29 C
Phnom Penh

អ្នក​នាំពាក្យ​ក្រសួង​ការងារ​ថា​ករណី​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដល់​ដំណាក់កាល​ឡើង​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាង​ថា ករណី​វិវាទ​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ឈាន​ដល់​ដំណាក់កាល​ត្រូវ​ឡើង​តុលាការ បន្ទាប់ពី​កម្មករ​និយោជិត​បដិសេធ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នា​ពេល​កន្លងមក។

អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ ថា បញ្ហា​ដែល​ជាប់​គាំង គឺ​នៅ​ត្រង់​ថា ភាគី​បុគ្គលិក​កម្មករ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ចូល​ធ្វើការ​វិញ ចំណែក​ភាគី​ក្រុមហ៊ុន​បដិសេធ​មិន​ទទួល​យក​វិញ​ដាច់ខាត ប៉ុន្តែ​ក្រុមហ៊ុន​សុខចិត្ត​ផ្តល់​សំណង​តាម​ច្បាប់​ជាធរមាន។

លោក ហេង សួរ លើកឡើង​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​ធ្វើឡើង ៤​ដំណាក់កាល គឺ​ដំណាក់កាល​ផ្សះផ្សា​នៅ​ក្រុមហ៊ុន ដំណាក់កាល​ផ្សះផ្សា​នៅ​កម្រិត​ក្រសួង ដំណាក់កាល​ផ្សះផ្សា​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​ដំណាក់កាល​ប្ដឹង​ទៅ​តុលាការ ខណៈ​ក្រសួង​មិន​មាន​សិទ្ធិ​ចាប់​បង្ខំ​ឲ្យ​ភាគី​ណា​មួយ​ទទួល​យក​នូវ​អ្វី​ដែល​ជា​គំនិត​របស់​ខ្លួន​នោះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការងារ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ តំណាង​អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​បាន​សុំ​ឱ្យ​ក្រសួង​ធ្វើការ​ផ្សះផ្សា​ឡើងវិញ ប៉ុន្តែ​ក្រសួង​បាន​ផ្សះផ្សា​នៅ​ក្រុមហ៊ុន នៅ​ក្រសួង និង​រុញ​ទៅ​អាជ្ញាកណ្ដាល​រួច​ហើយ ដូច្នេះ​ករណី​នេះ​មិន​អាច​រុញ​ទៅ​ក្រសួង​វិញ​ទេ ពោល​គឺ​ត្រូវ​ឡើង​ទៅ​តុលាការ​ជាដាច់ខាត ត្បិត​នៅ​ពេល​ផុត​ដំណាក់កាល​មួយ​ហើយ​នោះ គឺ​ត្រូវតែ​បញ្ជូន​ទៅ​ដំណាក់កាល​មួយ​ទៀត មិន​អាច​វិលត្រឡប់​ថយក្រោយ​វិញ​បាន​ឡើយ។

ចាប់តាំងពី​ខែ​មេសា ឆ្នាំ​២០២១ ដែល​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ៣៦៥​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​ចេញ​តវ៉ា​ទាមទារ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ពួកគេ​ចាប់តាំងពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក។ កម្មករ​និយោជិត​ទាំងនោះ​ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ​កម្ពុជា​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន ការ​បង្ក្រាប​ដោយ​ហិង្សា ដូចជា​ការ​វាយដំ​ទៅ​លើ​កម្មការិនី​រហូត​ធ្វើ​ឱ្យ​មាន​របួស​ស្នាម សន្លប់ និង​រលូត​កូន​ក្នុង​ផ្ទៃ ជាដើម។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ តុលា នេះ​ថា បញ្ហា​ដើមដំបូង​នៃ​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​កើតឡើង​ដោយសារតែ​ក្រុមហ៊ុន​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ដោយ​បង្ខំ ដែល​មាន​ចេតនា​លុប​បំបាត់​ថ្នាក់​ដឹកនាំ​សហជីព​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ទើប​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា​ពី​បុគ្គលិក​កម្មករ​នៃ​ក្រុមហ៊ុន​នេះ​រហូត​មក មិនមែន​បន​ល្បែងស៊ីសង​មួយ​នេះ​បញ្ឈប់​បុគ្គលិក​ទាំងនោះ​ដោយ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា បាន​ត្រឹមត្រូវ​ដូច​ការ​លើកឡើង​របស់​លោក ហេង សួរ នោះ​ទេ។

លោក មាជ សុវណ្ណារ៉ា រំឭក​ឡើងវិញ​ថា កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ប្រកាស​គម្រោង​កាត់​បន្ថយ​បុគ្គលិក​ចំនួន​ជាង ១៣០០​នាក់ ក្នុង​នោះ​ភាគច្រើន​សុទ្ធសឹងតែ​ជា​សកម្មជន​សហជីព​ក្នុង​ចំណោម​បុគ្គលិក​បម្រើការ ៨​ពាន់​នាក់ ក្រោម​លេស​ថា ក្រុមហ៊ុន​ជួប​វិបត្តិ​Covid-19 ហើយ​បញ្ហា​នេះ កម្មករ​និយោជិត​ភាគច្រើន​ត្រូវ​បង្ខំ​ចិត្ត​ឈប់​ពី​ការងារ​ដោយ​មិន​ហ៊ាន​តវ៉ា​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ បើ​ទោះបីជា​ដឹង​ថា​ខ្លួន​កំពុង​រង​ភាព​អយុត្តិធម៌​ក៏ដោយ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​លើ​កម្មករ​បែប​នេះ​ហើយ ទើប​ពួកគេ​នាំគ្នា​ចាប់ផ្តើម​ចេញ​តវ៉ា​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បាន​ចេញ​មុខ​ការពារ​ក្រុមហ៊ុន ដោយ​ធ្វើការ​បង្ក្រាប​ទៅ​លើ​កម្មករ​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ ជាដើម ព្យាយាម​ទម្លាក់​កំហុស​ទៅ​លើ​កម្មករ​ក្នុង​ចេតនា​ជួយ​បិទបាំង​ការ​រំលោភ​ច្បាប់​របស់​ថៅកែ​ក្រុមហ៊ុន​ល្បែងស៊ីសង​នេះ​រហូត​មក។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ចោទ​ក្រុម​កូដករ​អហិង្សា​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ថា ការ​ប្រើប្រាស់​អនីតិជន ឬ​ស្ត្រី ជាពិសេស​ស្ត្រី​មាន​កូន​ខ្ចី ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ចូលរួម​តវ៉ា គឺជា​តាក់តិច​មួយ​ដែល​រៀបចំ​ចលនា​បដិវត្តន៍​ពណ៌ ហើយ​អ្នក​រៀប​ផែនការ​នេះ​តែងតែ​បន់ស្រន់​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណា​មួយ​កើតឡើង​លើ​អនីតិជន ឬ​លើ​ស្ត្រី​ទាំងនោះ ដើម្បី​ទាញ​សមានចិត្ត និង​បញ្ឆេះ​កំហឹង​ពី​មហាជន ប៉ុន្តែ​ក្រោយពី​មាន​ការ​ប្រតិកម្ម​ពី​ពលរដ្ឋ លោក ហេង សួរ ក៏​បាន​លួច​លុប​សំណេរ​របស់​ខ្លួន​ចេញពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ស្ងាត់ៗ​ដោយ​គ្មាន​ការ​បកស្រាយ​អ្វី​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស