28.4 C
Phnom Penh

អ្នកវិភាគ​ចាស់វស្សា៖ រដ្ឋាភិបាល​មួយ​មិន​ទាំង​ផ្ដល់​សញ្ជាតិ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឯង​ផង ហេតុ​អី​មក​ស្នើ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ទៅ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​ឯករាជ្យ​ចាស់វស្សា​ដ៏​មាន​បទពិសោធ​ខ្ពស់​ម្នាក់ លើកឡើង​ថា បើ​រដ្ឋាភិបាល​ប្រទេស​ណា​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ នោះ​រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ផ្តល់​សញ្ជាតិ​ឱ្យ​អ្នក​ទាំងនោះ​វិញ​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា រដ្ឋាភិបាល​របស់​ជន​បរទេស​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ មិន​ទាំង​ផ្តល់​សញ្ជាតិ​ឱ្យ​ជនជាតិ​របស់​គេ​ផង តើ​មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​មក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជន​បរទេស​ទាំងនោះ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ជនបរទេស​ទាំងអស់​ដែល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា សុទ្ធតែ​មាន​សញ្ជាតិ​ពី​កំណើត​របស់​ពួកគេ​រួច​អស់​ហើយ ដូច្នេះ​មិន​ចាំបាច់​ត្រូវ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ទាំងនោះ​ទៀត​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​បាន​ចូល​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​រាប់​ពាន់​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៥ នេះ។

កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​អះអាង​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៩ មក កម្ពុជា​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​សរុប​ជាង ៥​ពាន់​នាក់​ហើយ ដែល​ចំនួន​នេះ​គឺ​នៅ​តិច​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់។

សម្រាប់​សញ្ជាតិ​ខ្មែរ​ដែល​ផ្តល់​ឱ្យ​ជនបរទេស​ទាំង​ជាង ៥​ពាន់​នាក់​នេះ គេ​អាច​ប៉ាន់ប្រមាណ​បាន​ថា ជនជាតិ​វៀតណាម ទទួល​បាន​សញ្ជាតិ​ខ្មែរ​ជាង ៤​ពាន់​នាក់ ព្រោះ​បើ​យោង​តាម​លិខិត​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ជនបរទេស​ទាំង ១០​សញ្ជាតិ ក្រៅពី​ជនជាតិ​វៀតណាម ដែល​បាន​ស្នើសុំ​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ត្រឹមតែ​ជាង ៣០០​នាក់ (៣១៥​នាក់) ប៉ុណ្ណោះ ខណៈ​ជនជាតិ​វៀតណាម មាន​រហូត​ដល់​ទៅ​ជិត ១​សែន​នាក់​នោះ។

លិខិត​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ បង្ហាញ​ថា ជនបរទេស​អន្តោប្រវេសន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ស្នើសុំ​ប្រកាស​ទទួលស្គាល់​ជា​ជន​អន្តោប្រវេសន៍ និង​សុំ​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជាង ៨​ម៉ឺន ៩​ពាន់​នាក់ (៨៩៧៨៦​នាក់)។

លិខិត​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​ជនបរទេស​ទាំង​ជាង ៨​ម៉ឺន​នាក់​នេះ គឺ​ស្មើ​នឹង​ជាង ២​ម៉ឺន ៨​ពាន់​គ្រួសារ (២៨៩៤៥​គ្រួសារ) ដែល​មាន ១១​សញ្ជាតិ ក្នុង​នោះ ជនជាតិ​វៀតណាម មាន​ចំនួន ៨​ម៉ឺន ៩៤៧១​នាក់ ខណៈ​ជនបរទេស ១០​សញ្ជាតិ​ផ្សេង​ទៀត​ដែល​ទទួល​បាន​បណ្ណ​ស្នាក់នៅ​មាន​ត្រឹមតែ​ជាង ៣០០​នាក់ (៣១៥​នាក់) ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​លើកឡើង​ថា តាម​ពិត មេដឹកនាំ​វៀតណាម កន្លង​មក​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​រហូត​មក គ្រាន់តែ​ពួកគេ​មិន​បាន​និយាយ​ដោយ​ត្រង់​ប៉ុណ្ណោះ គឺ​ស្នើ​ឱ្យ​ផ្តល់​បណ្ណ​ស្នាក់នៅ​ជំនួស​វិញ។

ប្រភព​ដដែល អះអាង​ថា ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនជាតិ​វៀតណាម ទាំងនោះ ក៏​មិន​ខុស​ពី​ការ​ស្នើសុំ​ឱ្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ពួកគេ​ដែរ ព្រោះ​បើ​យោង​តាម​ច្បាប់​សញ្ជាតូបនីយកម្ម ជនបរទេស​ដែល​មាន​បណ្ណ​ស្នាក់នៅ​ប្រទេស​កម្ពុជា​ជាប់​គ្នា ៧​ឆ្នាំ នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ។

យោង​តាម​លក្ខខណ្ឌ​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ជនបរទេស​ដែល​ទទួល​បាន​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជាង ៨​ម៉ឺន ៩​ពាន់​នាក់ (៨៩៧៨៦​នាក់) ដែល​មាន​ជនជាតិ​វៀតណាម ៨​ម៉ឺន ៩៤៧១​នាក់ តាំងពី​ឆ្នាំ​២០១៩ មក​នោះ មាន​ន័យ​ថា ឆ្នាំ​២០២៦ ខាងមុខ គឺ​គ្រប់​ចំនួន ៧​ឆ្នាំ​តែម្តង ដូច្នេះ​ជនជាតិ​វៀតណាម ទាំង​ជាង ៨​ម៉ឺន​នាក់​នេះ ក៏​ត្រូវ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ​ដែរ។

មាត្រា​១៩ នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ ត្រង់​ជំពូក​៦ ដែល​ចែង​អំពី​សញ្ជាតូបនីយកម្ម កំណត់​ថា ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់នៅ​ជាប់​ចំនួន ៧​ឆ្នាំ ដោយ​គិត​ពី​ថ្ងៃ​ទទួល​បាន​បណ្ណ​ស្នាក់នៅ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស