោះ​ជនជាតិ​វៀតណាម ទទួល​បាន​សញ្ជាតិ​ខ្មែរ​ច្រើន​ជាងគេ។ ជាក់ស្តែង កាលពី​អំឡុង​ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ បាន​ចេញ​ផ្សាយ​របាយការណ៍​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០២២ ជនបរទេស​ដែល​បាន​សុំ​ចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម និង​តាមរយៈ​នៃ​ការ​បរិច្ចាគ​ប្រាក់​ដល់​រដ្ឋាភិបាល​កម្ពុជា គឺ​មាន​ចំនួន​សរុប​ដល់​ជាង ២​ពាន់​នាក់​ហើយ (២៥២៨​នាក់) ដែល​មកពី​សញ្ជាតិ​ដើម​ចំនួន ៥០ ខុសៗ​គ្នា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស