បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ នៅតែបន្តរកឃើញការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដដែល បន្ទាប់ពីបានចុះល្បាតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ប្រទះឃើញនូវបទល្មើសព្រៃឈើជាច្រើនប្រភេទ។
បណ្ដាញសហគមន៍ព្រៃឡង់បានឱ្យដឹងថា បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ចំនួន ២៤នាក់ បានចុះស្រាវជ្រាវ និងស៊ើបអង្កេតរកបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រទះឃើញនូវបទល្មើសកាប់ និងដឹកជញ្ជូនចេញពីតំបន់ការពារ ដោយក្រុមកម្មករក្រុមហ៊ុនបានកាប់ប្រមូលឈើឃ្លុំ (៤ជ្រុង) ជាច្រើនប្រភេទ មានដូចជាឈើឈ្លីក សុក្រំ ផ្ចឹក រាំង មានចំនួន ១០ម៉ែត្រគូប ដែលមានមុខកាត់ចាប់ពី ៣០សង់ទីម៉ែត្រដល់ ៥០សង់ទីម៉ែត្រ ប្រវែងចាប់ពី ៣ម៉ែត្រដល់ ៥ម៉ែត្រ។
បណ្ដាញសហគមន៍បានបន្តទៀតថា ក្រុមកម្មករទាំងនោះបានចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ ស្ថិតនៅចំណុចអូរគោល ភ្នំផែង និងបុសរាំង ដែលជាកន្លែងស្តុកទុកឈើរបស់ក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ហៅក្រុមហ៊ុន៩៧។
កាលពីថ្ងៃទី២២ ខែកញ្ញា របាយការណ៍ស្រាវជ្រាវដែលមានកម្រាស់ ៥៣ទំព័ររបស់អង្គការគំនិតផ្ដួចផ្ដើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ ដែលបានរៀបរាប់អំពីមែកធាងនៃការកាប់ឈើដោយខុសច្បាប់នៅកម្ពុជា។

មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ថ្លែងថា ការកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ប្រៀបដូចជាការបំផ្លាញជីវភាពសហគមន៍ដែលរស់នៅពឹងអាស្រ័យលើផលអនុផលព្រៃឈើនៅតំបន់នោះ។ លោកថា ពលរដ្ឋភាគច្រើនកំពុងប្រឈមពីបញ្ហាសេដ្ឋកិច្ច ដោយសារមានការទន្ទ្រានដីព្រៃ និងលួចកាប់ដើមច្បោះជ័ររបស់សហគមន៍។
មន្ត្រីសម្របសម្រួលគម្រោងរូបនេះបន្ថែមទៀតថា រដ្ឋាភិបាលគួរតែរឹតបន្តឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ចៀសវាងការបណ្តែតបណ្តោយឱ្យជនល្មើសនៅតែបន្តលួចកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ និងព្រៃសហគមន៍បន្តទៀត។
ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» កាលពីឆ្នាំ២០១៦ ដែលមានទំហំជាង ៤៣ម៉ឺនហិកតារ។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធជាមួយបញ្ហាព្រៃឈើនៅកម្ពុជានេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានចេញរបាយការណ៍មួយដោយបង្ហាញថា ព្រៃឈើចំនួនជាង ៦ពាន់ហិកតារ (៦២៧១ហិកតារ) ស្ថិតក្នុងដែនជម្រកសត្វព្រៃចំនួនពីរត្រូវបានកាប់បំផ្លាញ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច៕