អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បង្ហាញការព្រួយបារម្ភអំពីការបោះឆ្នោតជាតិនៅកម្ពុជានាពេលខាងមុខនេះ ដោយសារលំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជាកាន់តែរួមតូចចាប់តាំងពីរំលាយបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានថ្លែងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៥១ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ តុលា ដោយបានរំលឹកពីការរំលាយគណបក្សប្រឆាំងដោយអយុត្តិធម៌ ខណៈការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងក៏នៅតែបន្តធ្វើនាពេលបច្ចុប្បន្ន។
លោក វីទិត ម៉ុនតាប៊ន អះអាងថា ការបន្តកាត់ទោសទ្រង់ទ្រាយធំនេះ បាននិងកំពុងរារាំងដល់ការចូលរួមការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ របស់ពួកគេ ខណៈលំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជាកាន់តែរួមតូចចាប់តាំងពីតុលាការកំពូលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដែលបានធ្វើឡើងដោយអយុត្តិធម៌។
លោកបញ្ជាក់ថា ការរួមតូចលំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនេះ ជាក្ដីបារម្ភសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ ដែលកត្តាទាំងអស់នេះជំរុញឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែងលើពលរដ្ឋដែលប្រឆាំងលើការគ្រប់គ្រងរបស់ពួកគេ។
តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានចាត់ទុកការលើកឡើងរបស់លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) នោះថាជាការយល់ឃើញផ្ទាល់ខ្លួន និងខ្វះភស្តុតាងជាក់លាក់ ដែលធ្វើឲ្យប៉ះពាល់ដល់របាយការណ៍រដ្ឋាភិបាល។
យ៉ាងណា ក្នុងសម័យប្រជុំដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ តំណាងសហរដ្ឋអាមេរិកក៏បានលើកឡើងពីការព្រួយបារម្ភជុំវិញការប្រព្រឹត្តឧក្រិដ្ឋកម្មលើសហជីព និងរបាយការណ៍ជនរងគ្រោះនៃការជួញដូរមនុស្សរាប់ពាន់នាក់ រួមទាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
ការលើកឡើងនេះ ក្រោយពីអាមេរិករកឃើញថា ការជួញដូរជនបរទេសចូលមកប្រទេសកម្ពុជាកំពុងមានការកើនឡើង រួមទាំងការរំលោភបំពានក្នុងវិស័យការងារ ហើយមន្ត្រីមួយចំនួនបានសមគំនិតក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត៕