នៅឯកិច្ចប្រជុំពិសេសរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅបុរីញីវយ៉ក ដែនដីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១២ ខែតុលា អំពីករណីរុស្ស៊ី ប្រកាសកាត់យកទឹកដីអ៊ុយក្រែន ចំនួនបួនតំបន់មកជារបស់ខ្លួន បានឈានដល់ការបោះឆ្នោតដើម្បីស្វែងរកសំឡេងគាំទ្ររុស្ស៊ី និងសំឡេងប្រឆាំងមហាអំណាចយោធាទី២ នៃពិភពលោកនេះ។
នៅទីបំផុត មានតែ ៤ប្រទេសប៉ុណ្ណោះដែលគាំទ្ររុស្ស៊ីប្លន់ទឹកដីប្រទេសអ៊ុយក្រែន។ ប្រទេសទាំងបួននោះរួមមាន កូរ៉េខាងជើង ស៊ីសេរី បេឡារ៉ុស និងប្រទេសនីការីហ្គ័រ។
ចំណែកប្រទេសដែលប្រឆាំងរុស្ស៊ី មានដល់ទៅ ១៤៣ប្រទេស ហើយប្រទេសដែលបោះឆ្នោតអនុប្បវាទមានចំនួន ៣៥ប្រទេស ប៉ុន្តែប្រទេសដែលបោះឆ្នោតអនុប្បវាទនេះ បើតាមនីតិវិធីបោះឆ្នោតនៅក្នុងមហាសន្និបាតនេះ គឺមិនត្រូវបានចាត់ទុកជាសំឡេងឆ្នោតដើម្បីទប់ទល់នឹងសំឡេងប្រឆាំងនោះទេ។ វាគឺសំឡេងក្នុងកម្រិតសូន្យ ទោះជាបរិមាណធ្វើឲ្យមានតុល្យភាពនឹងសំឡេងប្រឆាំងក៏ដោយ។ ដូចនេះ គេហៅសំឡេងឆ្នោតប្រឆាំងរុស្ស៊ីមានសំឡេងលើសលប់បំផុត គឺ ១៤៣ទល់នឹង ៤សំឡេង។
បើតាមបណ្ដាញផ្សាយព័ត៌មាន BBC ឲ្យដឹងថា រុស្ស៊ីខ្លួនគេផ្ទាល់ក៏ស្ថិតក្នុងសំឡេងគាំទ្រខ្លួនឯងដែរ ប៉ុន្តែមិនត្រូវបានរាប់នោះទេ។
យ៉ាងណាក៏ដោយ សំឡេងឆ្នោតដែលមានចំនួនលើសលប់នេះ គឺជាតម្លៃការទូតខ្ពស់បំផុតដែលចង់ប្រាប់ទៅទីក្រុងមូស្គូ ថា រុស្ស៊ីកំពុងធ្វើការឈ្លានពានអ៊ុយក្រែន ហើយប្លន់ទឹកដីប្រទេសនេះដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរណាស់ ជាពិសេសរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ។ លទ្ធផលនេះមានន័យជានិមិត្តរូបនៃសំឡេងយុត្តិធម៌នៃការតស៊ូផ្នែកការទូតសម្រាប់ប្រជាជនអ៊ុយក្រែន ដែលមានតម្លៃខ្លាំងណាស់។
ជ័យជម្នះរបស់អ៊ុយក្រែនលើផ្នែកការទូតនៅពេលនេះ គឺពិតណាស់ជាការឆ្លើយតបយ៉ាងពិតប្រាកដរបស់សហគមន៍អន្តរជាតិប្រឆាំងរុស្ស៊ី ដែលសភារបស់ប្រទេសមហាអំណាចនេះបានអនុម័តយកតំបន់ Luhansk, Donetsk, Zaporizhzhia និង Kherson ទឹកដីអ៊ុយក្រែន មកជាទឹកដីរបស់ខ្លួន។
តាមអ្នកវិភាគរបស់ BBC ចាប់ពីពេលនេះទៅ ទោះជារុស្ស៊ីចាត់ទុកទឹកដីនៃតំបន់ទាំង ៤ នេះជារបស់ខ្លួនក៏គ្មានន័យដែរ ហើយជាការលើកទឹកចិត្តថែមទៀតដល់ប្រជាជន និងកងទ័ពអ៊ុយក្រែនក្នុងការបង្កើនកម្លាំងសាមគ្គីភាពប្រឆាំងនឹងកម្លាំងទ័ពរុស្ស៊ី ដែលគេហៅថាទ័ពឈ្លានពាន។ ដូចនេះ ទឹកដីទាំង ៤តំបន់នេះគ្មានផ្លូវរុស្ស៊ីបន្តអះអាងថាជាដែនដីរបស់ខ្លួនបានដាច់ខាត ទោះជាដែនដីនោះមានប្រជាជនរុស្ស៊ីមករស់នៅក៏ដោយ។
អ្នកសង្កេតការណ៍ថា របបក្រុងមូស្គូ អស់ផ្លូវដើម្បីប្រើឥទ្ធិពលនៅឯអង្គការសហប្រជាជាតិចាប់ពីពេលនេះតទៅ ហើយមិនតែប៉ុណ្ណោះ គឺមហាអំណាចនេះនៅសល់តែការតស៊ូមួយទៀត គឺការខំការពារអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិដែលកំពុងប្រឈមនឹងការព្យួរតែប៉ុណ្ណោះ ព្រោះប្រទេសនេះបានរំលោភធ្ងន់ធ្ងរណាស់លើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលហាមការបង្កសង្គ្រាមឈ្លានពានប្រទេសណាមួយនាំឱ្យពិភពលោកជួបវិបត្តិអសន្តិសុខធ្ងន់ធ្ងរ។
អ្នកការទូតរបស់បស្ចិមប្រទេសបានបញ្ចេញសំឡេងរួមគ្នាថា រុស្ស៊ីមិនត្រឹមចាញ់ជាបណ្ដើរៗនៅលើសមរភូមិនោះទេ តែមហាអំណាចនេះបានចាញ់យ៉ាងអាម៉ាស់នៅលើផ្លូវតស៊ូការទូតចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន។
ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថាសំឡេងប្រឆាំងរុស្ស៊ីមានភាពលើសលប់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងសាទរ និងអរគុណប្រទេសទាំង ១៤៣ប្រទេសនេះ។ លោកចាត់ទុកថាជាជ័យជម្នះរួមគ្នារបស់កម្លាំងអ្នកការពារយុត្តិធម៌ និងសេរីភាព។
លោក Zelensky បានសង្កត់ធ្ងន់ថា ពិភពលោកបានបង្ហាញជំហរយ៉ាងច្បាស់ គឺថាការកាត់ទឹកដីដោយខុសច្បាប់ពីសំណាក់រុស្ស៊ី គឺគ្មានតម្លៃ និងគ្មានថ្ងៃទទួលស្គាល់ដោយក្រុមប្រទេសស្រឡាញ់យុត្តិធម៌នោះទេ។ លោកក៏បានទទូចឱ្យពិភពលោករួមគ្នាមួយលើកទៀតដករុស្ស៊ីចេញពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកថា ប្រទេសដែលបំពានធម្មនុញ្ញអង្គការសហប្រជាជាតិដ៏ធ្ងន់ធ្ងរនេះ មិនសមជាប្រទេសជួយកសាងសណ្ដាប់ធ្នាប់ពិភពលោកនោះទេ។
បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតក្នុងសំឡេងច្រើនលើសលប់ថ្កោលទោសទៅលើរុស្ស៊ី ដោយសារតែកាត់យកទឹកដីអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខស្ងើចសរសើរលទ្ធផលនេះ ហើយថាវាគឺជាការផ្ញើសារយ៉ាងច្បាស់ចំពោះទីក្រុងមូស្គូ។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក បៃដិន បាននិយាយថា វាជាការឆ្លើយតបទៅកាន់ប្រទេសរុស្ស៊ី ថាប្រទេសនេះមិនអាចលុបបំបាត់រដ្ឋអធិបតេយ្យមួយចេញពីផែនទីពិភពលោកបានដាច់ខាត។
លោកប្រធានាធិបតីអាមេរិកបានបន្តទៀតថា រុស្ស៊ីមិនអាចកែប្រែបន្ទាត់ព្រំដែនដោយប្រើកម្លាំងយោធា ហើយរុស្ស៊ីក៏មិនអាចដណ្តើមទឹកដីប្រទេសដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានឡើយ។
ប្រទេសមហាអំណាចរុស្ស៊ី ដែលជួបរឿងអាម៉ាស់ដ៏ធ្ងន់ក្នុងការតស៊ូការទូតនេះនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ គឺមាន ៤លើកមកហើយ ចាប់ពីថ្ងៃទី២៤ កុម្ភៈ ដែលប្រទេសនេះលើកទ័ពឈ្លានពានអ៊ុយក្រែន ជាប្រទេសមានព្រំដែនជាមួយគ្នា៕