31 C
Phnom Penh

លោក ពូទីន អនុម័ត​ច្បាប់​អាជ្ញាសឹក​លើ​តំបន់​៤​ដែល​យក​ពី​អ៊ុយក្រែន តើ​លោក​ធ្វើ​ដូចនេះ​ដើម្បី​អ្វី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស​ផ្ដល់​អំណាច​បន្ទាន់​ឱ្យ​មេដឹកនាំ​តំបន់​ចំនួន​បួន​ដែល​ទើប​កាត់​យក​ចេញពី​អ៊ុយក្រែន តាម​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​អង្គការ​សហប្រជាជាតិ​ថ្កោលទោស ថា​ជា​ទង្វើ​ខុស​ច្បាប់ និង​រំលោភ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

តាម​សារព័ត៌មាន Washington post តំបន់​ចំនួន​បួន​នេះ គឺ​តំបន់​ដូណេត តំបន់​លូហាន់ នៅ​ភាគ​ខាងកើត តំបន់​ខឺសុន និង​តំបន់​ហ្សាប៉ូរីហ្ស៊ីយ៉ា នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ឱ្យ​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក។

នៅ​ក្នុង​ការ​ចាក់​ផ្សាយ​របស់​ទូរទស្សន៍​រុស្ស៊ី លោក ពូទីន បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី ថា ច្បាប់​នេះ​មាន​គោលដៅ​ការពារ​សុវត្ថិភាព​របស់​ប្រជាជន និង​ប្រឆាំង​ជន​ណា​ដែល​មក​បង្កប់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។

តែ​អ្នកវិភាគ​ចាត់ទុក​ក្រឹត្យ​ច្បាប់​អាជ្ញាសឹក​របស់​លោក ពូទីន មាន​ន័យ​ថា រុស្ស៊ី​មិន​ចោល​ក្បួន​ក្នុង​ការ​ពង្រីក​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា​ក្រោម​ប្រព័ន្ធ​ច្បាប់​របស់​រុស្ស៊ី​ដ៏​អាក្រក់​នេះ​ទេ។

តើ​ច្បាប់​អាជ្ញាសឹក​របស់​លោក ពូទីន មាន​អ្វី​នៅ​ពីក្រោយ?

យោង​តាម​ស្មារតី​នៃ​ច្បាប់​អាជ្ញាសឹក​នេះ គឺជា​ការ​ពង្រីក​អំណាច​របស់​យោធា និង​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ដែល​អនុញ្ញាត​ឱ្យ​យោធា​អនុវត្ត​បម្រាម​គោចរ ហើយ​រឹតត្បិត​សេរីភាព​នៃ​ការ​ដើរហើរ​របស់​ប្រជាជន រឹបអូស​ទ្រព្យសម្បត្តិ​ស៊ីវិល។ ពួក​យោធា​ត្រូវ​តាមដាន​ការ​ទាក់ទង​របស់​ប្រជាជន និង​បញ្ជា​ឱ្យ​ពលរដ្ឋ​កសាង​ទីក្រុង​ដែល​បែកបាក់​ជាមួយ​កម្លាំង​អាជ្ញាធរ។

បើ​តាម​លោក Mark Bergmann ដែល​ជា​នាយក​កម្មវិធី​អឺរ៉ុប​នៃ​មជ្ឈមណ្ឌល​សម្រាប់​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ យល់​ឃើញ​ថា ច្បាប់​អាជ្ញាសឹក​នេះ​មាន​អំណាច​ព្យួរ​នូវ​អភិបាលកិច្ច​ទូទៅ​នៃ​សេដ្ឋកិច្ច និង​នីតិរដ្ឋ។

លោក​ថា ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​យោធា​រឹបអូស​ទ្រព្យសម្បត្តិ​ស៊ីវិល ដូចជា​អគារ​លំនៅឋាន និង​អនុញ្ញាត​ឱ្យ​កងទ័ព​សម្លាប់​ប្រជាជន​បាន​ទៀត​ផង។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ក្រុង​មូស្គូ​មិន​បាន​គ្រប់គ្រង​ទាំងស្រុង​នូវ​តំបន់​ចំនួន​បួន​នោះ​ទេ។ ដូចនេះ គេ​មិន​ប្រាកដ​ថា ក្រុង​មូស្គូ​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​បញ្ញត្តិ​ទាំងនោះ​ឬ​អត់ ហើយ​ថា​តើ​គេ​អាច​ធ្វើ​ឱ្យ​មាន​ស្ថានភាព​ខុស​ពី​លក្ខខណ្ឌ​នៃ​ការ​កាន់កាប់​យោធា​ដែរ​ឬ​ទេ។

បើ​តាម​អ្នកវិភាគ Mark Bergmann ក្រឹត្យ​ច្បាប់​នេះ​អនុវត្ត​នូវ​អ្វី​ដែល​រុស្ស៊ី បាន​កាន់កាប់ ដូចជា​ការ​បោះឆ្នោត​នៅ​ក្នុង​តំបន់​ដែល​ជា​ផ្នែក​មួយ​ត្រូវ​គេ​ចាត់ទុក​ថា​តម្រូវ​ឱ្យ​ប្រជាជន​រុស្ស៊ី ស្ថិត​ក្រោម​រដ្ឋបាល​នៃ​សមត្ថភាព​របស់​កងទ័ព​រុស្ស៊ី។ ច្បាប់​នេះ លោក​ក៏​ចាត់ទុក​ថា​ជា​ឱកាស​ដែល​ទ័ព​រុស្ស៊ី​អាច​ប្រមូល និង​កាន់កាប់​ធនធាន​បាន​កាន់តែ​ច្រើន ហើយ​អាច​ដល់​ការ​ចាប់​មនុស្ស​តាម​ដងផ្លូវ ដើម្បី​ឲ្យ​កាន់​អាវុធ​ទៅ​ប្រយុទ្ធ​ជាមួយ​នឹង​ទ័ព​អ៊ុយក្រែន។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ថា​ជា​រឿង​ដ៏​កម្រ​ណាស់​ដែល​ក្រុង​មូស្គូ ដាក់​ច្បាប់​អាជ្ញាសឹក​នេះ។ ក្រុង​មូស្គូ មិន​បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក​តាំងតែ​ពី​សហភាព​សូវៀត ប្ដូរ​ខ្លួន​ជា​រុស្ស៊ី​ទំនើប​ដូច​សព្វថ្ងៃ។

អ្នកវិភាគ​រូប​នេះ​ថា អស់​រយៈពេល​ជាច្រើន​ទសវត្ស​ហើយ ទោះ​រុស្ស៊ី​លុកលុយ​ប្រទេស​ជិតខាង​ដូច​ប្រទេស​ចចជា អ៊ុយក្រែន ហើយ​លោក ពូទីន លើក​ទ័ព​អន្តរាគមន៍​នៅ​ស៊ីរី ក៏​ជម្លោះ​ទាំងនោះ​គ្មាន​ដល់​ការ​កេណ្ឌ​ទ័ព​គ្មាន​រៀបរយ​ដូច​សព្វថ្ងៃ​នេះ​ទេ។

លោក​ថា កាល​ក្នុង​អំឡុង​សហភាព​សូវៀត​ធ្វើ​សង្គ្រាម ក៏​ពេល​នោះ​សហភាព​សូវៀត​មាន​ទ័ព​ច្រើន​ជាង​នេះ​ទៀត ក៏​ប្រើ​ត្រឹម​ទ័ព​ធម្មតា។ តែ​ពេលនេះ លោក ពូទីន កំពុង​ផុង​ខ្លួន​ក្នុង​សង្គ្រាម​អ៊ុយក្រែន ហើយ​រុញ​ឲ្យ​ប្រជាជន​រុស្ស៊ី​ទៅ​ស្លាប់​យ៉ាង​ច្រើន។

ប្រជាជន​រុស្ស៊ី​ត្រូវ​បាន​ប្រាប់​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស តែ​បែរ​ជា​កេណ្ឌ​ទ័ព​ដូច​ជំនាន់​សង្គ្រាម​លោក​លើក​ទី​២។

តើ​កម្រិត​នៃ​ការ​ប៉ះពាល់​នៃ​ក្រឹត្យ​ច្បាប់​អាជ្ញាសឹក​មាន​វិសាលភាព​ប៉ុនណា?

បន្ថែម​ពី​នេះ ការ​ប្រកាស​នៃ​ច្បាប់​អាជ្ញាសឹក​នេះ លោក ពូទីន បាន​ដាក់​កម្រិត​លើ ២៦​តំបន់​រួម​មាន​ក្រុង​មូស្គូ ដែល​អ្នកជំនាញ​ខ្លះ​និយាយ​ថា ជា​ការ​ប៉ះពាល់​ទ្រង់ទ្រាយ​ធំ​នៃ​សេដ្ឋកិច្ច​ប្រទេស​រុស្ស៊ី។

នៅ​តំបន់​ជិត​នឹង​ព្រំដែន​អ៊ុយក្រែន ដូចជា​តំបន់ Krasnodar តំបន់ Belgorod តំបន់ Bryansk តំបន់ Voronezh តំបន់ Kursk and Rostov និង​តំបន់ Crimea ក៏​ត្រូវ​រឹត​បន្តឹង​ក្នុង​ចំណាត់ការ​សង្គ្រាម តែ​តំបន់​ទាំងនេះ​មាន​កម្រិត​តិច​ជាង​តំបន់​ចំនួន​បួន​ខាងលើ​នេះ។

វិធានការ​នេះ​ក៏​មាន​កម្រិត​ថ្មី​មួយ​ទៀត​នៃ​ឧស្សាហកម្ម គឺជា​ការ​ដាក់​លើ​គោលបំណង​សហគ្រិន​ក្នុង​ការ​គាំទ្រ​វិស័យ​យោធា។

អ្នកវិភាគ Mark Bergmann យល់​ទៀត​ថា នេះ​គេ​ហៅ​ថា​ជា​យុទ្ធសាស្ត្រ​កង្កែប​លោត ដែល​ធ្វើ​ឲ្យ​ច្របល់​ដល់​អារម្មណ៍​សាធារណជន​រុស្ស៊ី។

សម្រាប់​លោក Oleksiydanilov ជា​រដ្ឋលេខាធិការ​នៃ​ក្រុមប្រឹក្សា​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ​អ៊ុយក្រែន បាន​លើកឡើង​ថា វិធានការ​នៃ​ការ​កាត់​យក​ដី​អ៊ុយក្រែន ចូល​ជា​ឧបសម្ពន្ធ គឺ​រុស្ស៊ី​បាន​ដឹក​ប្រជាជន​ឲ្យ​រស់នៅ​តំបន់​នោះ តែ​ដល់​ពួកគាត់​មិន​អាច​ស៊ូទ្រាំ​រស់នៅ​លើ​តំបន់​នោះ គឺ​លោក ពូទីន ក៏​បង្កើត​ច្បាប់​អាជ្ញាសឹក​ដូចនេះ។ លោក​យល់​ថា រុស្ស៊ី​ពិត​ជា​កំពុង​រក​ទៅ​ផ្លូវ​នៃ​ការ​ចាញ់​សង្គ្រាម ទើប​លោក ពូទីន ចេញ​ក្រឹត្យ​ច្បាប់​សឹក​ដូចនេះ។

សម្រាប់​អ្នកវិភាគ Mark Bergmann ថា​ច្បាប់​សឹក​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​អ្វី​ទេ ព្រោះ​វា​ស្ថិត​នៅ​លើ​ទឹកដី​របស់​អ៊ុយក្រែន ហើយ​ម្យ៉ាង​ទៀត តំបន់​ទាំង ៤ នេះ មិន​ប្រាកដ​ថា​រុស្ស៊ី​អាច​កាន់កាប់​បាន​ច្រើន​ថ្ងៃ​ទៀត​នោះ​ទេ ព្រោះ​ទ័ព​អ៊ុយក្រែន កំពុងតែ​វាយ​រំដោះ​បាន​ជា​បណ្ដើរៗ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស