មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជំរុញឲ្យរដ្ឋាភិបាលអនុវត្តចំណាត់ការក្នុងការជួយទំនុកបម្រុងពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមរយៈការជួយសម្រួលសងធនាគារ និងផ្តល់ទុនបន្ថែមដើម្បីស្ដារមុខរបរកសិកម្មរបស់ពួកគាត់។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ តុលា នេះថា រដ្ឋាភិបាលគួរតែសិក្សាពីការលំបាករបស់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ឲ្យបានលម្អិតជាងនេះ ព្រោះថាពលរដ្ឋទាំងនោះភាគច្រើនមិនមែនប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដែលមានស្រាប់ ដើម្បីធ្វើកសិកម្មនោះទេ ដូចជាការទិញជី ការទិញថ្នាំសម្លាប់សត្វល្អិត ការទិញពូជស្រូវ និងការភ្ជួររាស់ដី គឺពួកគេភាគច្រើនបានខ្ចីលុយពីធនាគារមកប្រើប្រាស់ ខណៈកសិករខ្លះទៀតបានជំពាក់ឈ្មួញទាំងស្រុងតែម្តង ដែលនឹងត្រូវសងគេវិញនៅពេលប្រមូលផល។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ក្នុងនាមរដ្ឋាភិបាលដែលមានការទទួលខុសត្រូវនៅពេលដែលពលរដ្ឋទទួលរងគ្រោះដោយសារការដឹកនាំរបស់ខ្លួន រដ្ឋាភិបាលមានកាតព្វកិច្ចត្រូវជួយទំនុកបម្រុងពលរដ្ឋឲ្យបានច្រើនលើសលប់ ដូចជាការផ្តល់ទុនបន្ថែមដើម្បីធានានូវការស្ដារឡើងវិញការធ្វើកសិកម្មរបស់ពួកគាត់ និងការជួយសម្រួលក្នុងការសងធនាគារនៅពេលដែលពួកគាត់ជួបគ្រោះធម្មជាតិនៅពេលនេះ ជាដើម។
លោករិះគន់ថា ចំណាត់ការរបស់រដ្ឋាភិបាលដែលសម្រេចបង្កើតមន្ត្រីថ្នាក់ជាតិដើម្បីវាយតម្លៃ និងដើម្បីបែងចែកការងារជួយប្រជាពលរដ្ឋ គឺបង្ហាញពីការងារមិនច្បាស់លាស់ និងការងារដែលគ្មានប្រសិទ្ធភាព ព្រោះកិច្ចការនេះគឺមន្ទីរដែលពាក់ព័ន្ធក្នុងបញ្ហាគ្រោះទឹកជំនន់ ត្រូវធ្វើកិច្ចការជូនរដ្ឋាភិបាលទាំងស្រុង ដូច្នេះរដ្ឋាភិបាលក៏គ្មានភាពចាំបាច់អ្វីដែលត្រូវបង្កើតគណៈកម្មការធ្វើកិច្ចការនេះបន្ថែមទៀតដែរ។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា គ្រោះទឹកជំនន់នៅកម្ពុជាមិនដែលកើតឡើងដោយសារព្យុះដោយផ្ទាល់នោះទេ គ្រាន់តែទទួលរងឥទ្ធិពលពីប្រទេសជិតខាងប៉ុណ្ណោះ ដូច្នេះមានន័យថា គ្រោះទឹកជំនន់ដែលបណ្តាលមកពីចំហាយព្យុះបង្កទៅជាទឹកភ្លៀង គឺអាចបញ្ចៀសបាន ប្រសិនបើរដ្ឋាភិបាលស្ដារប្រព័ន្ធធារាសាស្ត្ររំដោះទឹកឲ្យបានគ្រប់គ្រាន់ឡើងវិញ ហើយជាងនេះទៅទៀត រដ្ឋាភិបាលក៏ត្រូវស្ដារគម្របព្រៃឈើដែលបាត់បង់ឲ្យមានឡើងវិញផងដែរ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យបង្កើតក្រុមការងារចុះវាយតម្លៃពីស្ថានភាព និងចំនួនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងក្រុមការងារដែលចុះជួយផ្តល់ពូជស្រូវ និងពូជដំណាំដល់ពលរដ្ឋរងគ្រោះទាំងនោះឲ្យបានមុនទឹកស្រកទៅវិញ ដើម្បីឲ្យពួកគេបង្កបង្កើនផលនៅរដូវប្រាំង។
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អូន ព័ន្ធមុនីរ័ត្ន បានសម្រេចបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីអាចផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីអាចស្ដារដំណាំឡើងវិញឲ្យបានទាន់ពេលវេលា។
ជុំវិញបញ្ហានេះ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍ស្ដីពីការខូចខាតដំណាំកសិកម្មដែលរងគ្រោះដោយទឹកជំនន់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ថា កម្ពុជាបានរងនូវការជន់លិចដោយជំនន់ទឹកភ្លៀងចំនួន ២២ខេត្ត ៩៦ស្រុក និង ៧៧០ឃុំ ដែលធ្វើឲ្យលិចលង់ដំណាំស្រូវជាង ១សែន ៥ម៉ឺនហិកតារ និងដំណាំរួមផ្សំជាង ១ម៉ឺន ៤ពាន់ហិកតារផងដែរ៕