29 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​អ្នក​នយោបាយ​ប្រឆាំង​មិន​ហ៊ាន​ចេញ​មុខ​រក​យុត្តិធម៌​ឲ្យ​យុវជន ថែល ធីលែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង​គិត​តែ​ពី​ផលប្រយោជន៍​ខ្លួនឯង ជាជាង​ផល​ប្រយោជន៍​ជាតិ ដោយ​នាំគ្នា​លាក់​ខ្លួន​មិន​ចេញ​មុខ​រក​យុត្តិធម៌​ឱ្យ​យុវជន ថែល ធីលែន ដែល​ហ៊ាន​ចេញ​មុខ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​គម្រោង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា។

អគ្គលេខាធិការ​នៃ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ ខែ​តុលា ថា គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​បច្ចុប្បន្ន​នេះ​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​គិតគូរ​ ពី​ផលប្រយោជន៍​ជាតិ ដូច្នេះ​ទាំង​សកម្មជន និង​យុវជន​ដែល​មាន​និន្នាការ​ខាង​បក្ស​របស់​ពួកគេ គឺ​ត្រូវតែ​ធ្វើ​សកម្មភាព​ណា​ដែល​ចំណេញ​ដល់​គណបក្ស​នោះ​តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចការ​ណា​ដែល​មិន​ចំណេញ​ដល់​គណបក្ស ទោះ​កិច្ចការ​នោះ​មាន​ប្រយោជន៍​ដល់​ជាតិ​កម្រិត​ណា​ក៏ដោយ ក៏​ពួកគេ​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ដែរ។

លោក អ៊ាប គឹមសេង អះអាង​ថា ជា​ឧទាហរណ៍​ជាក់ស្តែង ការ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​គម្រោង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា ដែល​ស្ទើរតែ​ទាំងអស់​ជា​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ និង​ស្នើ​រំលាយ​ផែនការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា​ពី​សំណាក់​យុវជន ថែល ធីលែន គឺជា​ប្រយោជន៍​ជាតិ​សុទ្ធសាធ ប៉ុន្តែ​គណបក្ស​នយោបាយ​ប្រឆាំង​គ្មាន​សកម្មភាព​ណា​មួយ​ដែល​ហ៊ាន​ចេញ​មុខ​រក​យុត្តិធម៌​ទាល់តែសោះ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ចាប់​ឃុំ​ខ្លួន​យុវជន​រូប​នេះ។

អគ្គលេខាធិការ​នៃ​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អ្នក​នយោបាយ​ដែល​អួត​ខ្លួន​ថា​ជា​អ្នក​ប្រឆាំង​ដើម្បី​ជាតិ តាម​ការពិត ពួកគេ​គ្រាន់តែ​កុហក​សកម្មជន និង​យុវជន​ដែល​គាំទ្រ​ពួកគេ​ប៉ុណ្ណោះ ប៉ុន្តែ​ទង្វើ​របស់​ពួកគេ​ជាក់ស្តែង​មាន​បំណង​ប្រើប្រាស់​សកម្មជន និង​យុវជន​ទាំងនោះ​ទៅ​ប្រឈម​នឹង​គ្រោះថ្នាក់ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​សម្រាប់​ពួកគេ​តែប៉ុណ្ណោះ។ ជាក់ស្តែង​ដូចជា​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក សមាជិក​ជាន់ខ្ពស់​ខេត្ត​តាកែវ របស់​បក្ស​ភ្លើង​ទៀន លោក អៀរ ចាន់ណា និង​សកម្មជន​បក្ស​ប្រឆាំង កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ពេល​នេះ ជាដើម។

ចំណែក​លោក សេក កុសល ប្រធាន​អង្គការ IKARE ក្នុង​រដ្ឋ​មីនីសសូតា បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​គ្មាន​វិន័យ ហើយ​ភាព​គ្មាន​វិន័យ​បែប​នេះ គឺជា​ឥទ្ធិពល​ដែល​ជះ​មកពី​មេដឹកនាំ ព្រមទាំង​រីក​សាយភាយ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ដែល​នាំ​ឱ្យ​ពលរដ្ឋ​រស់នៅ​រង​ទុក្ខ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ​យ៉ាង​អាណោចអាធ័ម។

លោក សេក កុសល លើកឡើង​ថា ដើម្បី​កែប្រែ​សង្គម​កម្ពុជា​ទៅ​ជា​សង្គម​ដែល​មាន​ការ​គោរព​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ឡើងវិញ គឺ​មាន​តែ​កម្លាំង​សាមគ្គី​របស់​យុវជន​តែប៉ុណ្ណោះ ដែល​ធ្វើ​សកម្មភាព​ឱ្យ​កាន់តែ​ខ្លាំង កាន់តែ​លឿន និង​កាន់តែ​ឮ ដើម្បី​កែប្រែ​របៀប​ដឹកនាំ​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ពួកគេ​ក៏​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អ្នក​នយោបាយ​ដែល​ប្រាសចាក​ផលប្រយោជន៍​ជាតិ​ផង​ដែរ។

សកម្មជន​សង្គម លោក ថែល ធីលែន និង​តំណាង​យុវជន​មួយ​ចំនួន​ទៀត​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ ស្នើសុំ​ឱ្យ​បញ្ឈប់​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា និង​ស្នើ​រំសាយ​ផែនការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ កន្លងទៅ​នេះ ប៉ុន្តែ​នៅ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ យុវជន​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន ដោយ​លើក​យក​បទ​ចោទ​ដែល​តុលាការ​បាន​ចោទ​កាលពី ៦​ឆ្នាំ​មុន​មក​អនុវត្ត​ទៅវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស