34 C
Phnom Penh

ប្រធាន​ស្នាក់ការ​ច្រក​ព្រះអាទិត្យ​បើក​ផ្លូវ​ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ភូមិ​អូរពកសាមគ្គី ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ អះអាង​ថា ប្រធាន​ស្នាក់ការ​ព្រះអាទិត្យ​នៅ​ក្នុង​តំបន់​ព្រៃឡង់ លោក កែ គីលីន បើក​ដៃ​ឱ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ និង​គំរាម​ប្តឹង​ពលរដ្ឋ​ដែល​ថតរូប​គោយន្ត​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់​ទៀត​ផង។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​អូរពកសាមគ្គី បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា រូបលោក​បាន​ប្រទះ​ឃើញ​គោយន្ត​ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ខាង​ណា​ចុះ​បង្ក្រាប​នោះ​ទេ។ ក្រុម​សមត្ថកិច្ច​ទាំងនោះ​បាន​គំរាម​រូបលោក​មិន​ឲ្យ​ថតរូប​គោយន្ត​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នោះ បើ​នៅតែ​បន្ត​ថត​រូប​ទៀត ពួកគេ​នឹង​ប្ដឹង។

លោក​បន្ថែម​ទៀត​ថា ពួក​ឈ្មួញ​ឈើ​ទាំងនោះ​អះអាង​ថា គ្មាន​នរណា​អាច​ប៉ះពាល់​ពួកគេ​បាន​នោះ​ទេ ដោយ​ពួកគេ​បាន​បង់​ប្រាក់​ជា​ប្រចាំ​ខែ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងនោះ​អស់​ហើយ។

ប្រជាពលរដ្ឋ​ភូមិ​អូរពកសាមគ្គី បាន​លើកឡើង​ថែម​ទៀត​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​នេះ​ក្នុង​មួយ​ថ្ងៃ​មាន​គោយន្ត​ដឹក​ឈើ​ចាប់ពី ៥​គ្រឿង​ឡើង​ទៅ ដឹក​ចេញពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ តាម​ច្រក​ទីស្នាក់ការ​ព្រះអាទិត្យ​ដែល​មាន​លោក កែ គីលីន ជា​ប្រធាន​ទីស្នាក់ការ​នៅ​តំបន់​នោះ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​ទីស្នាក់ការ​ព្រះអាទិត្យ​បាន​នោះ​ទេ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។

ទាក់ទង​ទៅ​នឹង​ការ​កាប់​ឈើ និង​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នេះ​ដែរ បណ្ដាញ​សហគមន៍​ព្រៃឡង់​ថ្មីៗ​នេះ​បាន​ចុះ​ល្បាត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ តែងតែ​ជួបប្រទះ​នូវ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការពារ​មួយ​នេះ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​តែងតែ​ច្រានចោល​រាល់​ការ​រក​ឃើញ​របស់​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល។

កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា អង្គការ​គំនិត​ផ្ដួចផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូប៊ល អ៊ីននីហ្សីអេធីវ បាន​ចេញ​សេចក្តី​រាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ បាន​រៀបរាប់​អំពី​មែកធាង​នៃ​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា ដោយ​រំលេច​អំពី​ដំណើរការ​នៃ​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​លើ​ក្រុម​ឧកញ៉ា​ដែល​ជា​ឈ្មួញ​រកស៊ី​ព្រៃឈើ​ខ្មែរ។ សេចក្តី​រាយការណ៍​មួយ​នេះ​ក៏​បាន​បង្ហាញ​ពី​អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ការ​បង់​ប្រាក់ ដើម្បី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញពី​ប្រទេស​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស